សេចក្តីព្រាង “កម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល ២០២០-២០២២” ត្រូវបានអនុម័ត ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ រយៈពេលបីឆ្នាំនេះរាជរដ្ឋាភិបាល គ្រោងនឹងចំណាយសរុប ១៤.៤៨៧លានដុល្លារ អាម៉េរិកសម្រាប់កម្មវិធីវិនិយោគសាធារណៈ សរុបចំនួនជាង ៦០០ គម្រោង។
សេចក្តីព្រាង”កម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល២០២០-២០២២” ធ្វើឡើងក្នុង គោលបំណងធ្វើការបង្ហាញពីទិន្នន័យគម្រោងវិនិយោគដែលមានអាទិភាពខ្ពស់របស់ ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាដែលជាគោលនយោបាយមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤និងជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តគោលនយោបាយ ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ.) ២០១៩-២០២៣ ។
ក្នុងកម្មវិធីវិនិយោគសាធារណៈ រយៈពេលបីឆ្នាំនេះ ជាមធ្យម រាជរដ្ឋាភិបាលគ្រោង ចំណាយប្រមាណ ៤.៨២៩លានដុល្លារ ដើម្បីឲ្យបានស្របតាមស្ថានភាពជាក់ស្តែងនៃ ការប្រែប្រួលថ្លៃទំនិញ និងអតិផរណាហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទានសហ ប្រតិបត្តិការដែលដៃគូអភិវឌ្ឍន៍ធ្លាប់បានសន្យា។
កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ មានគម្រោងសរុបជាង ៦០០គម្រោង ដែលក្នុងនោះ មានចំនួន ១៧១ គម្រោង ជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនចំនួន ៧.៥៣៧ លានដុល្លារ និងចំនួន ៤៣៨ គម្រោង ជាគម្រោង សម្រាប់អនុវត្ត ផ.យ.អ.ជ. ដែលត្រូវការទុនចំនួន ៦.៩៥០ លានដុល្លារ ។ ជាសរុប បរិមាណទុនតាមឆ្នាំរបស់កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ រួមមាន ឆ្នាំ២០២០ ចំនួន ៤ ៥៥៦ លានដុល្លារ,ឆ្នាំ២០២១ ចំនួន ៥ ១០៤ ដុល្លារ និងឆ្នាំ២០២២ ចំនួន ៤.៨២៧ លានដុល្លារ ។
ក្នុងបរិមាណទុនសរុប ១៤.៤៨៧ លានដុល្លារនៃកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល ២០២០-២០២២ បានមកពីការសន្យាផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូ អភិវឌ្ឍន៍ រួចហើយ មានចំនួន ៨.៥៩៧ លានដុល្លារ (ក្នុងនោះពីរាជរដ្ឋាភិបាល កម្ពុជាចំនួន ៥២៩,៨ លានដុល្លារ និងពីដៃគូអភិវឌ្ឍចំនួន ៨.០៦៧,៥លានដុល្លារ)។
គម្រោងនានារបស់កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ ត្រូវបាន បែងចែកតាមវិស័យដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ រួមមាន ៦,៥ភាគរយ នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យសង្គមកិច្ច ។ ៣២,៧ភាគរយនៃតម្រូវការចំណាយ វិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច។ ៥៣,៨ភាគ រយ នៃតម្រូវការចំណាយវិនិយោគសាធារណៈ សរុបសម្រាប់អនុវត្តគម្រោងក្នុង វិស័យហេដ្ឋារចនាសម្ព័ន្ធ។ ៧,០ភាគរយនៃតម្រូវការចំណាយវិនិយោគសាធារណៈ សរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យសេវា និងកម្មវិធីអន្តរវិស័យ ។
រាជរដ្ឋាភិបាល បានបញ្ជាក់ថា ការធានាឲ្យមាននូវកម្មវិធីវិនិយោគសាធារណៈមួយ នឹងត្រូវរួមចំណែកក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិទាំងមូលក៏ដូចជាធ្វើជា ឧបករណ៍ផ្នែកគោលនយោបាយ សម្រាប់ប្រែក្លាយគោលនយោបាយអាទិភាពជាតិ ឲ្យទៅជាការពិតជាក់សែ្តង គឺជាប្រការចាំបាច់នៅក្នុងដំណើរការនៃការរៀបចំគោល នយោបាយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។
តាមការបែងចែកចំណាយវិនិយោគសាធារណៈ រយៈពេលបីឆ្នាំនេះ គឺ ៥៣,៨ភាគរយ នៃតម្រូវការចំណាយសរុប ១៤.៤៨៧ លានដុល្លារ ដែលស្មើប្រមាណជាង៧ពាន់ លានដុល្លារ ត្រូវបានបែងចែក សម្រាប់អនុវត្តគម្រោងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ វិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវ ស្ពាន ប្រព័ន្ធលូ ទឹក ភ្លើង ជាដើមគឺសុទ្ធសឹង តែប្រជាពលរដ្ឋ ជាអ្នកទទួលបានផលប្រយោជន៍ និងប្រើប្រាស់ដោយផ្ទាល់ពីគម្រោង ទាំងនោះ។
ដើម្បីសម្រេចបានផែនការរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២គឺរាជរដ្ឋា ភិបាល ត្រូវការថវិកា ៥.៨៩០ លានដុល្លារទៀត ខណៈដែលមកដល់ពេលនេះ រាជរដ្ឋាភិបាល ទទួលបានថវិកាចំនួន ៨.៥៩៧ លានដុល្លារ (ក្នុងនោះពីរាជរដ្ឋាភិបាល កម្ពុជាចំនួន ៥២៩,៨ លានដុល្លារ និងពីដៃគូអភិវឌ្ឍ ចំនួន ៨.០៦៧,៥លានដុល្លារ)។
តើអាចសម្រេចបានទេ ក្នុងរយៈពេលបីឆ្នាំ គិតពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២? បើតាម កំណើនសេដ្ឋកិច្ច គឺកម្ពុជាយើងកំពុងរីកចម្រើនដោយមានកំណើនសេដ្ឋកិច្ចប្រមាណ ជាង ៧ភាគរយ ក្នុងមួយឆ្នាំ។ ដោយឡែក ដៃគូអភិវឌ្ឍ ក៏មិនបោះបង់កម្ពុជាឡើយ ទោះបីជារយៈកាលចុងក្រោយមានបញ្ហានយោបាយអតីតគណបក្សប្រឆាំងនៅ កម្ពុជា ក៏ដោយ។ ក្នុងនោះ ជប៉ុន សហភាពអឺរ៉ុប រួមទាំងអាមេរិកក៏នៅតែបន្តមាន ទំនាក់ទំនងល្អជាមួយកម្ពុជា និងបន្តអនុវត្តគម្រោង ផ្តល់ជំនួយជួយកម្ពុជាលើវិស័យ ជាច្រើន។ នេះគេមិនទាន់គិតពីដៃគូអភិវឌ្ឍ ដែលមានអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងមហាមិត្តចិន និងប្រទេសដទៃ ច្រើនទៀតដែលតែងតែជួយ ឧបត្ថម្ភគាំទ្រ ផ្តល់ជំនួយអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីផ្តួលរំលំរបបខ្មែរក្រហម និងក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣ នោះទេ។
យ៉ាងណាក៏ដោយចុះ រាល់ការអនុវត្តគម្រោងចំណាយទាំងអស់ ពិសេសពីដៃគូអភិវឌ្ឍ ឬហៅជាសាមញ្ញថា ពីប្រទេសផ្តល់ជំនួយ គឺរាជរដ្ឋាភិបាលតាមរយៈក្រសួងស្ថាប័ន ជំនាញ គួរតែអនុវត្តចំណាយដោយតម្លាភាព គណនេយ្យភាព មិនលម្អៀងពោលគឺ មិនមានការកិបកេង ពុករលួយ នោះទើបជាទំនុកចិត្តមួយសម្រាប់អ្នកផ្តល់ជំនួយ ជួយដល់កម្ពុជាយើង។
សរុបទៅ បើសិនជាប្រជាជនកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ នោះកម្ពុជា នឹងបន្តការអភិវឌ្ឍហើយកម្មវិធី គោលនយោបាយ ៣ឆ្នាំរំកិល ពីឆ្នាំ២០២០-២០២២ ដែលមានជាង ៦០០ គម្រោងនឹងអាចអនុវត្តប្រកបដោយជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា៕ ដោយៈ ម៉េងឆៃ