គាំទ្រ !​ល្មម​ដល់​ពេលដែល​គួរ​ដាក់​បង្ហៀរ​!

516
ចែករម្លែក

កាលពី​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ក្រុមហ៊ុន​ឯកជន ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រ៉ឺម៉ក​ម៉ូតូ​កង់​បី ឬ​ឡាំប្រឺតា នៅក្នុង​រាជធានី​ភ្នំពេញ រួមជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ជជែក​គ្នា ស្វែងរក​វិធានការ​ជាក់លាក់​មួយ​ក្នុងការ​គ្រប់គ្រង មធ្យោបាយ​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ម៉ូតូ​កង់​បី​។ កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​ក្រោយពី​កើតមាន បញ្ហា​ជាច្រើន​នាពេល​ថ្មីៗ​នេះ​ដែល​បង្កឡើង​ដោយ​ម៉ូតូ​កង់​បី​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ​។​

​នៅ​ភ្នំពេញ​មាន​ក្រុមហ៊ុន​ចំនួន​បី​កំពុង​រកស៊ី​តាមរយៈ​មធ្យោបាយ​ដឹកជញ្ជូន​អ្នកដំណើរ​ដោយ​ម៉ូតូ កង់​បី​។ គឺ​ក្រុមហ៊ុន​ផាស ស្អេ​ប​(PassApp). ក្រុមហ៊ុន ហ្ក្រេ​ប​(Grab) និង​ក្រុមហ៊ុន​វី​ហ្គោ​( We go)​។​

​ក្នុង​កិច្ចប្រជុំ​នោះ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង លើកឡើងថា ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​កើតមាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​ពិសេស​កើតមាន បាតុភាព​អ្នករត់​ម៉ូតូ​កង់​៣ បៀតបៀន​រាងកាយ​អ្នកដំណើរ​ថែមទៀត និង​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន របស់​អ្នកដំណើរ ជាដើម​។ ដូច្នេះ​ការគ្រប់គ្រង​ម៉ូតូ​កង់​៣​នេះ មិនអាច​ព្រលែង​បានទេ ព្រោះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ​។​

​តាមរយៈ​កិច្ចប្រជុំ​នេះ មន្ត្រី​ជំនាញ បញ្ជាក់ថា ចាប់ពី​ឥឡូវនេះ​ទៅ បងប្អូន​អ្នក​ប្រកប​របរ​រត់​ម៉ូតូ កង់​បី​ដែលមាន​សរុប ២៤.៤២៩ គ្រឿង ដែល​កំពុង​ប្រកប​របរ​ដឹកជញ្ជូន​អ្នកដំណើរ​សព្វថ្ងៃ នៅ​រាជធានី​ភ្នំពេញ​ទាំង​ក្រុមហ៊ុន ឬ​សមាគម តម្រូវ​ឲ្យ​អ្នករត់​ម៉ូតូ​កង់​បី​ទាំងអស់​ត្រូវ​ឆ្លងកាត់​វគ្គ បណ្តុះបណ្តាល បើកបរ​ម៉ូតូ​កង់​បី ឬ​រឺ​ម៉ក់​ម៉ូតូ​។ ម៉ូតូ​កង់​បី​ទាំងអស់ ត្រូវតែមាន​បិទ​រូបថត មាន​អត្តសញ្ញាណប័ណ្ណ លេខ​ទូរស័ព្ទ​ក្រុមហ៊ុន មាន​ប័ណ្ណបើកបរ​បិទ​នៅ​ជញ្ជាំង​ម៉ូតូ​ចំ​ពីមុខ អ្នកជិះ និង​ត្រូវមាន​ការចុះបញ្ជី​ត្រឹមត្រូវ​។ ក្នុងនោះ​ក៏​អាជ្ញាធរ​សមត្ថកិច្ច មិន​ឲ្យ​មាន​ម៉ូតូ​កង់​បី រត់​លើផ្លូវ ដោយ​គ្មាន​ស្លាក​លេខ​នោះឡើយ​។​

​យ៉ាងណាក៏ដោយ អាជ្ញាធរ​សមត្ថកិច្ច លើកឡើងថា ចំពោះ​ម៉ូតូ​កង់​បី រត់​តាមរយៈ​សមាគម ឬ​ក្រុមហ៊ុន​នានា​មិនមាន​បញ្ហា​អ្វី​ទេ​។ តែ​សម្រាប់​ម៉ូតូ​កង់​បី ដែល​ជួល​ពី​ក្រុមហ៊ុន ឬ​ម៉ូតូ​កង់​បី​ឯកជន ច្រើន​មាន​បញ្ហា និង​មានរឿង​ច្រើន ប៉ះពាល់​ដល់​អ្នកជិះ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ឲ្យ​អ្នករត់​ម៉ូតូ​កង់​បី ឬ​រ៉ឺម៉ក​ម៉ូតូ ទៅធ្វើ​ស្លាក​លេខ ដោយ​មិន​យកប្រាក់​រួមទាំង​វិធានការ​ដកហូត​វិទ្យុទាក់ទង​ពី​អ្នក រត់​ម៉ូតូ​កង់​បី​ដែល​ប្រើប្រាស់​បែប​អនាធិបតេយ្យ​ដែល​មិនមែនជា​សមត្ថកិច្ច​រប​ស់​ខ្លួន​ថែម​ទៀតផង​។ ប៉ុន្តែ​ចាប់ពីពេលនេះ​តទៅ អាជ្ញាធរ​សមត្ថកិច្ច លែងមាន​ការអនុគ្រោះ​ទៀតហើយ ព្រោះ​ការអប់រំ ក៏​យូរ​ល្មម​ហើយ​ដែរ​។​

​ជាការ​កត់សម្គាល់ នៅតាម​ផ្លូវ ពិសេស​នៅពេល​ផ្លូវ​ចង្អៀត​កកស្ទះ​ចរាចរ​ក៏មាន​អ្នកបើកបរ ម៉ូតូ​កង់​បី មួយចំនួន ឬ​ហៅថា កង់​បី​ឥណ្ឌា រួមទាំង​រ៉ឺម៉ក​ម៉ូតូ​មួយចំនួន បើក​ជែង​ប្រជ្រៀត ដូច​ម៉ូតូ​ដែរ​។ ការបត់​ទៀតសោត របស់​អ្នកបើកបរ​កង់​បី​មួយចំនួន ក៏​នឹក​ចង់​បត់​បត់​ដោយ មិនបាន​មើលមុខ មើល​ក្រោយ និង​មើល​ចំហៀង នាំ​ឲ្យ​ប៉ះពារ​អ្នកដំណើរ​ដទៃទៀត បង្ក​ជា​គ្រោះថ្នាក់​។​

​ជាងនេះទៅទៀត នៅពេល​ប៉ះ​ឡាន​របស់គេ​តាមផ្លូវ​ម្តងៗ គឺ​អ្នកបើក​បរកង់​បី ដែល​បង្កបញ្ហា តែងតែ​ស្លូត អាង​អី អាង​តែ​លើកដៃ​សំពះអង្វរ​។ តែ​ខ្លួនឯង​មិន​បើកបរ​ដោយ​ការប្រុងប្រយ័ត្ន ឡើយ​។ ផ្ទុយទៅវិញ បើសិនជា​ឡាន​ប៉ះ​ម៉ូតូ​កង់​បី​វិញ ចាំមើល​គ្នា​គាត់ មិនដឹង​មកពីណា​ទេ គឺ​ចោមរោម ស្ទើរតែ​ហៅថា របៀប​ចង់​កៀបស៊ី​លើ​អ្នក​ដែល​បើកបរ​ប៉ះ​កង់​បី​របស់គាត់​ក៏មាន​។​

​យ៉ាងណាក៏ដោយ​សរុបមក វិធានការ​របស់​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ ក្នុងការ​រឹតបន្តឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​អ្នកដំណើរ​តាមរយៈ​ការតម្រូវ​ឲ្យ​ក្រុមហ៊ុន​រកស៊ី​ខាង​ដឹកជញ្ជូន និង​អ្នកបើកបរ​ម៉ូតូ​កង់​បី​ទាំងអស់ ត្រូវ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល បើកបរ​ម៉ូតូ​កង់​បី​ឬ​រឺ​ម៉ក់​ម៉ូតូ ត្រឹមត្រូវ​។ ម៉ូតូ​កង់​បី​ទាំងអស់ ត្រូវតែមាន​បិទ​រូបថត មាន​អត្តសញ្ញាណប័ណ្ណ​លេខ​ទូរស័ព្ទ ក្រុមហ៊ុន មាន​ប័ណ្ណបើកបរ បិទ​នៅ​ជញ្ជាំង​ម៉ូតូ​ចំ​ពីមុខ​អ្នកជិះ និង​ត្រូវមាន​ការចុះបញ្ជី​ត្រឹមត្រូវ​។ ក្នុងនោះ ក៏​អាជ្ញាធរ​សមត្ថកិច្ច ក៏​តម្រូវ​ឲ្យ​ម៉ូតូ​កង់​បី រត់​លើផ្លូវ​ទាំងអស់ ត្រូវមាន​ស្លាក​លេខ​ផង​នោះ ពិតជា​វិធានការ​ត្រឹមត្រូវ និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​មហាជន​។

​បើសិនជា​អ្នក​ប្រកប​របរ​ដឹក​អ្នកដំណើរ​តាមរយៈ​ម៉ូតូ​កង់​បី ឬ​រ៉ឺម៉ក​ម៉ូតូ​ពិតជា​រកស៊ី​ដោយ​ត្រឹមត្រូវ ស្មោះត្រង់ សុច្ចរិត​មែន​នោះ គឺ​មិនមាន​អ្វី ដែល​ត្រូវ​តវ៉ា ឬ​មិន​គោរព​តាម​ការកំណត់​ខាងលើ របស់​អាជ្ញាធរ​សមត្ថ​កិច្ច​ឡើយ​។ អ្នកធ្វើដំណើរ​តាម​ម៉ូតូ​កង់​បី ឬ​រ៉ឺម៉ក​ម៉ូតូ មិន​ប្រាថ្នា​អ្វី ក្រៅតែពី​ទៅដល់​គោលដៅ ដោយ​សុវត្ថិភាព និង​មិន​ត្រូវបាន​អ្នករត់​ម៉ូតូ​កង់​បី ឬ​រ៉ឺម៉ក​ម៉ូតូ កាប់​កោរ​លុយ ឬក៏​ប្រព្រឹត្ត​អំពើ​មិនល្អ​លើ​ខ្លួន​នោះឡើយ​។ រីឯ​អ្នកបើកបរ រកស៊ី​ម៉ូតូ​កង់​បី ឬ​រ៉ឺម៉ក​ម៉ូតូ ដឹក​អ្នកដំណើរ ក៏​មិន​ប្រាថ្នា​អ្វី ក្រៅតែពី​លុយ​ថ្លៃ​សេវា តាម​ការកំណត់​គីឡូម៉ែត្រ ឬក៏​ការ​តថ្លៃ​គ្នា ត្រូវរ៉ូវ មិនតិច​ពេក ឬក៏​មិន​ច្រើន​កាប់​កោរ​អ្នកជិះ​ពេក នោះទេ​។​

​ដោយឡែក អ្នកធ្វើដំណើរ​តាមផ្លូវ​ដទៃទៀត ម៉ូតូ​ឡាន ក៏​ចង់បាន​ត្រឹមតែ​អ្នករត់​ម៉ូតូ​កង់​បី​ទាំងអស់ គោរព​តាមច្បាប់ បើកបរ​ដោយ​ការយោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ដើម្បី​កុំ​ឲ្យ​ប៉ះពារ​គ្នា នាំ​ឲ្យ​ខូច​ទាំង​ឡាន ខូច​ទាំង​ម៉ូតូ ហើយ​ខាត​លុយ ចេញសង និង​ជាពិសេស​ខាត​ពេលវេលា ដែល​ត្រូវយក​ឡាន យក​ម៉ូតូ​ខូច ទៅ​ជួសជុល​ថែមទៀត​។​

​សរុបមក​គឺ​សូម​គាំទ្រ​ចំពោះ​វិធានការ​នេះ​ព្រោះ​ល្មម​ដល់​ពេលដែល​គួរ​ដាក់​បង្ហៀរ​ហើយ​៕ ដោយ​: ម៉េង​ឆៃ​