គន្លឹះ​សំខាន់​បីយ៉ាង​ក្នុងការ​ព្យាបាល​ការ​ក្អក​របស់​កូនតូចៗ​

451

​ទារក​អាច​នឹងមាន​អារម្មណ៍​ចាញ់​អាកាសធាតុ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ជាពិសេស តែងតែ​កើត​អាកា​រៈ​ផ្តាសាយ និង​ក្អក​ជា​ញឹកញាប់​។ ក្នុងនាម​ជា​ឪពុកម្តាយ អ្នកនឹង​ច្បាស់​ថា កូន​អ្នក​កំពុងតែ​ឈឺ ឬ​អត់​ហើយ​សម្រាប់​អាកា​រៈ​ផ្តាសាយ​នេះ ហើ​យ្ន​ក​ក៏​នឹង​ចង់​ធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​ជួយ​សម្រាល​រោគសញ្ញា​របស់​ពួកគេ​។ ប៉ុន្តែ​អ្នក​ពិតជា​មិន​គួរតែ​ភ័យ​ខ្លាំង​ឡើយ​នៅពេល​កូន​ចាប់ផ្តើម​កណ្តាស ឬ​ក្អក ដោយសារតែ​ក្នុងផ្ទះ​អ្នក​ក៏មាន​របស់​ជាច្រើន​ជួយ​សម្រាល​ដល់​ការ​ក្អក​របស់​ពួកគេ​បានដែរ​។

​សម្រាក​
​វិធីសាស្ត្រ​ដំបូង​គេ​ដែល​អាចជួយ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ធូរស្រាល​ពី​ការ​ក្អក​គឺ​ឲ្យ​គេ​សម្រាក ឬ​គេង​ច្រើនជាង​ធម្មតា​។ វា​គឺ​ស្ថិតក្នុង​ដំណាក់​កាលដែល​រាងកាយ​របស់​ក្មេង​អាច​ចាប់ផ្តើម​ជា​វិញ​ដោយ​ខ្លួនឯង​តែម្តង​។ ចូរ​រៀបចំ​កន្លែង​ដែល​ស្ងាត់​សម្រាប់​គេ​ដើម្បី​ទទួលបាន​ការ​គេង​គ្រប់គ្រាន់ និង​ប្រាកដថា ពួកគេ​គេង​ប្រកបដោយ​ផាសុកភាព​ផង​។

​ស៊ុប​
​វា​គឺជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​ទោះបីជា​ពួកគេ​មាន​ជំងឺ​ក៏ដោយ ព្រោះ​ការ​ខ្សោះ​ជាតិ​ទឹក​អាច​ខាប​យក​ភាពរឹងមាំ​របស់​ពួកគេ និង​ធ្វើ​ឲ្យ​អាកា​រៈ​ក្អក និង​ផ្តាសាយ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។ យក​ល្អ អ្នក​គួរតែរៀបចំ​ស៊ុប​ដែលមាន​ជីវជាតិ​ច្រើន និង​ឆ្ងាញ់ ផង​សម្រាប់​បញ្ចុក​កូនតូចរ​បស់​អ្នក​។ ក្នុង​ពេលនេះ កូន​ប្រហែលជា​មិនមាន​អារម្មណ៍​ចង់​ញ៉ាំ​ទេ តែ​អ្នក​ត្រូវតែ​អត់ធ្មត់​ចំពោះ​រឿងនេះ​បន្តិច​ជាពិសេស​លួង​គេ​ឲ្យ​ចូលចិត្ត​ញ៉ាំ​តែម្តង ព្រោះ​វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ក្មេង​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាយ​កាយ​ច្រើន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​។

​ស្ទី​ម​
​ការ​ស្ទី​ម​គឺជា​មធ្យោបាយ​មួយ​ផ្សេងទៀត​ដើម្បី​ជួយ​ព្យាបាល​ការ​ក្អក​របស់​ទារក​តូច​។ អ្នក​អាច​ប្រើ​វិធី​ផ្តល់​សំណើម​ក្នុង​បន្ទប់​ដែល​គេង​រស់នៅ​ជាមួយ​ម៉ាស៊ីន​ផ្តល់​សំណើម​ក្នុង​បរិយាកាស ព្រោះ​វា​អាចជួយ​ឲ្យ​គេ​ស្រួល​ដកដង្ហើម​ជាង​មុន​។ អ្នក​អាច​ដាំទឹក​ឲ្យ​ពុះ ហើយ​ដាក់​ក្នុង​ចាន ហើយ​ប​បន្តក​ប្រេង​ដូចជា ប្រេង​ជី​អង្កាម ហើយ​ដាក់​ឲ្យ​ក្មេង​ស្រូប​ផ្សែង​ចេញពី​ទឹក​ដែល​ពុះ​នោះ​។ ក្រោយមក គេ​នឹង​ដកដង្ហើម​កាន់តែ​ស្រួល​៕ ដោយ​: www.health.com.kh /
​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​