គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) បាន​ជួយ​ច្រើន​ទៅលើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​

1473
ចែករម្លែក
កិច្ចប្រជុំប្រចាំត្រីមាស ស្តីពី​ការអនុវត្ត​លក្ខខណ្ឌ​ការងារ នៃ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨

ដោយ​៖ ពៅ​និមល / ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨​នេះ បានរៀបចំ​កិច្ចប្រជុំ ប្រចាំត្រីមាស ស្តីពី​ការអនុវត្ត​លក្ខខណ្ឌ​ការងារ នៃ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​តាម​បណ្តា​រោងចក្រ​។​

​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដោយមាន​ការអញ្ជើញ​អ្នកចូលរួម​មកពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​, អង្គការ​អន្តរជាតិ​ខាង​ការងារ អាយ​ឡូ (ILO) និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជី​ម៉ាក​(GMAC)​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ លោក ប៉ាន សូរ​ស័ក្តិ បាន​មានប្រសាសន៍ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា ខណៈដែល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ជា​វិស័យ​ដ៏​ធំ​មួយ​សម្រាប់​ដឹកនាំ​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកចម្រើន និង​ឈាន មុខ ដូច្នេះ​កិច្ចប្រជុំ​ពេលនេះ គឺ​តែងតែ​រៀបចំឡើង​រៀងរាល់​៣​ខែម្តង ដើម្បី​ជួបប្រជុំគ្នា និង​ធ្វើ​បទ​បង្ហាញ ក៏ដូចជា​លើកឡើង​នូវ​បញ្ហា​ប្រឈម​នានា ដែល​ជួបប្រទះ​នាពេល​កន្លងមក ក្នុងការ​កែតម្រូវ​ឡើងវិញ និង​បំពេញបន្ថែម ដើម្បី​ជំរុញ​ឲ្យ​ប្រសើរឡើង​នូវ​វិស័យនេះ ពិសេស​លក្ខខណ្ឌ​ការងារ​របស់​បងប្អូន​កម្មករនិយោជិត​។​

​លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​គម្រោង (ILO-BFC) គឺ​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ច្រើន ដោយសារ​រាល់​ផលិតផល​គ្រប់មុខ​ទាំងអស់ ដែល​ផលិត​នៅ​កម្ពុជា ត្រូវបាន​អនុគ្រោះ​នាំ​ចេញទៅ​បណ្តា​ប្រទេស​ដែល​បញ្ជា​ទិញ​ផ្សេងៗ ទាំង​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​។​

​ជាមួយគ្នានេះ លោកស្រី អិ​ស្តើ​រ ហើ​មិន​ស៍ (Esther GERMANS) ប្រធាន​គម្រោង (ILO-BFC) បាន​លើកឡើងថា កន្លងមកនេះ សង្កេតឃើញថា កម្មករនិយោជិត​ពេលបច្ចុប្បន្ន​មានការ​យល់ដឹង​ច្រើន​អំពី​វិស័យ​កាត់ដេរ​នេះ ដោយសារតែ​យើង​មានកម្ម​វិធី​នៅលើ​ទូរស័ព្ទ​ស្វាត​ហ្វូ​ន (smart phone) ដែល​ក្នុង​កម្មវិធី​នោះ​មានប្រើ​ប្រាស់ ជា​ភាសា​ខ្មែរ អង់គ្លេស និង​ជា​ភាសា​ចិន ដោយ​ការអប់រំ​របស់​កម្មក​រ​និយោជិត ដែល​ទទួលបាន​ការឆ្លើយ​តប បាន​យ៉ាង​ល្អជា​បន្តបន្ទាប់​។​

​សូមបញ្ជាក់ថា គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ហៅ​កាត់ ប៊ី​ហ្វេ​ស​ស៊ី (B.F.C) បាន​ដំណើរការ ក្នុង​ឆ្នាំ​២០០១ ដោយ​មើល​ទៅលើ​ការអនុវត្តន៍​ច្បាប់​ស្តីពី​ការងារ​នៅ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ជំរុញ​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​និង​ស្បែកជើង ឲ្យ​មានការ​ប្រសើរឡើង និង​មើល​ទៅលើ​ច្បាប់​ស្តីពី ការងារ​បទដ្ឋាន​ផ្សេងៗ ដែល​រាជរដ្ឋាភិបាល​មានចែង​ក្នុង​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ​អាយ​ឡូ​៕L​