គម្រោង​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់​ក្រុង​សៀមរាប ដំណើរការ​សាងសង់​បាន​ជាង ១៣​ភាគរយ​ហើយ​

237
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប​ ៖ គិត​ត្រឹម​ដំណាច់ខែ​កក្កដា ឆ្នាំ​២០១៩​នេះ គម្រោង​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់​ក្រុង​សៀមរាប ខេត្តសៀមរាប ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ទីប្រជុំជន​ខេត្តសៀមរាប ក្រោម​ឥណទាន​ថវិកា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB អនុវត្ត​គម្រោង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាងសង់​ដោយ​ក្រុមហ៊ុន​Beijing Urban Construction Group (BUCG) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​គោលបំណង​កែលំអ ពង្រីក​សមត្ថភាព​ប្រមូល​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប​រហូតដល់​ឆ្នាំ​២០៤០ បាន​ចាប់ដំណើរការ​ហើយ​។​

អត្ថប្រយោជន៍​នៃ​គម្រោង​នេះ​គឺ ទឹក​កខ្វក់​ដែល​បាន​បញ្ចេញ​ចោល​តាម​បណ្ដាញ​លូ ត្រូវបាន​សម្អាត ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង​លើក​កំពស់​អនាម័យ បរិស្ថាន​ក្រុង​សៀមរាប​ទាំងមូល​ដែលជា​ក្រុង​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ​។

គម្រោង​នេះ​បាន​នឹង​កំពុង​អនុវត្តតាម​បណ្ដោយ​ផ្លូវ​លេខ​២៦៧ មុខ​វត្ត​ចក និង​ឆ្ពោះ​មក​ផ្លូវ​ស៊ីវ​ត្ថា រហូត​ទៅដល់​មុខ​សណ្ឋាគារ​សុខា​អង្គរ ដោយ​ប្រើ​បច្ចេកវិទ្យា​ខួង​បំពង់​ក្រោម​ដី ដែលមាន​ជម្រៅ​ពី​៣ ទៅ ៨​ម៉ែត្រ​។ គិត​ត្រឹម​ខែកក្កដា ឆ្នាំ ២០១៩ នេះ គម្រោង​អនុវត្តបាន​១៣,៦២%​ហើយ នឹង​ឈានទៅ​បញ្ចប់​គម្រោង​ក្នុងអំឡុង​ខែសីហា ឆ្នាំ​២០២០​ខាងមុខ​៕B/