គាំងម៉ាស៊ីន​ដក​ប្រាក់ ATM រាប់ពាន់​គ្រឿង​ទូទាំង​ឥណ្ឌូនេស៊ី បន្ទាប់ពី​មាន​បញ្ហា​ផ្កាយរណប​

840
ចែករម្លែក

​ម៉ាស៊ីន​ដក​ប្រាក់ ATM និង​ម៉ាស៊ីន​បង់ប្រាក់​អេឡិចត្រូនិក​រាប់ពាន់​គ្រឿង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ដាច់​ប្រើប្រាស់​មិនបាន​កាលពី​ចុង​សប្តាហ៍ ហើយ​វា​អាច​នឹង​ចំណាយពេល​ពីរ​សប្តាហ៍ មុនពេល​សេវាកម្ម​ពេញលេញ​ត្រូវបាន​ស្តារឡើងវិញ បន្ទាប់ពី​ដាច់​ចរន្តអគ្គិសនី​ពី​ផ្កាយរណប ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន PT Telekomunikasi Indonesia (Telkom) ។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Telkom លោក អា​ឡិច ស៊ីណា​ហ្គា (Alex Sinaga) បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​សីហា​ថា ទីតាំង​លើដី​ប្រមាណ ១៥.០០០ កន្លែង​នៅ​ទូទាំងប្រទេស​ឥណ្ឌូណេស៊ី បាន​រង​ផលប៉ះពាល់​ដោយសារ​បញ្ហា​នៅលើ​ផ្កាយរណប “Telkom-1” ដែល​សេវាកម្ម​របស់​វា ត្រូវបាន​ប្រើប្រាស់​ដោយ​ទីភ្នាក់ងារ​រដ្ឋាភិបាល ធនាគារ ស្ថានីយទូរទស្សន៍ និង​ក្រុមហ៊ុន​ដទៃទៀត​។​

​ការផ្លាស់ប្តូរ​ទិសដៅ​នៃ​អង់​តែ​ន​របស់​ផ្កាយរណប​ដែល​ត្រូវបាន​រកឃើញ​ជា​លើកដំបូង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បានធ្វើ​ឱ្យដាច់​ចរន្តអគ្គិសនី​។​

​នាយក​ប្រតិបត្តិ​ធនាគារ BCA លោក ចា​ហា សេ​ធី​អាត​ម៉ា​ដ​ចា (Jahja Setiaatmadja) បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ធនាគារ BCA ដែលជា​ធនាគារ​ធំ​បំផុត​របស់​ឥណ្ឌូនេស៊ី​ផ្អែក​តាម​តម្លៃ​ទីផ្សារ មាន​ម៉ាស៊ីន ATM ប្រហែល ៥.៧០០ គ្រឿង​រង​ផលប៉ះពាល់​ដោយ​ការ​ដាច់​ចរន្តអគ្គិសនី ឬ​ស្មើនឹង ៣០ ភាគរយ​នៃប្រតិបត្តិ​ការសរុបរ​បស់​ធនាគារ​។ លោក​បាន​និយាយថា ការតភ្ជាប់​អ៊ី​ធឺ​ណេ​ត​នៅតាម​សាខា​ដាច់ស្រយាល​មួយចំនួន​របស់​ធនាគា​រ BCA ត្រូវបាន​ប៉ះពាល់​ផងដែរ​។​

​ធនាគារ Bank Rakyat Indonesia ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​និយាយថា ទូរ ATM ប្រហែល ៣០០ គ្រឿង​របស់ខ្លួន​បាន​រង​ផលប៉ះពាល់ ប៉ុន្តែ​ម៉ាស៊ីន​មួយចំនួន​ត្រូវបាន​ស្តារឡើងវិញ​ហើយ​៕ ដោយ៖ កញ្ញាដាលីស

រូបតំណាង