គម្រោង​ថាមពល​ធំៗ​ចុងក្រោយ​បំផុត​របស់​ចិន​បង្ហាញថា ធ្យូងថ្ម​តិច​ទៀត​លែង​ជា​តម្រូវការ​ទៀតហើយ​

328

​ចិន​ជា​ប្រទេស​បំពុលបរិយាកាស​ដ៏​អាក្រក់​បំផុត​មួយ​នៅក្នុង​ពិភពលោក​។ នៅក្នុង​ទីក្រុង​ធំៗ​ជាច្រើន ផ្សែង​អ័ព្ទ​ក្រាស់​បានកើត​ឡើង​ក្លាយទៅជា​រឿង​ធម្មតា​ទៅហើយៗ​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារតែ​ផ្សែង​អ័ព្ទ​ជា​រៀងរាល់ឆ្នាំ​។​

​យោងតាម​ការសិក្សា​មួយ​ក្នុង​ឆ្នាំ ២០១៦ កត្តារួម​ចំណែក​ធំ​បំផុត​នៃ​ការស្លាប់​ទាក់ទង​នឹង​ការបំពុល​ខ្យល់អាកាស​នៅក្នុង​ប្រទេស​ចិន​គឺ​ការដុត​ធ្យូងថ្ម​។ ក្រុម​អ្នកស្រាវជ្រាវ​ចិន​និង​អាមេរិក​នៅ​ពីក្រោយ​ការស្រាវជ្រាវ​នេះ​បាន​និយាយថា​ការបំពុល​ពី​ធ្យូងថ្ម​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​មុន​អាយុ​ចំនួន ៣៦៦.០០០ នាក់​ក្នុង​ឆ្នាំ ២០១៣​។​

​ដើម្បី​បង្កើន​គុណភាព​ខ្យល់​របស់​ប្រទេស រដ្ឋាភិបាល​ចិន​បាន​ប្តេជ្ញា​ចំណាយ​យ៉ាងហោចណាស់​ចំនួន ៣៦០ ពាន់​លាន​ដុល្លារ​លើ​គម្រោង​ថាមពល​ស្អាត និង​បង្កើត​ការងារ​ថ្មី​ចំនួន ១៣ លាន​ចេញពី​ថាមពល​កកើតឡើង​វិញ​នេះ​នៅ​ឆ្នាំ ២០២០​។ ប្រទេស​ចិន​គឺជា​អ្នកវិនិយោគទុន​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នៅក្នុង​ប្រភព​ថាមពល​កកើត​ឡើងវិញ ដូចជា ថាមពល​ពន្លឺព្រះអាទិត្យ ថាមពល​ទាញ​ពី​ខ្យល់ និង​ថាមពល​វា​រី​អគ្គិសនី​។​

​គម្រោង​ថាមពល​ដ៏​ធំ​បំផុត​របស់​ចិន គឺ​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​បណ្តែត​លើទឹក​ខ្នាត​យក្ស នៅ​តំបន់​អតីត​អណ្តូង​ធ្យូងថ្ម​នៅ​ខេត្ត​អាន​ហ៊ុយ អាចធ្វើឱ្យ​ប្រទេស​នេះ​ខិត​ទៅជិត​គោលដៅ​បំបាត់​ផ្សែង​អ័ព្ទ​។​

​ក្នុង​ឆ្នាំ ២០១៧ កម្មករ​បាន​បើក​ថាមពល​បន្ទះ​សូ​ឡា​ចំនួន ១៦៦.០០០ ផ្ទាំង​ដែល​អាចបង្កើត​ថាមពល ៤០ មេ​ហ្គា​វ៉ា​ត់ គឺ​ល្មម​គ្រប់គ្រាន់​អាច​ផ្គង់​ផ្គង់​ផ្ទះ​ចំនួន ១៥.០០០ ខ្នង​។ នេះ​បើ​យោងតាម​កាសែត South China Morning Post​។ បច្ចុប្បន្ននេះ​វា​ជា​បណ្តាញ​ថាមពលព្រះអាទិត្យ​បណ្តែត​ទឹកធំ​បំផុត​របស់​ពិភពលោក ហើយនឹង​ដំណើរការ​រហូតដល់ ២៥ ឆ្នាំ​។​

​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​ក្នុងស្រុក Sungrow Power Supply បាន​បង្កើត​កសិដ្ឋាន​ថាមពលព្រះអាទិត្យ​នេះ​នៅលើ​បឹង​ដែល​ធ្លាប់ជា​កន្លែង​រុករក​រ៉ែ​ធ្យូងថ្ម​។ បន្ទាប់ពី​ការផ្ទុះ​មួយ​បណ្តាលឱ្យ​អណ្តូងរ៉ែ​ដួលរលំ វា​ក៏​ក្លាយជា​បឹង​ដ៏​ធំ​។ ដូចដែល​កាសែត The Guardian បានកត់សម្គាល់ ការកសាង​រោងចក្រ​ថាមពលព្រះអាទិត្យ​នៅលើ​ផ្ទៃ​បឹង​និង​អាងទឹក​ដូច្នេះ គឺអាច​ការពារ​ដី​កសិកម្ម​និង​សត្វព្រៃ​នៅលើ​ដី​បាន​។ ទឹក​ក៏​ធ្វើឱ្យ​បន្ទះ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ​ត្រជាក់​ផងដែរ ជាហេតុ​ជួយ​ឱ្យ​បន្ទះ​សូ​ឡា​មាន​ប្រសិទ្ធិភាព​ជាង​មុន​។

​កាលពី​ខែធ្នូ អង្គភាព​មួយ​របស់​ក្រុមហ៊ុន China Three Gorges Corp បានចាប់ផ្តើម​សាងសង់​កសិដ្ឋាន​ថាមពលព្រះអាទិត្យ​បណ្តែត​លើទឹក​រឹតតែ​ធំ​ជាង​កសិដ្ឋាន​ខាងលើ ដែល​គេ​រំពឹងថា​នឹងដាក់​ឱ្យប្រើ​នៅត្រឹម​ខែឧសភា​ឆ្នាំ ២០១៨​។ រោងចក្រ​តម្លៃ ១៥១ លាន​ដុល្លារ​នេះ​នឹង​ផលិត​ថាមពល​រហូតដល់ ១៥០ មេ​ហ្គា​វ៉ា​ត់​សម្រាប់​លំនៅស្ថាន ៩៤.០០០ ខ្នង​៕ ដោយ៖ កញ្ញាដាលីស

រោងចក្រ​ថាមពលព្រះអាទិត្យ​បណ្តែត​លើទឹក​របស់​ចិន