គយ​ខេត្ត​ចាប់​រថយន្ត​ចង្កូត​ស្តាំ​១​គ្រឿង​ទៀត បន្ទាប់ពី​គយ​ចល័ត​ក្រសួង​ចាប់​ឡាន​ឧកញ៉ា​ម្នាក់

1044
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: គយ​ចល័ត​នៃ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៃ​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ បាន​ចាប់​រថយន្ត​ចង្កូត​ស្តាំ​១​គ្រឿង​ទៀត បន្ទាប់ពី​គយ​ចល័ត​ក្រសួង​ចាប់​ឡាន​ឧកញ៉ា​ម្នាក់​កន្លងមក​។​

​លោក សាំង ណន អនុប្រធាន​ការិយាល័យ នៃ​គយ​ខាងលើ បាន​ដឹកនាំ​កំលាំង​គយ​ចល័ត​បង្ក្រាប​ចាប់​រថយន្ត​ចង្កូត​ស្តាំ ដែល​លួច​នាំចូល​ខុសច្បាប់ ហើយ​ឆ្នាំ​កែ ដាប់​លេខ បិទ​លតាប័ត្រ​(​វី​ញ៉ែ​ត​) និង​បំពាក់​ស្លាក ន​.​ប​. (​នគរបាល​)​។ រថយន្ត​នោះ​ម៉ាក​ហ្វ​ត​២​បាំង (Ford Ranger) ស៊េរី​ឆ្នាំ​២០១៨ ត្រូវបញ្ជូន​ដល់​សាខាគយ​ខេត្ត នៅ​ថ្ងៃទី​១៧​ធ្នូ​នេះ​កន្លងមក​។ ពោលគឺ​បន្ទាប់ពី​បង្ក្រាប​នៅ​ប៉ោយប៉ែត​កាលពី​ថ្ងៃទី​១៦​ធ្នូ ហើយ​ដើម្បី​ចាត់ការ​បន្ត​។​

​លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ​ខាងលើ ឲ្យ​ដឹងថា ករណីនេះ គ្មាន​វប្បធម៌​អន្តរាគមន៍​ដោះលែង​បានទេ ព្រោះ​ខុសច្បាប់​ហើយ​ឡាន​ចង្កូត​ស្តាំ​។

​សូម​រំលឹកថា លោក សុទ្ធា វ៉ាន់​ណា​រី នៃ​ក្រុម​គយ​ចល័ត​តំបន់​៥ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​ការ​ប្រចាំខេត្ត​បន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២​ខែធ្នូ​ថា​: កាលពី​ព្រឹក​ថ្ងៃទី​១​ខែធ្នូ គយ​ចល័ត​ក្រសួង និង​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញារង នៃ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ឆ្មក់​បង្ក្រាប កាលពី​ម្តុំ​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១​ខែធ្នូ​នៅក្នុង​បរិវេណ​ភូមិគ្រឹះ​លោក​ឧកញ៉ា​ហង្ស ស៊ីផា នា​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ នូវ​រថយន្ត​រត់​ទូរ​ទំនើប​ផលិត​ឆ្នាំ​២០១៦ ទាំង​២​គ្រឿង​នោះ របស់លោក​ឧក​ញ្ញ៉ា​ហង្ស ស៊ីផា​។​

​រថយន្ត​ខាងលើ​ត្រូវ​រឹបអូស ហើយ​ទុកចោល ព្រោះ​គ្មាន​គោលការណ៍​បង់ពន្ធ​គយ​ឡើយ​៕