គម្រោង​វិនិយោគ​ពីរ​តម្លៃ​១៧​លាន​ដុល្លារ​ទទួល​ការសម្រេច​ចុះបញ្ជី​

1029
ចែករម្លែក
គំរូ​ប្លង់​ទីតាំង​វិនិយោគ​(​រូបថត​ស៊ី​ឌី​ស៊ី​)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី​កាលពី​ថ្ងៃទី​៨​ខែមិថុនា​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ចំនួន​ពីរ​ដែលមាន​គម្រោង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​១៧​លាន​ដុល្លារ​និង​បង្កើត​ការងារ​ជាង​១.៤០០​កន្លែង​បានទទួល​ការសម្រេច​ចុះបញ្ជី​។​


​ប្រភព​ដដែល​បញ្ជាក់ថា​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី​របស់​ក្រុមហ៊ុន “GLOBAL NEW MATERIALS RESEARCH AND DEVELOPMENT TECHNOLOGY CO.,LTD.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចុះបញ្ជី​គម្រោង​វិនិយោគ​នេះ​នៅ ក​.​អ​.​ក តែ​ពុំមាន​ការលើកទឹកចិត្ត​ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កំ​ពោត​ជ្រូក ឃុំ​ព្រៃ​អង្កុញ​ក្រុង​បាវិត​ខេត្តស្វាយរៀង​មាន​ទុនវិនិយោគ​ប្រមាណ​១៣,៦​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៧៥​កន្លែង​។​


​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ក៏បាន​សម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​“ZHEJIANG HENGFENG TOP LEISURE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ​៣ សួន​ឧស្សាហកម្ម​វឌ្ឍនៈ II ផ្លូវជាតិ​លេខ​៣ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៤​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៣០៦​កន្លែង​។​


​គួររំលឹកថា​ក្នុង​សប្តាហ៍​កន្លងទៅនេះ​គម្រោង​វិនិយោគ​លើ​វិស័យ​ជាច្រើន​និង​ជាង​១០​ក្រុមហ៊ុន​ដែលមាន​ទឹកប្រាក់​ជាង​៥០០​លាន​ដុល្លារ​ត្រូវបាន​សម្រេច​ចុះបញ្ជី​៕​សរន​