គម្រោង​អនុវត្តន៍​បើកប្រាក់​ឈ្នួល​ពីរដង​ក្នុង​មួយខែ ចាប់ផ្តើម​ពី​ខែមករា​តទៅ​

850
ចែករម្លែក
  • 23
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: តាម​ការគ្រោង និង​ស្របតាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសថា ចាប់ពី​ខែមករា ឆ្នាំ​២០១៩​នេះ​តទៅ នឹង​ចាប់ផ្តើម​អនុវត្តន៍​បើកប្រាក់​ខែ​ចំនួន​០២​ដង ក្នុង​មួយខែ (២​សប្តាហ៍​បើក​ម្តង​) ដល់​បុគ្គលិក មន្ត្រីរាជការ ក៏ដូចជា​កម្មករនិយោជិត​ទាំងអស់​នៅ​ទូទាំងប្រទេស​។​

​លោក អ៊ុក ចាន់ធូ ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩​ថា ការអនុវត្តន៍​បើក​និង​ទទួល​ប្រាក់ខែ​ពីរដង​ក្នុង​មួយខែ​នេះ គឺ​អនុវត្តន៍​លើ​គ្រប់​វិស័យ​ទាំងអស់​តែម្តង ក្នុងនោះ​សម្រាប់​វិស័យ​ឯកជន គឺ​តាម​ប្រកា​សលេខ​៤៤២ ចំណែក​មន្ត្រីរាជការ​និង​រដ្ឋាភិបាល គឺ​អនុវត្តតាម​អនុក្រឹត្យ ឬ​សារា​ចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​។​លោក​បន្តថា ពាក់ព័ន្ធ​នឹង​ការអនុវត្តន៍​នេះ ប្រសិនបើ​ម្ចាស់ (​ថៅកែ​) រោងចក្រ សហគ្រាស គ្រឹះស្ថាន នៅ​ចចេស​មិន​ព្រម​អនុវត្ត មន្ត្រី​ផ្នែក​អធិការកិច្ច​ការងារ​នឹង​អនុវត្ត​តាមច្បាប់​ស្តីពី​ការងារ​ចេញ​ទៅលើ​ភាគី​ទាំងនោះ​។ ដោយឡែក ប្រសិនបើ​មានការ​តវ៉ា​ពី​បុគ្គលិក កម្មករនិយោជិត​វិញ ក្រុមការងារ នឹង​ចុះទៅ​ពន្យល់​ផ្ទាល់​តែម្តង​នៅ​ទីកន្លែង​បំពេញការងារ​។​

​លោក​ប្រធាន​បញ្ជាក់ទៀតថា យោងតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នាពេល​កន្លងមក​បាន​ថ្លែងថា យ៉ាងណាក៏ដោយ បញ្ហា​នេះ​ត្រូវតែ​ទទួលយក​និង​អនុវត្តន៍​នូវ​ការបើកប្រាក់​ឈ្នួល​ពីរលើក​ក្នុង​មួយខែ​នេះ មានន័យថា​០២​សប្តាហ៍​ម្តង​។ ទាក់ទិន​បញ្ហា​នេះ លោក​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការបើកប្រាក់​ឈ្នួល​ពីរលើក​នេះ​ថា គឺ​អនុវត្តន៍​តាម​ស្មារតី​របស់​ច្បាប់​ក្នុង​មាត្រា​ទី​១១៦ លើសពីនេះ​ទៀតសោត គឺ​ចង់​ឲ្យ​ដឹង​ពី​រូបភាព​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ជាពិសេស​នៅក្នុង​វិស័យ​កាត់ដេរ ដែល​កន្លងមក​ម្ចាស់​សហគ្រាស គ្រឹះស្ថាន មិនបាន​គោរព​តាមច្បាប់ ហើយ​នៅពេល​ដែលមាន​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រឹះស្ថាន​កើតឡើង គាត់​បែរជា​បិទទ្វារ​និង​រត់ចោល ដែល​ចុងក្រោយ​បញ្ហា​ទាំងនោះ​ត្រឡប់​មកជា​បន្ទុក​រប​ស់​រដ្ឋាភិបាល​ជាច្រើន​ជំនួស​វិញ​ក្នុងការ​ដោះស្រាយ​។

​ទាក់ទង​នឹង​រឿង​ខាងលើនេះ លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​យល់ឃើញថា រដ្ឋាភិបាល​មាន​បន្ទុក​ជាច្រើន​ក្នុងការ​អនុវត្តន៍​ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ ដូចជា​ប្រាក់​សោធន​និវត្តន៍ និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដូច្នេះ​អ្វីដែល​រដ្ឋាភិបាល​គួរតែ​ចាត់វិធានការ​ក្តៅ គឺ​ត្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​ដែល​វិនិយោគ​ក្នុងស្រុក​ត្រូវមាន​ប្រាក់​តម្កល់​ក្នុង​រតនាគារជាតិ​។ ដូច្នេះ​យើង​មិនចាំបាច់​បើកប្រាក់​ឈ្នួល​០២​លើក ក្នុង​មួយខែ​ក៏បាន ដែល​ក្នុងនោះ​មាន​ប្រទេស​តិច​ណាស់​អនុវត្ត​លើ​ការងារ​នេះ ដូចជា​ប្រទេស​ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​ជាដើម ដែល​មានតែ​កម្ពុជា​ទេ​ដែល​អនុវត្តន៍​។ ការលើកឡើង​បន្ថែម​ភាគី​សហជីព​។​
​ដោយឡែក អ្នកនាង ដាវី ប្រធាន​រដ្ឋបាល​នៃ​រោងចក្រ​មួយ​ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា គម្រោង​បើកប្រាក់​ឈ្នួល​០២​លើក​ក្នុង​មួយខែ​នេះ មិនមាន​បញ្ហា​ទេ​សម្រាប់​កម្មករនិយោជិត ក៏ដូចជា​ការតវ៉ា​នានា ព្រោះនេះ​គឺជា​ការចូលរួម​អនុវត្តន៍​ទៅតាម​ច្បាប់​បានកំណត់​។

​សូមបញ្ជាក់ថា ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចាប់ពី​ខែមករា ឆ្នាំ​២០១៩​តទៅ ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយណា ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ​ត្រូវ​រៀបចំ ឲ្យ​មានការ​បើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត​ចំនួន​០២​ដង ក្នុង​មួយខែ ដោយ​ត្រូវ​បើក​លើក​ទី​១ ស្មើនឹង​ចំនួន​៥០​ភាគរយ នៃ​ប្រាក់​ឈ្នួល​សុទ្ធសាធ​ក្នុង​០១​ខែ ក្នុង​សប្តាហ៍​ទី​២ និង​លើក​ទី​២ ស្មើនឹង​ចំនួន​ប្រាក់​ឈ្នួល​សុទ្ធសាធ​ដែល​នៅសល់ ប្រាក់​ឈ្នួល​បន្ទាប់បន្សំ និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដែល​កម្មករនិយោជិត​ត្រូវ​ទទួលបាន​នៅក្នុង​ខែ​នីមួយៗ ក្នុង​សប្តាហ៍​ទី​៤​។ ចំពោះ​បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​ប្រកាស​ខាងលើ​ត្រូវ​ទុកជា​និរាករណ៍​៕ ល​