គម្រោង​តារា​សាគរ​-​ឈូង​សមុទ្រ​វែង​នៅ​កោះកុង ដែល​វិនិយោគ​ប្រមាណ​១​ពាន់​លាន​ដុល្លារ បាន​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​

1406
ចែករម្លែក
  • 2
    Shares

​ដោយ:​សុផល​/​កោះកុង ៖ គម្រោង​តារា​សាគរ​-​ឈូង​សមុទ្រ​វែង​ដែល​ស្ថិតនៅ​ខេត្តកោះកុង វិនិយោគ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ដោយ​វិនិយោគិន​ចិន​និង​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នោះ បាន​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​និង​បញ្ចុះបឋមសិលា​នៅ​ព្រឹក​ថ្ងៃទី​២៨ វិច្ឆិកា ២០១៨​។​
​ ​

គម្រោង​នេះ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ពិភពលោក ដោយសារតែ​ធនធានធម្មជាតិ បរិស្ថាន​ស្រស់បំព្រង ឆ្នេរ​ខ្សាច់​ស្អាត ជីវចម្រុះ​បាតសមុទ្រ ព្រៃកោងកាង ។​

​លោក តឹង ភី​ពី​​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Zheng Heng(Cambodia )Co.,Ltd​បាន​ថ្លែងឱ្យដឹងថា​៖​ជាមួយ​ទឹកប្រាក់​វិនិយោគ​១០០​លាន​ដុល្លារ​អាមេរិក គម្រោង​នេះ​គ្របដណ្តប់​ផ្ទៃដី ២០០ ហិកតា ជាមួយនឹង​ការបែងចែក​ជា ៨ ផ្នែក​រួមមាន តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា វិថី​ទស្សនីយភាព​ពាណិជ្ជកម្ម អា​ផាត​មិន​មើលឃើញ​សមុទ្រ វីឡា​ភ្នំ តំបន់​ស្នូល​ទេសចរណ៍ កំពង់ផែ​នាវា​និង​បណ្តុំ​សណ្ឋាគារ​។ បន្ថែម​ទៅលើ​នេះ​ទៀត ក៏​រួមមាន​តំបន់​រមណីយដ្ឋាន​ព្រៃកោងកាង ទីធ្លា​វាយ​កូន​ហ្គោល​លើ​ភ្នំ រមណីយដ្ឋាន​ពាណិជ្ជកម្ម និង​ព្រលានយន្តហោះ​។​

​លោក​បាន​បន្តថា ​ដើម្បី​ឈានទៅរក​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​យុទ្ធសាស្ត្រ​«​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​»​របស់​ប្រទេស​ចិន នៅ​ឆ្នាំ ២០០៨ ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជួល​ដី និង​អភិវឌ្ឍន៍​សម្រាប់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ពិសេស តារា​សាគរ​នេះ​។​ក្រោយពី​បាន​អភិវឌ្ឍ​១០​ឆ្នាំ ក្រុមហ៊ុន Zheng Heng Development​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ប្រកបដោយ​គុណភាព​ខ្ពស់​។​

​លោក តឹង ភី​ពី​​ង បាន​សន្យា​នឹង​បន្ត​អភិវឌ្ឍ​តំបន់​តារា​សាគរ​នេះ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស​និង​ប្រជាជន​ទាំងពីរ​កម្ពុជា ចិន​។​

​លោក ឡៅ សុខា​រ៉ុ​ម អគ្គលេខាធិការ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​កសិកម្ម និង​ជនបទ និង​ជា​តំណាង លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​ថា​៖​លោក​ស្វា​គម​និង​គាំទ្រ​ចំពោះ​ការវិនិយោគ​គម្រោង​តារា​សាគរ​-​ឈូង​សមុទ្រ​វែង ដែល​ស្របតាម​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​។​

​លោក​បាន​បន្ថែមថា​ គម្រោង​នេះ​បាន​ត្រូ​ចុះកិច្ចសន្យា​និង​អនុវត្ត​១០​ឆ្នាំ​មកហើយ​។​នៅ​តំបន់​នេះ​មានការ​អភិវឌ្ឍ​ច្រើន ដូចជា​ផ្លូវធំ​ទូលាយ មាន​អាង​ស្តុក​ទឹក ស្ថា​នី​ិ​យ​អគ្គិសនី កំពង់ផែ សណ្ឋាគារ កន្លែង​វាយ​កូន​ហ្គោល កន្លែង​លំហែកាយ និង​ព្រលានយន្តហោះ​ដែល​កំពុង​ស្ថាបនា​ជាដើម​។​

​លោក ឡៅ សុខា​រ៉ុ​ម បាន​គូសបញ្ជាក់ថា​ ​គម្រោង​តារា​សាគរ​-​ឈូង​សមុទ្រ​វែង​នេះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ផ្តល់​ការងារ ធនធានមនុស្ស បទពិសោធន៍ និង​ជា​គម្រោង​គំរូ​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​៕B/