គម្រោង​វិនិយោគ​តម្លៃ​ជាង​២៦​លាន​ដុល្លារ​បានទទួល​ការសម្រេច​

393
ចែករម្លែក
សកម្មភាពវិនិយោគនៅកម្ពុជា(រូបស៊ីឌីស៊ី)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​គម្រោង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចំនួន​ប្រាំមួយ​មាន​ទំហំ​ទឹកប្រាក់​ជាង​២៦​លាន​ដុល្លារ​និង​បង្កើត​ការងារ​ជាង​១.០០០​នាក់​បានទទួល​ការសម្រេច​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី​។​


​ប្រភព​ស៊ី​ឌី​ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៩​នេះ​ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ឯកភាព​ឱ្យធ្វើ​ការវិនិយោគ​តែ​ពុំមាន​ការលើកទឹកចិត្ត សម្រាប់​គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី​របស់​ក្រុមហ៊ុន “AMAMOKE TOBACCO (CAMBODIA) CO.,LTD.”​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន​ប្រាំ​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៧​កន្លែង​។​


​ប្រភព​ដដែល​បន្តថា​គ​ណៈ​ក​ម្មា​ធិ​ការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា ក៏បាន​សម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ប្រាំ​ផ្សេងទៀត​។​ក្នុងនោះ​មានៈ​១. “ZHEJIANG CHISHUN FOAM CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អេ​ប៉ុង​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី មាន​ទុនវិនិយោគ ២,១ លាន ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤១​កន្លែង​។​ទី​២. “XIN CHI XING PACKAGING CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ ២,៦​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១០​នាក់​។​ទី​៣. “CHIANG CU WIRE & CABLE CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង និង​ខ្សែកាប មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង​មាន​ទុនវិនិយោគ​ប្រមាណ ៣,២​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៤៣​កន្លែង​។​ទី​៤. “GORGEOUS STEEL STRUCTURE (CAMBODIA) CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដែក មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន​ទុនវិនិយោគ​ចំនួន​៦​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៤​កន្លែង​។​


​ចំណែក​ទី​៥.​គឺ​ក្រុមហ៊ុន “WING ART LIGHTING AND GIFTWARE CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង អំពូល​លម្អ និង​គ្រឿង​បង្គុំ​អំពូល​ភ្លើង​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ប្រមាណ ៧,៤​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៩៤​នាក់​៕សរន

សកម្មភាពវិនិយោគនៅកម្ពុជា(រូបស៊ីឌីស៊ី)
សកម្មភាពវិនិយោគនៅកម្ពុជា(រូបស៊ីឌីស៊ី)