គម្រោង​ប្រកួត​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​រឿង​ខ្លី​ពានរង្វាន់​អក្សរសិល្ប៍​ស្លឹករឹត​

687
ចែករម្លែក
សមាគម​អ្នកនិពន្ធ​ខ្មែរ​បាន​សហការ​ជាមួយ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​រៀបចំ​ការប្រកួត​ជ្រើសរើស​ស្នាដៃ​ពានរង្វាន់​រឿង​ខ្លី​អំពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត​(​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ដោយៈ​បញ្ញា​សាស្ត្រ​/ភ្នំពេញៈ​សមាគម​អ្នកនិពន្ធ​ខ្មែរ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​គម្រោង​ថ្មី​មួយ​សម្រាប់​ឆ្នាំ​ខាងមុខ​ក្នុងការ​ការបង្កើត​គម្រោង​ប្រកួត​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​រឿង​ខ្លី​ពានរង្វាន់​អក្សរសិល្ប៍​ស្លឹករឹត លើក​ទី​១ ឆ្នាំ​២០២០​នេះ​។​គម្រោង​នេះ​កំពុងតែ​ដំណើរការ​ដោយ​សន្សឹមៗ​។​


​ក្នុង​សេចក្តីជូនដំណឹង​របស់​សមា​គម​បាន​បង្ហាញថា​ដើម្បី​សម្រេច​ទៅតាម​ទស្សនវិស័យ​រួម​គឺ ការ​តែង​និពន្ធ ស្រាវជ្រាវ បោះពុម្ព និង​នវានុវត្តន៍ ប្រកបដោយ​គុណភាព ឧត្តមភាព លើកកម្ពស់​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា សមាគម​អ្នកនិពន្ធ​ខ្មែរ​កំពុង​ស្វែងរក​ដៃគូ​សហការ​ជាមួយ​ស្ថាប័ន​ផ្សេងៗ​ដែលមាន​គោលបំណង​រួម​ក្នុងការ​លើកស្ទួយ គាំទ្រ​ការស្រាវជ្រាវ និង​វិស័យ​តែង​និពន្ធ​។


​ដោយ​យល់ឃើញថា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជាមាន​គោលបំណង​ចូលរួម​ក្នុងការ​លើកស្ទួយ គាំទ្រ​ការស្រាវជ្រាវ និង វិស័យ​តែង​និពន្ធ សមាគម​អ្នកនិពន្ធ​ខ្មែរ​បាន​សហការ​ជាមួយ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​រៀបចំ​ការប្រកួត​ជ្រើសរើស​ស្នាដៃ​ពានរង្វាន់​រឿង​ខ្លី​អំពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត​។
​ប្រភព​ដដែល​បន្តថា​ការបង្កើត​គម្រោង​ប្រកួត​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​រឿង​ខ្លី​ពានរង្វាន់​អក្សរសិល្ប៍​ស្លឹករឹត លើក​ទី​១ ឆ្នាំ​២០២០​នេះ​ឡើង ក្នុង​គោលបំណង ទីមួយ​. ដើម្បី​លើកកម្ពស់​ការស្រាវជ្រាវ​និពន្ធ​អំពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត​។ ទី​ពីរ​. ដើម្បី​រួមចំណែក​រក្សា​ឯកសារ​ប្រវត្តិសាស្ត្រ​នៃ​ជីវិត​មនុស្សជាតិ​រស់នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត តាមរយៈ​ស្នាដៃ​តែង​និពន្ធ​របស់​អ្នកនិពន្ធ​ខ្មែរ អ្នក​ដែល​រស់រានមានជីវិត និង​អ្នក​ដែល​ធ្លាប់​បានឮ​រឿងរ៉ាវ​ដែល​បានកើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត​។​


​គួរ​រំលឹក​សមាគម​អ្នកនិពន្ធ​ខ្មែរ គឺជា​សមាគមជាតិ​ឯករាជ្យ​បង្កើតឡើង​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​១៩៥៦​។ ក្រោយ សង្គ្រាមស៊ីវិល​ប្រល័យពូជសាសន៍ បី​ឆ្នាំ ប្រាំបី​ខែ ម្ភៃ​ថ្ងៃ សមាគម​នេះ​បាន​បង្កើត​ឡើងវិញ​នៅ​ឆ្នាំ​១៩៩៣ ដោយបាន​សុំច្បាប់​ពី​ព្រះករុណា​អង្គ​ម្ចាស់ជីវិតលើត្បូង ក្នុងឋានៈ​ព្រះអង្គ​ជា​ព្រះប្រធាន ឧ​ត្ត​ម​ក្រុម​ប្រឹក្សាជាតិ និង​បាន​សុំច្បាប់​ពី​រដ្ឋអំណាច “​រដ្ឋ​កម្ពុជា​”​។ បន្ទាប់មក​តាម​សេចក្ដីស្នើសុំ​ពី​គណៈកម្មាធិការ​កណ្ដាល​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ សម្ដេច​ព្រះបាទ នរោត្តម សីហនុ ព្រះអង្គ​ទ្រង់​សព្វព្រះរាជហឫទ័យ​គង់​ប្រថាប់​ជា​ព្រះប្រធាន​កិត្តិយស នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ឡើងវិញ​ដូច​កាលពី​សម័យ​សង្គម​រាស្ត្រនិយម​។ ពី​ឆ្នាំ​១៩៩៤ រហូតដល់​ចុងឆ្នាំ​១៩៩៦ សមាគម​អ្នកនិពន្ធ​ខ្មែរ​ដែល​ទើបនឹង​រស់រានមានជីវិត​ឡើងវិញ​ជាថ្មី គឺ​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ យូ បូ ដែលមាន​ទី​ស្នាក់​កណ្ដាល​ក្នុង​បរិវេណ​វត្ត​បទុម​វ​តី វិថី​ឧកញ៉ា​ស៊ូ​ស្រ៊ុន ៧ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​


​នៅ​ចុងឆ្នាំ​២០១៧ សមាគម​អ្នកនិពន្ធ​ខ្មែរ​បានធ្វើ​មហាសន្និបាត​របស់ខ្លួន​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​ដើម្បី​ដំណើរការ និង​ចុះបញ្ជី​សមាគម​អ្នកនិពន្ធ​ខ្មែរ​ក្នុង​បញ្ជី​អង្គការ​សមាគម​នៃ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ក្នុង​អាណត្តិ​ទី​១០ សមាគម​អ្នកនិពន្ធ​ខ្មែរ​ដឹកនាំ​ដោយ លោក ព្រឿង ប្រណីត កំពុងមាន​សកម្មភាព​បណ្ដុះបណ្ដាល​សិក្ខាកាម​អ្នកនិពន្ធ​ជំនាន់​ថ្មី​ជា​បន្តបន្ទាប់​។ ក្រៅពីនេះទៀត​សមាគម​មានការ​ប្រកួត​ស្នាដៃ​ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ និង និង​ជ្រើសរើស​អ្នកនិពន្ធ​ឆ្នើម​ទៅ​ទទួល​ពានរង្វាន់​អាស៊ីអាគ្នេយ៍​ជា​រៀងរាល់ឆ្នាំ​។ ជាងនេះទៅទៀត​សមាគម​អ្នកនិពន្ធ​ខ្មែរ​បាន​ចូលរួម​ជា​គណៈកម្មការ​វាយតម្លៃ​ស្នាដៃ​និពន្ធ ក្នុងការ​ប្រកួត​ជ្រើសរើស​ស្នាដៃ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ធម្មការ និង​សាសនា និង​សហការ​ជាមួយ​សមាគម​អ្ន​និពន្ធ​ខ្មែរ​នៅ​បរទេស​ប្រចាំ​ប្រទេស​បារាំង ប្រកួត​ពានរង្វាន់​អក្សរសិល្ប៍​សន្តិភាព​ផងដែរ​៕សរន

សមាគម​អ្នកនិពន្ធ​ខ្មែរ​បាន​សហការ​ជាមួយ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​រៀបចំ​ការប្រកួត​ជ្រើសរើស​ស្នាដៃ​ពានរង្វាន់​រឿង​ខ្លី​អំពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត​(​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)