គម្រោង​ផ្សារ​បន្លែ​នៅ​បឹង​កប់​ស្រូវ​ត្រូវការ​ដៃគូ​មាន​ទុនវិនិយោគ​២០០​លាន​ដុល្លារ​

2798
ចែករម្លែក
គម្រោង​ផ្សារ​បន្លែ​នៅ​បឹង​កប់​ស្រូវ​ត្រូវការ​ដៃគូ​មាន​ទុនវិនិយោគ​២០០​លាន​ដុល្លារ​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​គម្រោង​សាងសង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ និង ចំណតរថយន្ត​នៅ​បឹង​កប់​ស្រូវ​(​បឹង​តា​មោក​)​ជាប់​ផ្លូវ​ឈ្នះ​ឈ្នះ ដែលជា​គម្រោង​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​កំពុង​ចាក់ដី​ឲ្យ​បាន​ខ្ពស់​ស្មើ​ផ្លូវ និង កំពុង​ស្វែងរក​ដៃគូ​មាន​ទុនវិនិយោគ​ប្រមាណ​ជា​២០០​លាន​ដុល្លារ​។​
​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០១៩​ថា គម្រោង​សាងសង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ និង ចំណតរថយន្ត ពេលនេះ​កំពុងតែ​ដំណើរការ​ចាក់ដី​បំពេញ​ឲ្យ​ខ្ពស់​ស្មើ​ផ្លូវ​ដោយមាន​ប្រវែង​ស្រប​ផ្លូវ​ឈ្នះ​ឈ្នះ​១.០០០​ម៉ែត្រ​និង​ចាក់​ចូលទៅក្នុង​ផ្ទៃ​បឹង​២០០​ម៉ែត្រ នៅ​សងខាង​ស្ថានីយ៍​បូមទឹក​កប់​ស្រូវ​ទី​២​។​
​លោក​អភិបាលរង​រាជធានី​រូបនេះ​បាន​និយាយ​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី​ចាក់ដី​បំពេញ​រួច ត្រូវធ្វើ​ការសាងសង់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ អគារ​ផ្សេងៗ​សម្រាប់​បម្រើ​ដល់​ការបែងចែក​បន្លែ​ផ្លែឈើ​បោះ​ដុំ និង​ចំណតរថយន្ត​មកពី​ប៉ែក​ខាងលិច​និង​ខាងជើង​រាជធានី ដែល​ពេលនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ស្វែងរក​ដៃគូ​ដែលមាន​ទុនវិនិយោគ​ប្រមាណ​ជា​២០០​លាន​ដុល្លារ​។​

ទីតាំង​ចំណតរថយន្ត​និង​ផ្សារ​បែងចែក​បន្លែ​ផ្លែឈើ​នៅ​បឹង​កប់​ស្រូវ​កំពុង​ត្រូវបាន​ចាក់ដី​ដើម្បី​សាងសង់


​គួរ​រំលឹក​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៨​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានស្នើ​សុំ​ដី​ចំនួន​២០​ហិកតា នៅ​បឹង​តា​មោក​(​កប់​ស្រូវ​)​ពី​រាជរដ្ឋាភិបាល ដើម្បី​សាងសង់​ជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ​និង​ជា​ចំណតរថយន្ត​នៅ​រាជធានី​ភ្នំពេញ​ដោយមាន​ការយល់ព្រម​ចេញ​ជា ស​.​ជ​.​ណ នៅ​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៨​។​
​ ​នៅក្នុង​សេចក្តីជូនដំណឹង​(​ស​.​ជ​.​ណ​)​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរថា​រាជរដ្ឋាភិបាល​បាន​យល់ព្រម​ជាគោលការណ៍​យក​ដី​ចំនួន​២០​ហិកតា នៅ​បឹង​តា​មោក ដើម្បី​សាងសង់​ជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ​និង​ជា​ចំណតរថយន្ត និង​អនុញ្ញាត​រើ​ផ្សារ​បន្លែ​ពី​ផ្សារ​ដើម​គរ​ទៅ​ផ្សារ​ថ្មី​នៅ​បឹង​តា​មោក​វិញ​។​
​ ​រំលឹក​ឲ្យ​ដឹងថា​បន្លែ​ផ្លែឈើ​មកពី​តាម​បណ្តា​ខេត្ត និង ប្រទេសជិតខាង​សព្វថ្ងៃ​ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​ធំ​ចូល​ទៅដល់​លើផ្លូវ​នានា​ជុំវិញ​ផ្សារ​នាគ​មាស និង​ផ្លូវ​សំខាន់ៗ​ក្បែរ​ផ្សារ​ដើម​គរ ដើម្បី​ធ្វើការ​បែងចែក​ទៅតាម​ផ្សារ​នៅក្នុង​ទីក្រុង​និង​ផ្សារ​នៅតាម​បណ្តា​ខេត្ត​នានា​វិញ បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​និង​កកស្ទះ​ចរាចរ​រាល់ថ្ងៃ​ដោយសារ​គេ​យក​ផ្លូវ​ធ្វើជា​ចំណត​និង​កន្លែង​បែងចែក​បន្លែ​ផ្លែឈើ​។​
​ ​ទីតាំង​ចំណតរថយន្ត​ដឹកទំនិញ​និង​ផ្សារ​បែងចែក​បន្លែ​ផ្លែឈើ នៅជាប់​នឹង​ផ្លូវ​ទំនប់​កប់​ស្រូវ​ដែលជា​គម្រោង​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​កំពុង​ត្រូវបាន​ចាក់ដី​លប់​នេះ ធ្វើ​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​ដែល​បានឃើញ​មានការ​ចាប់អារម្មណ៍​ហើយ​ឆ្ងល់​និង​សង្ស័យ​ទៅលើ​រឿង​ផ្សេង ដោយសារ​ការដ្ឋាន​កំពុង​ចាក់ដី​នេះ​មិនមាន​លើក​ប៉ាណូ​បង្ហាញ​ពី​គម្រោង​អ្វី​និង​ជា​គម្រោង​របស់​អ្នកណា​។​
​ ​គម្រោង​ធំ​នៅលើ​ដី​សាធារណៈ​របស់​រដ្ឋ​បែបនេះ​ត្រូវបាន​គេ​និយាយថា គួរតែ​ត្រូវមាន​លើក​ប៉ាណូ​បង្ហាញ​គម្រោង​និង​ម្ចាស់​គម្រោង ចៀសវាង​មហាជន​មានការ​ភ​ណ្ឌ័​ច្រឡំ​នាំ​ពិបាកធ្វើ​ការបកស្រាយ ។ បឹង​តា​មោក​ដែល​អ្នកខ្លះ​ហៅថា​បឹង​កប់​ស្រូវ​ត្រូវ​បានកំណត់​ផ្ទៃ​បឹង​ដោយ​អនុក្រឹត្យ ចំនួន​៣.២៣៩.៧​ហិកតា​៕