គាស់​ផ្ទះ​លួច​ទូរស័ព្ទ​បានសម្រេច​៣​ថ្ងៃ ចុងក្រោយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

854
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយពី​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ ទូរស័ព្ទ​ជាច្រើន​គ្រឿង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ ចូល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ព្រឹក​ឡើង​ម្ចាស់​ទៅប្តឹង​នគរបាល ប៉ុស្ដិ៍​កា​កាប​១ ចុះ​ស្រាវជ្រាវ កំណត់​បាន​នូវ​មុខសញ្ញា ចាប់ខ្លួនបាន​ជនសង្ស័យ នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា​ឆ្នាំ​២០១៨ នេះ​នៅក្នុង​ភូមិ​ប៉​ប្រ៉​ក​ត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ឈ្មោះ ខៀវ គឹម​ឈន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ ផ្ទះជួល ផ្លូវ​បេតុង ក្រុម​១៣ ភូមិ​ប៉​ប្រ៉​ក​ត្បូង សង្កាត់​កា​កាប​១ ត្រូវបាន​ចាប់ខ្លួន ចំណែក​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ង៉ោ​ល បាន​រត់​គេចខ្លួនបាត់ ។ រីឯ​ជនរងគ្រោះ​ឈ្មោះ ចាន់ ពន្លឺ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ លក់​ទូរស័ព្ទ នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប​១ មាន​ស្រុកកំណើត ខេត្តស្វាយរៀង​។ ដោយឡែក​ទូ​ស័ព្ទ​ដែល​ជនសង្ស័យ គាស់​ទ្វារ​ចូល​លួច អស់​ជាង​១០​គ្រឿង ប្រភេទ​ចម្រុះ ដកហូត​បានមក​វិញ តែ​៣​គ្រឿង​។​

​តាម​សម្តី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​វេលា​រំលងអធ្រាត្រ ថ្ងៃទី​២៣ ខែកញ្ញា ខណៈដែល​កំពុង​លង់លក់​ក្នុង​ដំណេក ត្រូវបាន​ជនសង្ស័យ​២​នាក់ ទៅធ្វើ​សកម្មភាព​គាស់​ទ្វារ​ចូល​លួច​ទូ​ស័ព្ទ​អស់ពី​ក្នុង​ទូ ហើយ​គេចខ្លួន ដោយ​យប់​ជ្រៅ​ទៅហើយ មិនទាន់​ប្តឹង​នគរបាល​ភ្លាម​ទេ លុះ​រហូតដល់​ព្រឹក​ឡើង​ទើប​ទៅ​ដាក់ពាក្យ​បណ្តឹង ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ចុះ​ស្រាវជ្រាវ កំណត់​មុខសញ្ញា​បាន ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ រត់​គេ​ច្លួ​ន​ម្នាក់ ដកហូត​បាន​ទូរស័ព្ទ​មកវិញ​តែ​៣​គ្រឿង​។​

​ជនសង្ស័យ​បាន​សារភាព​ផងដែរ ខ្លួន​និង​បក្ខពួក ពិតជា​ទៅ​គាស់​ផ្ទះ​លួច​ទូរស័ព្ទ​ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច​ឃាត់ខ្លួន សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​បន្ត​តាម​នីតិវិធី៕