គម្រោងការពារទឹកជំនន់និងកែ​​លម្អ​ប្រព័ន្ធប្រឡាយ លូជំហាន​ទី៤​​របស់ចៃកា JICAអនុវត្តបានប៉ុន្មាន​ហើយ​

56
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ គម្រោងការពារទឹកជំនន់និងកែលម្អរប្រព័ន្ធប្រឡាយ លូ ក្នុងភ្នំពេញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានឈានមកដល់ការអនុវត្តគម្រោងជំហានទី៤ហើយ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវការអនុវត្តគម្រោងចំនួន៣រួចហើយ ។ តើដឹងថាគម្រោងការពារទឹកជំនន់និងកែលំអរប្រព័ន្ធប្រឡាយ លូ ជំហានទី៤ របស់ចៃកា JICAដែលបាននិងកំពុងអនុវត្តនេះ ក្រុមការងាររបស់ចៃកាអនុវត្តបានប៉ុន្មានភាគរយហើយ និងមានប្រយោជន៍អ្វីខ្លះសម្រាប់រាជធានីភ្នំពេញ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានដឹងកាលពីរសៀលថ្ងៃទី១៣ កុម្ភះនេះថា៖ គម្រោងការពារទឹកជំនន់និងកែលំអរប្រព័ន្ធប្រឡាយលូក្នុងភ្នំពេញទី៤ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះគឺជាសមិទ្ធផលទី៤នៃគម្រោងអាទិភាពនានាដែលបានលើកឡើងក្នុងគម្រោងផែនការការពារទឹកជំនន់និងការកែលម្អប្រឡាយលូមេក្នុងរាជធានីភ្នំពេញដែលទីភ្នាក់ងារចៃកាបានសិក្សាពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ១៩៩៩បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវការអនុវត្តគម្រោងចំនួន៣ ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ។

គម្រោងការពារទឹកជំនន់និងកែលម្អល្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហាន ទី៤នេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងក្នុងតំបន់ខាងជើងវត្តភ្នំ តំបន់ទួលគោកដែលរួមមានបណ្ដាញសំណង់សំខាន់ដូចជា ៖ កែលម្អប្រព័ន្ធប្រឡាយលូ ក្នុងតំបន់ប៉ែកខាងជើងវត្តភ្នំក្នុងខណ្ឌដូនពេញ ក្នុងនោះរួមមាន បណ្ដាញលូមេថ្មីប្រវែង ២៧៦៦ម៉ែត្រ សាងសង់អាងស្តុកទឹកក្រោមដីដែលមានសមត្ថភាពផ្ទុកទឹកជំនួន ៦៥០០ ម៉ែត្រគុប និងស្ថានីយបូមទឹកដែលមានសមត្ថភាពបូមបាន ១,៤ ម៉ែត្រគុបក្នុងមួយវិនាទី នៅសួនច្បារខាងកើតអាគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ជាប់ដងទន្លេសាប បំពាក់របាត្រងសំរាមមេកានិចស្វ័យប្រវត្តិនៅស្ថានីយ៍បូមទឹកចតុមុខ ស្ថានីយបូមទឹកព្រះគន្លង់ ស្ថានីយបូមទឹកផ្សារកណ្ដាលនិងស្ថានីយបូមទឹកផ្សារចាស់ ដែលសាងសង់ក្នុងគម្រោងជំហានទីពីរ ។

ដាក់បណ្ដាញលូ ទឹកកខ្វក់ប្រវែង១៥៥២ម៉ែត្រ តាមផ្លូវព្រះស៊ីសុវត្តិ ចាប់ពីអាងស្តុកទឹកក្រោមដីកាត់តាមផ្លូវលេខ ៨០ ផ្លូវលេខ៤៧ និងកាត់ក្រោមរង្វង់មូលគួចកាណុងមកស្ថានីយបូមទឹកក្រោមដី(Manhole Pump)ដែលត្រូវសាងសង់ថ្មីដើម្បីបូមបញ្ជូនទឹកកខ្វក់ទៅបណ្ដាញលូមេនៅផ្លូវលេខ ៧០ ។ កែលម្អរប្រព័ន្ធបណ្ដាញលូក្នុងតំបន់ខណ្ឌ ទួលគោកដោយជួយដាក់បណ្ដាញលូមេថ្មីប្រវែង៧៩៥១ ម៉ែត្រ ។

គម្រោងនេះបានចាប់ផ្ដើមអនុវត្តកាលពីខែធ្នូឆ្នាំ២០១៨ ហើយគិតមកដល់ចុងខែមករាឆ្នាំ២០២០ នេះសរុបលទ្ធផលការងារទូទៅ សម្រេចបាន ២៩,៨ភាគរយនៃផែនការសាង សង់ ហើយសរុបបណ្ដាញលូដែលបានដាក់រួចរាល់ មានចំនួន ៣៤២០ ម៉ែត្រ ក្នុងនោះបណ្ដាញលូមេប្រវែង២៨៧៥ ម៉ែត្រ និងបណ្ដាញលូទាក់ទឹកកខ្វក់ប្រវែង ៥៤៥ ម៉ែត្រ ។

បន្ថែមពីលើនេះទៀតនៅពេលបច្ចុប្បន្ននេះទីភ្នាក់ងារចៃការបានផ្ដល់ហិរញប្បទានឥតសំណងគម្រោងកែលម្អប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញសម្រាប់សាងសង់ស្ថានីយប្រត្តិកម្មទឹកកខ្វក់នៅជើងឯកខណ្ឌមានជ័យ មានសមត្ថភាពចម្រុះទឹកកខ្វក់ ចំនួន ៥០០០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃដែលជាគម្រោងអាទិភាពទី១ក្នុងផ្នែកគ្រប់គ្រងទឹកកខ្វក់នៃផែនការមេកែលម្អប្រព័ន្ធប្រឡាយលូនិងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលជាទីភ្នាក់ងារចែការបានធ្វើបច្ចុប្បន្នភាពរួចហើយកាលពីខែធ្នូឆ្នាំ ២០១៦កន្លងមក ហើយនៅពេលនេះក្រុមសិក្សាចៃកា កំពុងបន្ដការសិក្សាលម្អិតគម្រោង។

សម្រាប់គម្រោងបន្ទាប់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញគ្រោងនឹងរៀបចំស្នើសុំហិរញ្ញប្បទានឥតសំណងពីប្រទេសជប៉ុន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី៥ ដែលជាគម្រោងអទិភាពទី១ក្នុងផ្នែកការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូបង្ហូរទឹកក្នុងផែនការមេនេះផងដែរ៕B/