គម្រោង​បញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ក្នុង​វិស័យ​អប់រំ​របស់​សហភាព​អឺ​រ៉ុ​បង្កើន​ចំណេះដឹង​បរិស្ថាន​និង​ការប្រែប្រួល​អាកាសធាតុ​ដល់​សិស្ស​

655
ចែករម្លែក

​ដោយ:សុផល​/​ភ្នំពេញ ៖ ​មូលនិធិ​សហភាព​អឺរ៉ុប បានផ្តល់​ថវិកា​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លារ​ទៅដល់​គម្រោង​សម្ព័ន្ធ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​(CCCA) ដើម្បី​បញ្ជ្រាប​ចំណេះដឹង​អំពី បម្រែបម្រួល​អាកាសធាតុ​ទៅដល់​សាលា​មធ្យមសិក្សា​នៅក្នុង​ខេត្ត​ចំនួន​បួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ ​

កាលពី​សប្ដាហ៍​មុន ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច​ច អេ​ដ​ហ្គា​រ​( GEORGE EDGAR) បាន​ដឹកនាំ​អ្នក​សារពត៌មាន​ចុះទៅ​មើល​គម្រោង​បម្រែបម្រួល​អាកាសធាតុ​នេះ​នៅ វិទ្យាល័យ​កំពង់​សំរោង ដែលមាន​ទីតាំង​ក្នុងភូមិ​ត្រពាំង​ដំរី ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង ។​
​ ​

លោក ជូ​លាន ឈ័​រ​វី​លី​យ៉ា​ម ប្រធាន​គ្រប់គ្រង​មូលនិធិ​CCCA បាន​មានប្រសាសន៍ឲ្យដឹងថា​ គម្រោង​នេះ​បានទទួល​ថវិកា​ពី​សហភាព​អឺរ៉ុប​ប្រមាណ​៣៥​ម៉ឺន​ដុល្លារ​ពី​ឆ្នាំ​២០១៥​ដល់​២០១៨ ដែល​ទើប​បញ្ចប់​ថ្មីៗ​។​ជាមួយនឹង​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​នេះ គម្រោង​សម្ព័ន្ធ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា (CCCA) បានផ្តល់​ធនធាន​សម្រាប់​កសាង​សមត្ថភាព​និង​អនុវត្ត​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​

​លោក ជា ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​អប់​រម យុវជន និង​កីឡា បាន​មានប្រសាសន៍ថា​ ជាមួយ​ការគាំទ្រ​ពី​គម្រោង CCCA ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុវត្ត​គម្រោង​មួយ ដែលមាន​ឈ្មោះថា “​បញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ក្នុង​វិស័យ​អប់រំ (MCCE)”​។ ក្នុង​គម្រោង​នេះ មានការ​រៀបចំ​កម្មវិធី​សិក្សា​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (​ថ្នាក់​ទី ១០-១២) និង​ការសាកល្បង​សាលា​មេត្រី​ចំនួន​១០​ក្នុង​ខេត្ត​បួន​គឺ​ខេត្តកំពត ស្វាយរៀង កំពង់ឆ្នាំង និង​ស្ទឹងត្រែង​។​គោលបំណង​នៃ​គម្រោង​នេះ​គឺ​បង្កើន​សមត្ថភាព​សាលា​មធ្យមសិក្សា ដើម្បី​អាច​ចូលរួម​ក្នុងការ​កាត់បន្ថយ និង​ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​លោក​បាន​បញ្ជាក់ថា​ ​កម្មវិធី​បរិស្ថាន​និង​បម្រែបម្រួល​អាកាសធាតុ មាន​​សារៈសំខាន់​និង​ក៏ត្រូវ​បាន បញ្ចូល​ក្នុង​កម្មវិធីសិក្សា​ថ្នាក់​ទី​១០ ទី​១១ និង​ទី​១២ ហើយក៏​មាន​ចេញ​ក្នុង​វិញ្ញាសា​ប្រឡង​ផងដែរ​។​ ក្នុងចំណោម​សាលា​ដែល​ទទួលបាន​គម្រោងរ​បស់​សហភាព​អឺរ៉ុប ក៏មាន​វិទ្យាល័យ​កំពង់​សំរោង​មួយ​ផងដែរ​ដែលមាន​ទីតាំង​ក្នុងភូមិ​ត្រពាំង​ដំរី ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង​។​វិទ្យាល័យ​នេះ ងាយ​ទទួលរង​គ្រោះ​ដោយសារ​គ្រោះរាំងស្ងួត និង​ផលប៉ះពាល់​ដោយសារ​ការឡើង​កម្តៅ​។ សាលារៀន​នេះ មាន​សិស្ស ១.២០៩ នាក់ (​ស្រី ៦២៩ នាក់​) និង​គ្រូបង្រៀន ៥៣ នាក់ (​ស្រី ៧ នាក់​)​។ សិស្ស និង​គ្រូ បានទទួល​ការគាំទ្រ​ឱ្យ​បង្កើត​នូវ​ក្លឹប​មេត្រី (Eco-club) ក្នុង​សាលារៀន​នេះ ជា​ក្លឹប​សម្រាប់​ដឹកនាំ​សកម្មភាព​ពាក់ព័ន្ធ​នឹង​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​។​

​លោក នង សា​វ៉ុ​ន នាយក​វិទ្យាល័យ​កំពង់​សំរោង បាន​មានប្រសាសន៍​ឱ្យដឹងថា​គម្រោង​នេះ មាន​គោល​បំណង​​បង្កើន​ចំណេះដឹង​អំពី​បញ្ហា​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការបញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ក្នុងការ​បង្រៀន និង​ការអនុវត្ត​បង្ហាញ​ផ្ទាល់ ដូចជា ការបង្កើត​ច្បារ​ជីវចម្រុះ និង​របៀប​ធ្វើ​កសិកម្ម​ធន់​នឹង​អាកាសធាតុ ជាដើម​។ លើសពីនេះ ក៏មាន​ការវាយតម្លៃ​លើ​ភាព​ងាយ​រងគ្រោះ​របស់​សាលារៀន​នេះ ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ផងដែរ ហើយ​ជា​លទ្ធផល​មានការ​វិនិយោគ​លើ​ការបង្កើន​លទ្ធភាព​ទទួល​បាន​ទឹកស្អាត និង​សេវា​អនាម័យ (​អណ្តូងស្នប់​) កន្លែង​ស្តុក​ទឹក​និង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​ចែកចាយ​ទឹក និង​កែលម្អ​បរិយាកាស​ក្នុង​សាលារៀន​(​ដូចជា បំពាក់​កង្ហារ ដាំ​ដើមឈើ​)​ក្រោម​ការគាំទ្រ​ពី​CCCA៕B/

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច​ច អេ​ដ​ហ្គា​រ​( GEORGE EDGAR) បាន​ដឹកនាំ​អ្នក​សារពត៌មាន​ចុះទៅ​មើល​គម្រោង​បម្រែបម្រួល​អាកាសធាតុ​នេះ​នៅ វិទ្យាល័យ​កំពង់​សំរោង ដែលមាន​ទីតាំង​ក្នុងភូមិ​ត្រពាំង​ដំរី ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង (​រូបៈ​សុផល​)

​ ​
​ ​

#