គម្រោងមជ្ឈមណ្ឌលសន្និសីទអន្តរ​​ជាតិ​ឆ្នេរមាសឆ្នេរប្រាក់ចំណាយទុន​ប្រមាណ៥០០លានដុល្លារអាមេរិក

199
ចែករម្លែក

ដោយ:សរិទ្ធ/ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩ ស្ថិតនៅសណ្ឋាគារ Rosewood បានធ្វើសន្និសីទកិច្ចប្រជុំវាយតម្លៃគម្រោងសាងសង់មជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ ដែលចំណាយទុនប្រមាណ ៥០០លានដុល្លារ ដែលនេះគឺជាគម្រោងជាតិខ្នាតធំ នៅកម្ពុជាដែលត្រូវបានរៀបចំ និងវិនិយោគដោយក្រុមហ៊ុន យិះចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី។

ទន្ទឹមនឹងនេះក៏មានចូលរួមពីលោក Yang Jianping ជានាយកប្រតិបត្តិក្រុមហ៊ុន យូណាយ លោក Fu Xianting ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន យិៈចៀ និង ក្រុមហ៊ុន យូណាយ លោក Li Shuming តំណាងសមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិចិន ឯកឧត្តម ស្រ៊ុន ដារិទិ្ឋ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ធៀវ សុវណ្ណារិទ្ឋ តំណាងក្រុមហ៊ុន យិៈចៀ និង លោក Hua Lei តំណាងក្រុមហ៊ុនឌីហ្សាញចិន HMD និង ភ្ញៀវកិត្តិ យសមួយចំនួនទៀត។

គម្រោងនេះមានទីតាំងក្នុងតំបន់វិស្សមកាលទេសចរណ៍អន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ ស្ថិតក្នុងឧទ្យានជាតិព្រះសីហនុរាម ខេត្តព្រះសីហនុ មានផ្ទៃដីជាង២០ហិកតា ។គម្រោងនេះបែងចែកជាពីរផ្នែក មួយផ្នែកជាមជ្ឈមណ្ឌលសន្និសីទ ដែលអាចផ្ទុកមនុស្សបានរាប់ម៉ឺននាក់និងអាចរៀបចំកិច្ចប្រជុំឬពិព័រណ៍អន្តរជាតិ និងមួយផ្នែកទៀតជាសណ្ឋាគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិលំដាប់ផ្កាយប្រាំជាប់សមុទ្រ ដែលអាចផ្ទុកមនុស្សបានរាប់ពាន់នាក់ក្នុងពេលតែមួយ។ មជ្ឈមណ្ឌលសន្និសីទនេះ ត្រូវបានជ្រើសរើសសាងសង់នៅក្នុងព្រៃត្រូពិក បែរមុខទៅសមុទ្រ ហើយអគារទាំងមូលមានភាពស្រស់ស្អាតនិងផ្តល់អារម្មណ៍អាថ៌កំបាំង។ អ្នកជំនាញផ្នែកឌីហ្សាញចិនបានដាក់បញ្ចូលបច្ចេកវិទ្យានិងសម្ភារថ្មីៗលំដាប់អន្តរជាតិជាច្រើនដូចជា ការប្រើប្រាស់ដំបូលថាមពលពន្លឺព្រះអាទិត្យ ប្រព័ន្ឋត្រួតពិនិត្យសុវត្ថិភាពសម្គាល់មុខ ប្រព័ន្ឋសម្រួលខ្យល់ចេញចូលបរិសុទ្ឋ និងសណ្ឋាគារផ្តល់សេវាដោយមនុស្សយន្តជាដើម។

លោក Fu Xianting បានឡើងថ្លែងសន្ទរកថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការខិតខំប្រឹងប្រែងរបស់វិនិយោគិននិងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងចិន ពួកយើងបានជំនះរាល់ការលំបាកនិងបានបញ្ចប់បែបបទនីតិវិធីច្បាប់របស់តំបន់វិស្សមកាលទេសចរណ៍អន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ ដែលស្ថិតនៅក្នុងឧទ្យានជាតិព្រះសីហនុរាម ខេត្តព្រះសីហនុព្រមទាំងបានរៀបចំហេដ្ឋារចនាសម្ពន្ឋ័គ្រប់គ្រងក្នុងការអភិវឌ្ឍន៍ខ្នាតធំ។ដើម្បីបំពេញនូវភាពខ្វះខាតនេះ ក្រោមការគំាទ្រពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Chen Yuan ប្រធានសមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិចិន ពួកយើងបានសម្រេចចិត្តដាក់ទុនជាច្រើនដើម្បីវិនិយោគសាងសង់ មជ្ឈមណ្ឌលសន្និសីទឆ្នេរមាសឆ្នេរប្រាក់ លំដាប់ពិភពលោក។មជ្ឈមណ្ឌលសន្និសីទអន្តរជាតិនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនឌីហ្សាញចិនHMD។

លោក Li Shuming បានថ្លែងថា គម្រោងសាងសង់ មជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ ត្រូវបានសិក្សានិងកំណត់រួមដោយ ឯឧត្តមប្រធាន Chen Yuan និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសាឆ្នាំនេះ។ វាគឺជាគម្រោងវិនិយោគចិនដ៏សំខាន់មួយនៅកម្ពុជា ដែលបង្ហាញពីការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលមានខេត្តព្រះសីហនុ និងតំបន់ឆ្នេរមាសឆ្នេរប្រាក់ជាក្បាលម៉ាស៉ីនក្នុងការជំរុញអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចពីភ្នំពេញទៅខេត្តព្រះសីហនុនិងពន្លឿនជំហានក្នុងការអភិវឌ្ឍន៍និងការសាងសង់នគរូបនីយកម្មក្នុងប្រទេសកម្ពុជា។

លោកស្រ៊ុន ដារិទ្ឋិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងសន្ទរកថា “ខ្ញុំមានក្តីសោមនស្សរីករាយដែលបានតំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមក្នុងពិធី កិច្ចប្រជុំវាយតម្លៃគម្រោងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់”។

គោលបំណងនេះ គឺមកមើលនិងស្តាប់នៃការធ្វើបទបង្ហាញនៃគម្រោងសាងសង់មជ្ឈ​មណ្ឌលសន្និសីទអន្តរជាតិ។ខេត្តព្រះសីហនុ ជាខេត្តមួយក្នុងចំណោមខេត្តទាំង២៤ ដែលមានការរីកចំរើនខ្លាំង។ ក្នុងនាមខ្ញុំផ្ទាល់ពិតជាមិនស្ទាក់ស្ទើរក្នុងការចង់ឃើញគម្រោងដ៏ស្រស់ស្អាតនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ថ្ងៃនេះ គឺយើងមើលសម្រស់​វាថាស្អាតប៉ុណ្ណា មុខងារនៃអគារមានសារៈសំខាន់យ៉ាងម៉េច រចនាបទយ៉ាងម៉េច យើងពេញចិត្​តអត់? គម្រោងនេះពិតជាមានសារប្រយោជនិងជួយលើកមុខមាត់ដល់ខេត្ត នឹងមានរឿងកើតល្អៗកើតឡើងច្រើនទៀតនៅខេត្ត។លោក ធៀវ សុវណ្ណារិទ្ឋ រាយការណ៍អំពីវឌ្ឍនភាពគម្រោងឆ្នេរមាសឆ្នេរប្រាក់ ទីក្រុងថ្មីព្រះសីហនុ តំបន់វិស្សមកាលទេសចរណ៍អន្តរជាតិឆ្នេរមាសឆ្នេរប្រាក់មានទីតាំងស្ថិរនៅភាគខាងកើតនិងមានចម្ងាយ​៧,៣គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដែលមានផ្ទៃដីសរុបប្រមាណ ៣៣០០ហិកតា ដោយសារឆ្នេរនេះត្រូវបានទឹកសមុទ្រចែកចេញជាពីរ មួយពណ៍សនិងមួយពណ៌លឿង។

ដូច្នេះត្រូវបានគេដាក់ឈ្មោះថាឆ្នេរមាសឆ្នេរប្រាក់។ តំបន់វិស្សមកាលនេះសាងសង់ឡើងនៅចុងឆ្នាំ២០១១ ហើយគម្រោងនេះមានផែនការមេសំខាន់ៗដូចជា ផែនការមេនៃតំបន់ឆ្នេរប្រាក់ ផែនការមេនៃតំបន់ឆ្នេរមាស ផែនការមេនៃការប្រើប្រាស់ដី ផែនការមេវិនិយោគហេដ្ឋារចនាសម្ពន្ឋ័ ក្លោងទ្វារធំតំបន់ឆ្នេរមាសឆ្នេរប្រាក់ និងគម្រោងផ្សេងទៀតដែលកំពុងសាងសង់នៅតំបន់ឆ្នេរមាសឆ្នេរប្រាក់។

លោក Hua Lei ធ្វើការណែនាំអំពីគម្រោងនិងចំណុចពិសេសក្នុងការឌីហ្សាញមជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ ៖ អត្ថន័យក្នុងការសាងសង់ ជានិមិត្តរូបមិត្តភាពរវាងប្រទេសចិននិងប្រទេសកម្ពុជា ជាកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍មិត្តភាពសកលលោក ជាមូលដ្ឋានដែលប្រជាជនកម្ពុជាបង្ហាញអំពីវប្បធម៌ជាតិ ជាកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍វប្បធម៌ពិភពលោកដែលរៀបចំនៅតំបន់រាម និងជាកំណប់ទ្រព្យប្រគល់ជូនប្រជាជនកម្ពុជា ដើម្បីបង្ហាញពីការជំរុញមិត្តភាពចិនកម្ពុជា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។ការណែនាំអំពីសូចនាករសំខាន់ៗ លក្ខណៈបច្ចេកវិទ្យាសំខាន់ៗ អំពីមជ្ឈមណ្ឌលសន្និសីទ និង អំពីសណ្ឋាគារសន្និសីទ។

ជាចុងក្រោយ ថ្នាក់ដឹកនាំក្នុងកិច្ចប្រជុំបានផ្តល់ការវាយតម្លៃខ្ពស់ដល់គម្រោងមជ្ឈ មណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់។ យោងតាមមតិរបស់ភ្ញៀវកិត្តិយស គម្រោងនេះនឹងត្រូវឌីហ្សាញអោយកាប់តែស៊ីជម្រៅបន្ថែមទៀត។ យោងតាមការបកស្រាយរបស់ក្រុមហ៊ុន យិៈចៀ គម្រោងសាងសង់មជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់នឹងចាប់ផ្តើមការងារសាងសង់នៅរដូវប្រាំងឆ្នាំនេះ៕B/