គិត​ត្រឹម​ដំណាច់ខែ​មិថុនា រាជរដ្ឋាភិបាល​​បែងចែក​ដី​១,៣៤០ ៧៦៥,៤៧ហិកតា​ជូន​ប្រជាពលរដ្ឋ ៤៧៩,១១៤គ្រួសារ

929
ចែករម្លែក

ដោយ:​សុផល​/ភ្នំពេញ ៖ ​គិត​ត្រឹxម​ដំណាច់​ខែមិថុនា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​បាន​បែងចែក​ដីជូ​ន​គ្រួសារ​សរុប៤៧៩,១១៤គ្រួសារ លើ​ផ្ទៃដី​សរុប​ទំហំ១,៣៤០,៧៦៥,៤៧ ហិកតា និង​បាន​សាងសង់​ផ្ទះ​សរុប​ចំនួន៦,៦៩៩ខ្នង ជូន​អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ គ្រួសារ​កងទ័ព និង​នគរបាលជាតិ តាម​បណ្តោយ​ព្រំដែន និង​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​ទូទៅ​។​

នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្បទា​ន​ដី​សង្គមកិច្ច​ថ្នាក់ជាតិ នៅក្នុង កិច្ចប្រជុំ​គណៈកម្មការ​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់ជាតិ​កាលពី​ថ្ងៃទី​១៩​ខែកក្កដា ឆ្នាំ​២០១៩​នៅ​ទីស្តីការក្រសួង​។​

​លោក​ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​ឱ្យដឹងទៀតថា​អង្គប្រជុំ បាន​ឯកភាព​លើ​គំនូរ​ប្លង់​ស្ថាបត្យកម្ម​សម្រាប់​សាងសង់​ផ្ទះ​ជូន​គ្រួសារ​កងទ័ព នគរបាលជាតិ​នៅតាម​បណ្តោយ​ព្រំដែន និង​គ្រួសារ​អតីតយុទ្ធជន ដែលជា​ប្រភេទ​ផ្ទះប៉ិត​ម៉ូត​ខ្មែរ​ទំហំ ៦,៥ ម X ៧,៣ ម សសរ​បេតុង​អា​ម៉េ​និង គ្រោង​ដែក ក្រាល​ស្មា​តបត ជញ្ជាំង​ស្មា​តបត ប្រក់​ក្បឿង​ស៊ីម៉ង់ត៍​) ដែល​មិន​ជ្រាប​ទឹក និង​ធន​នឹង​អគ្គិភ័យ​។​

លោក ជា សុផារ៉ា បាន​បន្តថា​អង្គប្រជុំ​បានដាក់​ចេញ​នូវ​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ ២០១៩៖ (១).​ពង្រឹង​ការគ្រប់គ្រង​ដី​រក្សាទុក​សម្រាប់​គោលដៅ​សម្បទាន​ដី​សង្គមកិច្ច ដោយ​ប្រគល់​ភារកិច្ច​ជូន គណៈបញ្ជាការ​ឯកភាព​ខេត្ត ចុះ​ធ្វើការ​បោះបង្គោល កំណត់​និយាម​កា ចុះបញ្ជី​ដី​រដ្ឋ និង​ទប់ស្កាត់​ការចេញ​បណ្ណ​កម្មសិទ្ធិ ជូន​អ្នករំលោភ​កាន់កាប់​ដី​ដែល​រក្សាទុក​សម្រាប់​គោលដៅ​សម្បទាន​សង្គមកិច្ច (២).​បន្តធ្វើ​ការសាងសង់​ផ្ទះ​ជូន​គ្រួសារ​កងទ័ព​និង​នគរបាលជាតិ​តាម​បណ្តោយ​ព្រំដែន និង​គ្រួសារ​អតីតយុទ្ធជន (៣).​ជំរុញ​ការផ្តល់​វិ​ញ្ញា បន ប​ត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​សម្បទា​និក​ដែល​បានរស់នៅ និង​ប្រើប្រាស់​គ្រប់​លក្ខខណ្ឌ​នៃ​សម្បទាន​ដី​សង្គមកិច្ច (៤).​បង្កើត​ក្រុមការងារ​ដើម្បី​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច និង​ត្រួតពិនិត្យ​ការប្រើប្រាស់​ដី និង​ផ្ទះ​ដែល​បានប្រគល់​ដល់​ស​ម្ប​ទានិ​ក​នៅតាម​ខេត្ត​គោលដៅ​។ គណៈបញ្ជាការ​ឯកភាព​ខេត្ត ត្រូវ​ចេញ​បណ្ណ​កម្មសិទ្ធិ ជូន​សម្បទា​និក​ដែល​បានរស់នៅ និង​ប្រើប្រាស់​គ្រប​លក្ខ​ណ្ឌ និង​ដកហូត​ដី និង​ផ្ទះ​ត្រឡប់មកវិញ ក្នុងករណី​ការរស់នៅ​និង​ប្រើប្រាស់​មិន​ស្របតាម​លក្ខខណ្ឌ​នៃ​សម្បទាន​ដី​សង្គមកិច្ច ដើម្បី​ទុក​ប្រគល់ជូន​មុខសញ្ញា​សម្បទា​និក​ថ្មី​ដែល​កំពុង​ត្រូវការ​ពិតប្រាកដ​។ (៥). ជំរុញ​អនុវត្ត​បញ្ចប់​ឱ្យបាន​ជោគជ័យ​គម្រោង LASED II ក្រោម​ហិរញ្ញប្បទាន ធនាគារពិភពលោក និង​រៀបចំ​ឱ្យមាន​ប្រសិទ្ធភាព​នូវ​គម្រោង LASED III ដែល​គ្រោង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២២ លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២៧ ០០០ ហិកតា មាន ៣០ ទីតាំង សម្រាប់​សម្បទា​និក​ចំនួន ១៥ ០០០ គ្រួសារ ទៅ ១៦ ០០០ គ្រួសារ ស្ថិតនៅ​ខេត្ត​គោលដៅ​ចំនួន ៥ គឺ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និង​ខេត្តកំពង់ធំ ក្នុងនោះ មាន​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន ១៨ ទីតាំង (៦).​ដី​ដែល​មិនមាន​ជីវជាតិ​ត្រូវ​រក្សាទុក​សម្រាប់​សង់​លំនៅឋាន និង​ដី​មាន​ជីវជាតិ​ទុក​សម្រាប់​ផ្តល់​ជា​ដី​ធ្វើ​កសិកម្ម​។​

​សូមជម្រាបថា​ ​កិច្ចប្រជុំ​គណៈកម្មការ​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់ជាតិ​នេះ​ក៏មាន​ការចូលរួម​ពី​លោក គន់ គីម ទេសរដ្ឋមន្ត្រី​ទទួល​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់ជាតិ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង សមាជិក សមាជិកា គណៈកម្មាធិការ​សម្បទា​ន​ដី សង្គមកិច្ច​ថ្នាក់ជាតិ ដែលជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​៕B/