គយ​ថៃ​យក​រថយន្ត​និង​ម៉ូតូ​រឹបអូស​បាន​៣០០ គ្រឿង​ទៅ​ដាក់​នៅ​កន្លែង​លក់​ដេញថ្លៃ​

1053
ចែករម្លែក

នាយកដ្ឋាន​គយ​ក្នុងប្រទេស​ថៃ​បាន​យក​ម៉ូតូ​និង​រថយន្ត​រឹបអូស​បាន​ប្រមាណ​៣០០​គ្រឿង មក​ដាក់លក់​ដេញថ្លៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៦ កក្កដា ពោលគឺ​មួយ​សប្តាហ៍ បន្ទាប់ពី​ការលក់​ដេញថ្លៃ​គ្រោង​ធ្វើ​ពី​គ្រា​មុន ត្រូវបាន​លុបចោល​វិញ ដោយសារ​បញ្ហា​ជុំវិញ​ការចុះបញ្ជី​យានយន្ត ដែល​លើកឡើង​ដោយ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​របស់​ថៃ (DLT)​។​

​យានយន្ត​ដែល​ត្រូវ​ដាក់លក់​ដេញថ្លៃ​ទាំងនេះ​បានមកពី​ការ​រឹបអូស​ពី​ករណី​ព្រហ្មទណ្ឌ ទោះជា​យ៉ាងណា រថយន្ត​ថ្លៃៗ​ជិត​១០០​គ្រឿង​ត្រូវបាន​ដក​ចេញពី​បញ្ជី​ដេញថ្លៃ ក្រោយ​អាជ្ញាធរ​រកឃើញថា រថយន្ត​ទាំងនោះ​ជា​រថយន្ត​ចោរលួច​មកពី​បរទេស​ហើយ​ដែល​ត្រូវ​បញ្ជូនទៅ​ប្រទេស​ដើម​វិញ​។​

​នាយកដ្ឋាន​គយ​កាលពី​សប្តាហ៍​មុន​បាន​លុបចោល​ការលក់​ដេញថ្លៃ​នេះ បន្ទាប់ពី DLT លើកឡើង​ពី​ការបារម្ភ​ថា ការលក់​ដេញថ្លៃ​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​លាង​រថយន្ត​នាំចូល​ខុសច្បាប់​។ DLT ក៏បាន​សួរ​ផងដែរ​ថា​តើ​យានយន្ត​ទាំងនេះ​នៅជាប់​ករណី​បណ្តឹង​តុលាការ​ឬ​អត់​។​តែ​មន្ត្រី​គយ និយាយថា រាល់​យានយន្ត​ដែល​ដាក់លក់​ដេញថ្លៃ​ទាំងអស់នេះ​គឺមាន​សិទ្ធិ​ស្របច្បាប់​ដើម្បី​ចុះបញ្ជី​។ ការកែប្រែ​មួយចំនួន​ត្រូវបាន​ធ្វើឡើង​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​កំណត់ដោយ DLT​។​

​អ្នកដេញថ្លៃ​ជោគជ័យ​នឹងមាន​ពេល​៦ ខែ​ដើម្បី​យក​យានយន្ត​ទៅ​ចុះបញ្ជី​។​

​ក្នុងចំណោម​យានយន្ត​ទាំងនោះ​រួមមាន រថយន្ត Ferrari California ឆ្នាំ​២០១៥ ជាមួយ​តម្លៃ​ចាប់ផ្តើម ២០,៦២ លាន​បាត (៦០៤.៨៧០ ដុល្លារ​) និង រថយន្ត Harley Davidson Electra Glide ឆ្នាំ​២០១៣ មានតម្លៃ ៦២០.០០០ បាត (១៨.១៨៧ ដុល្លារ​)​។​

​សូមបញ្ជាក់ថា យានយន្ត​ដែល​ត្រូវ​ដាក់លក់​ដេញថ្លៃ​នេះ​ភាគច្រើន ត្រូវបាន​រឹបអូស​ពី​ពួក​គេចពន្ធ ពួក​ថ្នាំញៀន​និង​បទឧក្រិដ្ឋ​ផ្សេងទៀត​។​

​ក្នុងចំណោម​រថយន្ត​ដែល​ដកចេញ​បញ្ជី​ដេញថ្លៃ រួមមាន​រថយន្ត McLaren 650s មួយគ្រឿង​ដែល​គ្រោង​លក់​៣០​លាន​បាត​(​ជិត​១​លាន​ដុល្លារ​)​។​

​បើតាម​សារព័ត៌មាន​straitstimes ឈ្មោះ​របស់​ថៃ​ជា​ប្រទេស​នាំមុខគេ​មួយ​ខាង​ជំនួញ​រថយន្ត​ចោរ​ត្រូវបាន​ចាប់អារម្មណ៍​នៅ​ប៉ុន្មាន​សប្តាហ៍​នេះ​បន្ទាប់ពី​ប៉ូលិស​អង់គ្លេស​បាន​និយាយថា​កំពូល​រថយន្ត​ទំនើប​រាប់សិប​គ្រឿង​ត្រូវបាន​លួច​នាំមក​កាន់​ព្រះរាជាណាចក្រ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​ទោះជា​យ៉ាងណា ប៉ូលិស​ក្រុង​បាងកក​បានធ្វើ​ការបង្ក្រាប ដោយ​ដកហូតយក​រថយន្ត​ជាច្រើន​គ្រឿង​ដែល​ត្រូវបាន​នាំចូល​ដោយ​ខុសច្បាប់​រួមមាន​រថយន្ត​យ៉ាងតិច​៧​ដែល​ត្រូវគេ​លួច​នៅ​អង់គ្លេស និង​បាន​ចាប់ខ្លួន​ឈ្មួញ​រថយន្ត​ជាច្រើន​នាក់​ផង​៕​ ដោយ ៖កញ្ញាដាលីស

តារាម៉ូដែលថៃ ព្យាយាមឡង់សេលក់រថយន្តដេញថ្លៃកាលពីថ្ងៃ៦កក្កដា

#