គម្រោង​រៀបចំ​កែលម្អ​ជា​ផ្លូវ​ថ្មើរជើង​នៅ​មហាវិថី​ម៉ៅ​សេទុង សម្រាប់​ប្រជាជន​ធ្វើដំណើរ​, ទុកជា​គំរូ​សម្រាប់​មហាវិថី​ផ្សេងៗ​ទៀត​

163
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​គម្រោង​រៀបចំ និង​កែលម្អរ​ធ្វើជា​ផ្លូវ​ថ្មើរជើង​តាម​បណ្តោយ​មហាវិថី​ម៉ៅ សេទុង ដោយ​ចាប់ពី​ស្ពាន​៥​មករា រហូតដល់​ស្តុ​ប​ចំការមន​ដោយ​ឆ្លងកាត់​ខណ្ឌ​ចំនួន​៣​ខណ្ឌទួលគោក ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​ចំកា​មន ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​បងប្អូន​ជនពិការ មាន​ផ្លូវ​ថ្មើរជើង​សម្រាប់​ធ្វើដំណើរ​ឆ្លងកាត់ ខណៈដែល​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នេះ វា​ជា​តម្រូវការ​ចាំ​ចាប់​របស់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ការបង្ហាញ​ពី​គម្រោង​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៩ វិច្ឆិកា​នេះ ក្នុង​កិច្ចប្រជុំ​ស្តីពី​គម្រោង​សិក្សា​រៀបចំ និង​កែលម្អ​ផ្លូវ​ថ្មើរជើង​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយមាន​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ​និង​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ការរៀបចំ និង​កែលម្អ​ផ្លូវ​ថ្មើរជើង​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​នេះ តំបូង​យើង​ត្រូវ​រៀបចំ​ចិញ្ចើមផ្លូវ​និង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ។​យើង​នឹង​រៀបចំ ផ្លូវ​ថ្មើរជើង​នេះ​ឱ្យ​ល្អប្រសើរ​ឡើង​និង​ដើម្បី​ទុកជា​គំរូ​សម្រាប់​មហាវិថី​ផ្សេងៗ​ទៀតផង​ដែរ​។ លោក​ថា សណ្តាប់ធ្នាប់​សាធារណៈ​ជា​តម្រូវការ​ចាំ​ចាប់​របស់​ប្រជាពលរដ្ឋ​ទូទៅ​។ ដូច្នេះ​ទេ​ការចត​លើ​ចិញ្ចើមផ្លូវ​ប្រហែលជា​មិន​អនុ​ញ្ញា​ត្តិ​ឱ្យមាន​ទៀត​ទេ ។ មានមតិ​ខ្លះ​ថា នៅ​ស្រុក​គេ​ពិសេស​នៅ​ប្រទេស​បារាំង គេ​អនុ​ញ្ញា​ត្តិ​ឱ្យមាន​ការចត​លើ​ទ្រូងផ្លូវ​បាន តែ​គេ​ចត​តែមួយ​ជួរ​។ នេះ​ជាការ​ងារ​ដែល​យើង​ត្រូវ​សិក្សា​និង​ពិភាក្សាគ្នា ថា​តើ​យើង​ត្រូវ​រៀបចំ​បែបណា​។​

​ក្រោយពី​មានការ​ពិភាក្សាគ្នា​រួចរាល់ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង បាន​ជំរុញ​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ និង​ផ្លូវ​ម៉ៅ​សេទុង​នេះ សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​មន្ទីរ​ដែនដី​នគររូបនីយកម្ម​និង​សំណង់​រាជធានី​ភ្នំពេញ ចុះ​សិក្សា​ពី​កម្មសិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ ថា​តើ បាន​ប៉ះពាល់​អ្វីខ្លះ បន្ទាប់មក​យើង​និង​បង្កើតជា​អង្គប្រជុំ​ពិនិត្យ​និង​សម្រេច​ម្តងទៀត ដោយ​យើង​នឹង​រៀបចំ និង​កែលម្អ​ផ្លូវ​ថ្មើរជើង​នៅតាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​អោយបាន​ល្អប្រសើរ ទុកជា​គំរូ​សម្រាប់​មហាវិថី​ផ្សេងៗ​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​៕ ល​