គម្រោង​វិនិយោគ​មាន​ទឹកប្រាក់​ជិត​១៦៨​លាន​ដុល្លារ​បានទទួល​ការសម្រេច​

477
ចែករម្លែក

ដោយៈ​ច្រាយ ចំណាន​/​ភ្នំពេញៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ហៅ​កាត់​ថា ស៊ី​ឌី​ស៊ី​(CDC)​បានអនុម័ត​គម្រោង​វិនិយោគ​បី ដែលមាន​ទឹកប្រាក់​ចំនួន​ជិត​១៦៨​លាន​ដុល្លារ​អា​ម៉​រិ​ក លើ​ការបង្កើត​រោងចក្រ និង​សណ្ឋាគារ ដែល​ផ្តល់ឱកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុ​ជាជាង​មួយ​ពាន់​កន្លែង​។​

គំរូ​ប្លង់​ទីតាំង​វិនិយោគ​(​រូបថត​ស៊ី​ឌី​ស៊ី​)


​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៩​នេះ​ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​បី ។​
​ប្រភព​ដដែល​បន្តថា​ក្រុមហ៊ុន​ចំនួន​បី​នេះ​មា​នៈទី​១-​ក្រុមហ៊ុន “E.G.N EASY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ម្ហូបអាហារ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣,៤​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១០​កន្លែង​។​ទី​២ ក្រុមហ៊ុន​“CAMBODIAN DECORATIVE BUILDING MATERIAL CHAKREY TING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​តុបតែង​ពិ​ដាន​ជញ្ជាំង​…​។​ល​។ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត មាន​ទុនវិនិយោគ​ប្រមាណ​៣០,៥​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១៧​កន្លែង​។​


​ចំណែក​ទី​៣-​ក្រុមហ៊ុន​“ ROYAL FIELD DEVELOPMENT COMPANY CO.,LTD.”​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៣ ដែលមាន​ចំនួន​៣០០​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​មហាវិថី​សហព័ន្ធ​រុស្សី ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ១៣៤​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧២៩​កន្លែង​៕សរន

គំរូ​ប្លង់​ទីតាំង​វិនិយោគ​(​រូបថត​ស៊ី​ឌី​ស៊ី​)