ដោយៈ សុផល/ភ្នំពេញៈកាលពីឆ្នាំ២០១៦ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថាកយកា បានផ្តល់ថវិកាចំនួន២លានដុល្លារអាមេរិកសម្រាប់គម្រោងធ្វើឱ្យល្អប្រសើរឡើងគុណភាពសិក្សានិងកែលម្អសាលាជាតិកសិកម្មកំពង់ចាម។គម្រោងនេះមានរយៈពេល៤ឆ្នាំ ពីឆ្នាំ២០១៦ដល់២០១៩ ដែលមកដល់ឥឡូវបានពាក់កណ្តាលអាណត្តិហើយ។
ជាផ្នែកសំខាន់មួយនៃគម្រោងនេះក្រសួងកសិកម្មនិងអង្គការកយការកូរ៉េនឹងចងក្រងសៀវភៅកម្មវិធីសិក្សាកសិកម្មថ្មីទំនើបដើម្បីលើកកម្ពស់គុណភាពសិក្សាលើវិស័យនេះស្របទៅតាមស្តង់ដារអន្តរជាតិទាំងនៅក្នុងតំបន់អាស៊ាននិងសាកលលោក។
លោកឱមគឹមស៊ារដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថាសៀវភៅកម្មវិធីសិក្សាថ្មីនេះ មានចងក្រងពីមូលដ្ឋានគ្រឹះកសិកម្មសម្រាប់ដាំដំណាំនិងចិញ្ចឹមសត្វ ទីផ្សារកសិកម្ម វិទ្យាសាស្ត្រក្នុងការចិញ្ចឹមសត្វដើម្បីឈានទៅអភិវឌ្ឍជនបទនិងចលនាភូមិថ្មីដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសឲ្យកាន់តែរីកចំរើនថែមទៀត ។
ថ្លែងក្រោយសិក្ខាសាលាបូកសរុបលទ្ធផលពាក់កណ្តាលគម្រោងលើកកម្ពស់គុណភាពអប់រំនិងនវានុវត្តន៍សាលាជាតិកសិកម្មចំការដូងនៅព្រឹកថ្ងៃទី៦កក្កដានេះនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ លោក ឱម គឹមស៊ា បានបន្តថាសៀវភៅដែលចងក្រងថ្មីនេះនឹងរួចរាល់នៅឆ្នាំ២០១៩ដោយនឹងបោះពុម្ពយកទៅចែកចាយនៅតាមសាលាកសិកម្មនានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មដូចជាសាលាកសិកម្មជាតិកំពង់ចាមសាលាកសិកម្មព្រែកលៀបនិងសាកលវិទ្យាល័យភូមិន្ទកសិកម្មជាតិចំការដូងដើម្បីឲ្យសាស្ត្រាចារ្យបង្រៀនដល់សិស្សឲ្យកាន់តែមានសមត្ថភាពកាន់តែខ្ពស់ថែមទៀត។
លោកសួនសេរីនាយកសាលាជាតិកសិកម្មកំពង់ចាមបានសន្យាថានឹងយកសៀវភៅសិក្សាថ្មីទាំងនេះពិសេសសៀវភៅអភិវឌ្ឍជនបទនិងចលនាភូមិថ្មីឲ្យសាស្ត្រាចារ្យបង្ហាត់បង្រៀនដល់សិស្សឲ្យបានទូលំទូលាយព្រោះថាសៀវភៅវនេះជួយបណ្តុះមនសិកានិងឆន្ទៈរបស់យុវជនជំនាន់ក្រោយឲ្យមានគំនិតអភិវឌ្ឍនៅតំបន់ជនបទដែលប្រទេសកូរ៉េខាងត្បូងធ្វើបានជោគជ័យរួចមកហើយ។
លោកជុងយ៊ុនគីលនាយកទីភ្នាក់ងារកយការប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថាការដែលអង្គការកូយកាជួយដល់សាលាជាតិកសិកម្មកំពង់ចាមនេះដោយសារតែសៀវភៅសិក្សារបស់សាលានេះនៅមានកំរិតនៅឡើយ។ក្រៅពីជួយកែលម្អសៀវភៅសិក្សា។
លោកបានបន្តថាអង្គការក៏បានជួយផងដែរលើការបណ្តុះបណ្តាលធនធានមនុស្សរៀបចំបំពាក់ឧបករណ៍សិក្សានិងពិសោធន៍ស្រាវជ្រាវពិសេសរៀបចំផែនការមេរយៈពេលមធ្យមនិងវែងដើម្បីតម្រង់ទិសនិងកែលម្អប្រព័ន្ធគ្រប់គ្រងឲ្យមានលក្ខណៈវិទ្យាសាស្ត្រស្របទៅតាមការវិវឌ្ឍនៃបច្ចេកវិទ្យានិងបរិបទនៃការអភិវឌ្ឍន៍សង្គមជាតិនិងតំបន់ដើម្បីឲ្យសាលាជាតិកសិកម្មក្លាយជាគ្រឹះស្ថានឧត្តមសិក្សាមួយមានសមត្ថភាពនិងមានទទួលស្គាល់ខ្ពស់នៅក្នុងតំបន់ក៏ដូចជាវិស័យអប់រំជាសាកល។
លោកជុងយ៉ុងគីលបានលើកឡើងថាកសិកម្មជាវិស័យអាទិភាពមួយ\ដែលកយការចង់ជួយដល់ប្រទេសកម្ពុជា ពីព្រោះកម្ពុជាជាប្រទេសដែលមានសក្ដានុពលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជាប្រទេសមានភាពល្បីល្បាញ តាំងពីយូរមកហើយ លើការងារកសិកម្មនេះ ៕S/