គម្រោង​សាងសង់​ប្រតិបត្តិការ​និង​ធ្វើ​អាជីវកម្ម ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ទទួលបាន​ការសម្រេច​

1372
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: កាលពី​រសៀល​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៨ នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ” ជូន​ដល់​ក្រុមហ៊ុន​ចំនួន​បួន​។ ក្នុងនោះ ក៏មាន​ក្រុមហ៊ុន​ដែល​គម្រោង​វិនិយោគ​សាងសង់ ប្រតិបត្តិការ និង​ធ្វើ​អាជីវកម្ម ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​យោងតាម​ការបញ្ជាក់រ​បស់​ស៊ី ឌី ស៊ី ក្រុមហ៊ុន​ទាំង​បួន​នោះ​មានឈ្មោះ​១-“CAPITAL MINERAL RESOURCES INVESTMENT CO.,LTD.”​មាន គម្រោង​បង្កើត​រោងចក្រ​អាជីវកម្ម​ថ្ម​អារ (​ថ្ម​ម៉ាប​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​តំបន់​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង មាន​ទុនវិនិយោគ​ប្រមាណ ១១,៩៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន ៧៣​កន្លែង​។​

​ទី​២-“CAMBODIAN PPSHV EXPRESSWAY CO.,LTD.”​មាន គម្រោង​សាងសង់ ប្រតិបត្តិការ និង​ធ្វើ​អាជីវកម្ម ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ តាម​រូបភាព សាងសង់​-​អាជីវកម្ម​-​ផ្ទេរ “BOT” មាន​ទុនវិនិយោគ​ប្រមាណ ១,៨៧​ប៊ី​លាន​ដុល្លារ​(១​ប៊ី​លាន​ស្មើ​១.០០០​លាន​) និង​អាចបង្កើត​ការងារ​បាន ៩.៥១៥​កន្លែង​។​

​ទី​៣-“ROYAL CERA CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្បឿង ចាន​បង្គន់​អនាម័យ និង​ការ៉ូ ដែលមាន ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត មាន​ទុនវិនិយោគ​ប្រមាណ ១៥,៣៦​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១.២២៤​កន្លែង​។​

​ចំណែក​ទី​៤-“TROPICAL FRUIT ASIA (CAMBODIA) CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ គីឡូម៉ែត្រ​លេខ​២៧ ឃុំ​ពើក ស្រុង​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៦,៤៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន ៣៨០​កន្លែង​៕ ល​