គីម​ប្រទូសរ៉ាយ ត្រាំ​រក្សា​ជំហរ​មុតមាំ​, អាចមាន​ការចរចា​ទៀត​ទេ​? អត់​ច្បាស់​

198
ចែករម្លែក
  • ត្រឡប់​ទៅ​កន្លែង​ចាប់ផ្តើម​ឡើងវិញ​
    ​បទ​វិចារណកថា របស់​កាសែត The Korea Herald កូរ៉េខាងត្បូង​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ជេ​អ៊ី​ន បាន​ភ្នាល់​ម្តងទៀត​លើ​ការសម្រុះសម្រួល​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​មួយទៀត​ដើម្បី​ស្តារ​ការចរចា​អំពី​អាវុធ​នុយក្លេអ៊ែរ​ដែលជា​ប់​គាំង​រវាង​អាមេរិក​និង​កូរ៉េខាងជើង​។​

​គ្មានអ្វី​រំភើបចិត្ត​ជាង​ការដែល​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​ព្រម​ទទួលយក​ការផ្តល់ជូន​របស់លោក​មូ​ន​និង​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី ៣ របស់លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​នោះឡើយ ដើម្បី​ចាត់វិធានការ​យ៉ាង​ស្មោះស្ម័គ្រ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​។​

​ប៉ុន្តែ​នេះ​គឺជា​ការគិត​ដែល​ទាមទារ​ការពិចារណា​ខ្លាំង​មែនទែន​។​

​ក្នុង​សុន្ទរកថា​មួយ​ទៅកាន់​សភា​ប្រជាជន​កំពូល​កាលពី​សប្តាហ៍​មុន លោក​គីម​មិនបាន​និយាយ​សោះឡើយ​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។ លោក​បាន​និយាយថា​ការទាមទារ​របស់​អាមេរិក​នៅឯ​កិច្ចប្រជុំ​កំពូល​ក្រុង​ហាណូយ​គឺ​ប្រឆាំងនឹង​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រជាជាតិ ហើយ​បាន​ប្តេជ្ញា​ថា​នឹង​កម្ចាត់​ចោល​នូវ​ទណ្ឌកម្ម​នេះ​ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង ប្រសិនបើ​សហរដ្ឋអាមេរិក​បន្តធ្វើ​ការទាមទារ​មិន​សម​ហេតុផល​ដើម្បី​ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។​

​លោក​ត្រាំ​បាន​ប្តេជ្ញា​រក្សា​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​កូរ៉េខាងជើង​រហូត​ទាល់តែ​អាវុធ​នុយគ្លេអ៊ែរ​ត្រូវបាន​រំសាយ​ទាំងស្រុង និង​ប្រកាន់យក​នូវ​កិច្ចព្រមព្រៀង​ជា​កញ្ចប់ ដោយ​បដិសេធ​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជា​ដំណាក់​កាលដែល​កូរ៉េខាងជើង​ចង់បាន​។​

​លោក​មូ​ន​បាន​និយាយថា​លោក​គីម​បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់លោក​ចំពោះ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​និង​បង្កើត​សន្តិភាព​។ ប៉ុន្តែ​សុន្ទរកថា​របស់លោក​គីម​មិនបាន​និយាយ​អំពី​រឿង​បែបនេះ​នោះទេ​។ ផ្ទុយទៅវិញ​លោក​គីម​បាន​និយាយថា​លោក​នឹងមិន​ធ្វើ​សម្បទាន​ឬ​ធ្វើការ​សម្រុះសម្រួល​សូម្បីតែ​បន្តិច នៅពេល​និយាយ​ដល់​ផលប្រយោជន៍​ជាតិ​ជា​មូលដ្ឋាន​របស់​ប្រទេស​លោក​។​

​លោក​គីម​ក៏​មិនបាន​លើកឡើង​អំពី​កិច្ចប្រជុំ​អន្តរ​កូរ៉េ​នោះដែរ​។ គាត់​បានទាមទារ​ឱ្យ​កូរ៉េខាងត្បូង​កុំ​ពឹងពាក់​លើ​ពួក​មហាអំណាច​បរទេស​និង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អាច​ធ្វើបាន​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ឯកតោភាគី​ជាមួយ​កូរ៉េខាងជើង​។ យ៉ាងណាមិញ លោក​គីម​បាន​ប្រាប់​លោក​មូ​ន​ឱ្យ​ឈរ​នៅ​ខាង​គាត់​និង​និយាយ​ការពារ​តែ​ខាង​គាត់​។​

​កូរ៉េខាងត្បូង​មិនអាច​ក្លាយជា​អ្នកសម្របសម្រួល​អព្យាក្រឹត​បានទេ នៅពេល​និយាយ​ដល់​ការចរចា​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ពីព្រោះ​កូរ៉េខាងត្បូង​គឺ​ស្ថិតក្រោម​ការគំរាមកំហែង​ដោយផ្ទាល់​ពី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​រដ្ឋបាល​លោក​មូ​ន​បាន​ដើរតួ​ប្រៀប​បីដូច​ជា​អ្នក​សម្រុះសម្រួល​អព្យាក្រឹត​។ ប៉ុន្តែ​លោក​ត្រាំ​មិន​យល់ឃើញថា​លោក​មូ​ន​ជា​អ្នក​សម្រុះសម្រួល​គួរឱ្យ​ទុកចិត្ត​នោះទេ​។ លោក​មូ​ន​មាន​ជំនួប​មួយ​ទល់​មួយ​ជាមួយ​លោក​ត្រាំ​កាលពី​សប្តាហ៍​មុន​តែ ២ នាទី​ប៉ុណ្ណោះ​។ ទាំង​វ៉ាស៊ីនតោន​និង​ព្យុងយ៉ាង​បាន​ព្រងើយកន្តើយ​នឹង​ការសម្របសម្រួល​របស់​លោក​មូ​ន​។ ការដែល​កូរ៉េខាងត្បូង​កាន់តែ​ប្រឹង​ដើរតួ​ជា​អ្នកសម្របសម្រួល កូរ៉េខាងត្បូង​នឹង​កាន់តែ​ត្រូវ​ទាញ​ឱ្យ​ឈរ​នៅ​ខាង​កូរ៉េខាងជើង​។​

​រដ្ឋបាល​លោក​មូ​ន​មិនគួរ​ភ្លេច​នូវ​អ្វីដែល​នាំឱ្យ​លោក​គីម​ឈាន​ចូលដល់​ការសន្ទនា​នោះទេ​។ វា​គឺ​ដោយសារ​ការដាក់ទណ្ឌកម្ម​ដែលមាន​ការសហការ​គ្នា​និង​សម្ពាធ​ធ្ងន់ធ្ងរ ជាជាង​យុទ្ធសាស្ត្រ​របស់លោក​មូ​ន​ដើម្បី​បំពេញចិត្ត​កូរ៉េខាងជើង​និង​ការ​ដើរតួ​ជា​អ្នកសម្របសម្រួល​កិច្ចប្រជុំ​កំពូល​។ រដ្ឋបាល​លោក​មូ​ន​មិនត្រូវ​ធ្វើឱ្យ​ខូចការ​ទណ្ឌកម្ម​និង​ខូច​សម្ព័ន្ធភាព​ជាមួយ​អាមេរិក ក្រោមលេស​នៃ​កិច្ចប្រជុំ​កំពូល​ដែល​ខ្លួន​សម្របសម្រួល​នោះទេ​។​

  • យុទ្ធវិធី​របស់លោក​គីម​និង​តួនាទី​របស់លោក​មូ​ន​
    ​បទ​វិចារណកថា របស់​កាសែត The Yomiuri Shimbun ជប៉ុន​

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​និង​សម​ភាគី​កូរ៉េខាងត្បូង​លោក​មូ​ន ជេ​អ៊ី​ន​បានរៀបចំ​ជំនួប​មួយ ដែល​ពួកគេ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​គោលនយោបាយ​របស់​ពួកគេ​លើ​កូរ៉េខាងជើង​។​

​លោក​មូ​ន​បាន​គូសបញ្ជាក់​នូវ​ចក្ខុវិស័យ​នៃ​ការពង្រឹង​កិច្ចសន្ទនា​ដោយ​ការប្រមូល​នូវ “​កិច្ចព្រមព្រៀង​តូចៗ​” ដែល​ពាក់ព័ន្ធ​នឹង​ការរួមបញ្ចូល​គ្នា​នៃ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជា​ដំណាក់កាល និង​ផ្តល់​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ជា​រង្វាន់​តបស្នង​វិញ​។ លោក​ត្រាំ​បាន​ច្រានចោល​ទាំងស្រុង​នូវ​ចក្ខុវិស័យ​របស់​ភា​គី​កូរ៉េខាងត្បូង ដោយ​និយាយថា “​នៅពេលនេះ​យើង​កំពុងនិយាយ​អំពី​កិច្ចព្រមព្រៀង​ធំ​។ កិច្ចព្រមព្រៀង​ធំ​គឺ​យើង​ត្រូវ​រំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​”​។​

​ទាក់ទង​នឹង​ការចង់​បន្ត​ឡើងវិញ​របស់លោក​មូល​លើ​គម្រោង​សេដ្ឋកិច្ច​អន្តរ​កូរ៉េ រួមទាំង​តំបន់ឧស្សាហកម្ម​ខេ​ស៊ុ​ង និង​តំបន់​ទេសចរណ៍​នៅ​ភ្នំ​គុម​កាង លោក​ត្រាំ​បាន​និយាយ​ទាំង​រអ៊ូរទាំ​ថា “​នេះ​មិនមែនជា​ពេលវេលា​ស័ក្តិសម​ទេ​”​។​

​ប្រសិនបើ​កូរ៉េខាងជើង​រុះរើ​ចោល​រាល់​អាវុធ​នុយក្លេអ៊ែរ សារធាតុ​ផ្សំ​នុយក្លេអ៊ែរ និង​បរិក្ខារ​ដែល​ពាក់ព័ន្ធ​នឹង​នុយក្លេអ៊ែរ នោះ​សហគមន៍​សកលលោក​នឹង​គាំទ្រ​ការស្តារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​របស់​ព្យុងយ៉ាង​។ លោក​មូ​ន​ត្រូវតែ​យល់​ពី​គោលជំហរ​របស់​អាមេរិក​ចំពោះ​គោលបំណង​ចង់បាន​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង “​កិច្ចព្រមព្រៀង​ធំ​”​។​

​តួនាទី​ដែល​លោក​មូ​ន​គួរ​ធ្វើ គឺ​មិនត្រូវ​និយាយ​ការពារ​កូរ៉េខាងជើង​ក្នុងនាម​ជា​អន្តរការី​រវាង​វ៉ាស៊ីនតោន​និង​ព្យុងយ៉ាង​នោះទេ​។ វា​ជាការ​ចាំបាច់​ដែល​លោក​មូ​ន​មិនត្រូវ​ផ្តល់ឱ្យ​កូរ៉េខាងជើង​នូវ​វិធានការ​ណាមួយ​សម្រាប់​ការ​ញុះញង់​ខាង​យោធា​នោះទេ ខណៈ​ត្រូវ​រក្សា​ជំហរ​រឹងមាំ​លើ​សម្ព័ន្ធភាព​អាមេរិក និង កូរ៉េខាងត្បូង​។​

​មិនមាន​ការផ្លាស់ប្តូរ​យុទ្ធវិធី​របស់លោក​គីម​នោះទេ​ក្នុងការ​ព្យាយាម​ទទួលបាន​ការដក​ទណ្ឌ​កម្ម​ដោយ​ទាញយក​ផលប្រយោជន៍​ពី​ទំនាក់ទំនង​វិជ្ជមាន​របស់គាត់​ជាមួយ​លោក​ត្រាំ​និង​ប្រើប្រាស់​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​បន្តិច​បន្តួច​ជា​នុយ​តថ្លៃ​លើ​ការចរចា​។ សហរដ្ឋអាមេរិក​ជប៉ុន​និង​កូរ៉េខាងត្បូង​ត្រូវបាន​ជំ​រុញឱ្យ​ធ្វើការ​រួមគ្នា​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​កូរ៉េខាងជើង​ដើម្បី​ធ្វើ​ចំណាត់ការ​អ្វីមួយ​។​

  • មិន​ងាយស្រួល​ទេ​ក្នុងការ​ធ្វើឱ្យមាន​ការរីក​ចម្រើន​ទៅមុខ​ពិតប្រាកដ​
    ​បទ​វិចារណកថា របស់​កាសែត China Daily របស់​ចិន​

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​និយាយថា​លោក​មានការ​ចាប់អារម្មណ៍​ក្នុង​ការជួប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​ម្តងទៀត ប៉ុន្តែ​លុះត្រាតែ​សហរដ្ឋអាមេរិក​មក​ពិភាក្សា​ជាមួយនឹង​ឥរិយាបថ​ត្រឹមត្រូវ​។​

​ថ្លែង​កាលពី​សប្តាហ៍​មុន​លោក​គីម​បាន​និយាយថា​លោក​នឹង​រង់ចាំ​រហូតដល់​ចុង​ឆ្នាំនេះ​សម្រាប់​ឱ្យ​អាមេរិក​សម្រេចចិត្តថា​តើ​ត្រូវ​ធ្វើការ “​គណនា​ជាថ្មី​” ឬ​យ៉ាងណា​ដើម្បី​ឱ្យមាន​កិច្ចប្រជុំ​កំពូល​លើក​ទី ៣​។​

​នៅក្នុង​ការពិនិត្យ​មើល​ដ៏​ទូលំទូលាយ​បំផុត​នៃ​ទំនាក់ទំនង​របស់​ព្យុងយ៉ាង​នាពេល​ថ្មីៗ​នេះ​ជាមួយ​វ៉ាស៊ីនតោន មេដឹកនាំ​កូរ៉េខាងជើង​បាន​រុញ​បាល់​ទៅ​ទីលាន​របស់​វ៉ាស៊ីនតោន​វិញ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​បានលើកឡើង​ពី​គំនិត​នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​៣​។​

​វ៉ាស៊ីនតោន​នៅតែ​រក្សា​ជំហរ​រឹងមាំ​ឥត​ងាករេ​សម្រាប់​កិច្ចព្រមព្រៀង​ធំ​ព្រោះ​មិន​អ៊ីចឹង​ទេ​ការចូលរួម​ចរចា​ជាមួយ​ព្យុងយ៉ាង​តាំងពី​ឆ្នាំមុន​នឹងត្រូវ​ចាត់ទុកថា​បរាជ័យ​។ ដូច្នេះ​ច្បាស់​ណាស់ អាមេរិក​នឹង​ព្យាយាម​រក​វិធី​ដើម្បី​រក្សា​លទ្ធភាព​ធ្វើ​កិច្ចប្រជុំ​កំពូល​មួយទៀត​ឱ្យបាន​។​

​បន្ទាប់ពី​បានធ្វើ​កាយវិការ​ផ្សះផ្សា​មួយចំនួន​ដូច​ជាការ​បង្កក​ចោល​ទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​និង​ការវាយចោល​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​មួយចំនួន ព្យុងយ៉ាង​ចង់បាន​អ្វីមួយ​ជា​ថ្នូរ​ត្រឡប់មកវិញ​។​

​នោះ​ជា​អ្វីមួយ​ដែល​មិនមែន​មិន​សម​ហេតុផល​នោះទេ ប៉ុន្តែ​គ្រាន់តែ​មិន​ទទួលបាន​ផល​។​

​វ៉ាស៊ីនតោន​មិនគួរ​រំពឹង​ឱ្យ​ព្យុងយ៉ាង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​នោះទេ​។ យ៉ាងណាមិញ កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​របស់ខ្លួន​គឺជា​គ្រឿង​ចរចា​តែមួយគត់​ដែល​កូរ៉េខាងជើង​មាននៅ​ក្នុង​ដៃ​។​

​ជាជាង​លះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទាំងស្រុង វា​ជា​អត្ថប្រយោជន៍​ដ៏​ល្អ​បំផុត​របស់​ព្យុងយ៉ាង​ក្នុងការ​បង្វែរ​ការចូល​រួម​ចរចា​របស់ខ្លួន​ជាមួយ​វ៉ាស៊ីនតោន​ទៅជា​របប​ត្រួតត្រា​អាវុធ​រវាង​រដ្ឋ​នុយក្លេអ៊ែរ​ទាំងពីរ​។​

​កិច្ចប្រជុំ​កំពូល​រវាង​ត្រាំ​និង​គីម​អាច​នឹង​កើតឡើង​។ ប៉ុន្តែ​ភាព​រីកចម្រើន​ទៅមុខ​ដ៏​សំខាន់​ក្នុង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​តម្រូវ​ឱ្យមាន​ការផ្តល់ជូន​ច្រើនជាង​អ្វីដែល​ភាគី​ទាំងពីរ​ត្រៀមខ្លួន​ផ្តល់ជូន​នាពេល​បច្ចុប្បន្ន​៕ ដោយ៖ កញ្ញាដាលីស