គីម ក្លែងក្លាយ​ត្រូវ​បាន​បណ្តេញចេញ ខណៈ​គីម​ពិត​ជិត​មក​ដល់​

489
ចែករម្លែក
  • 56
    Shares

អ្នកកំប្លែង​សញ្ជាតិ​អូស្ត្រាលី​ម្នាក់ ដែល​មាន​រូបរាង​និង​មុខ​ដូច​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​កុម្ភៈ​ថា អាជ្ញាធរ​បាន​បណ្តេញ​លោក​ចេញ​​ពី​វៀតណាម នៅ​ប្រមាណ​២៤​ម៉ោង​មុន​លោក​គីម ពិត​ត្រូវ​មក​ដល់​សំរាប់​ជំនួប​កំពូល​ជាមួយ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។​

​គីម ក្លែងក្លាយ ដែល​មានឈ្មោះ ហូ​វឺ​ត អ៊ិកស៍ បាន​ធ្វើអោយ​បរិយាកាស​ក្នុង​រដ្ឋធានី​ហាណូយ​របស់​វៀតណាម អ៊ូអរ​ខ្ញៀវខ្ញារ​កាលពី​ថ្ងៃ​សុក្រ​ទី​២២​កុម្ភៈ​នៅ​ពេល​លោក​បង្ហាញ​មុខ​ជា​​មួយ​បុរស​មុខ​ដូច ត្រាំ ។​

​មុន​ចាកចេញ​ទៅ​កាន់​អាកាសយានដ្ឋាន​ក្រុង​ហាណូយ លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​« ជនជាតិ​កូរ៉​ខាងជើង​មិនមានអារ​ម្មណ៍​កំប្លុកកំប្លែង​ទេ​។​ការរិះគន់​បែប​កំប្លែង​​ជា​សព្វាវុធ​ដ៏​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ភាព​ផ្តាច់ការ​ណាមួយ​»​។​

​ហូ​វឺ​ត អ៊ិកស៍ ក៏​ធ្លាប់បាន​ទៅ​បង្ហាញមុខ​នៅ​សិង្ហ​បុរី ពេល​លោក​គីម ជួប​ត្រាំ លើក​ទី​១​កាលពី​ខែ​មិថុនា​ឆ្នាំមុន​។​លោក​ថា អាជ្ញាធរ​ពេលនោះ​ក៏​បាន​ចាប់ខ្លួន​លោក​មួយ​រយៈពេល​​ខ្លី​ផងដែរ​។​លោក​បាន​អោយដឹងថា អាជ្ញាធរ​វៀតណាម មុននេះ​បាន​សួរចម្លើយ​លោក​និង​បាន​ព្រមាន​កុំអោយ​លោក​បង្ក​ការរំខាន​ណាមួយ​។​

​ក្នុងពេល​ជាមួយគ្នា ត្រាំ​ក្លែងក្លាយ​ត្រូវបាន​វៀតណាម​អនុញ្ញាត​អោយ​បន្ត​ស្នាក់​នៅក្នុង​ប្រទេស​វៀតណាម តែ​មិន​ត្រូវបាន​អនុញ្ញាត​អោយ​បង្ហាញ​មុខ​ជា​សាធារណៈ​ទេ​៕​ដោយ​៖​វាសនា​

អ្នក​ទាំង​ពីរ​ថត​ជាមួយគ្នា មុន​ពេល​ហូ​វឺ​ត អ៊ិកស៍ ត្រូវ​ប៉ូលិស​វៀតណាម​អម​ចេញពី​សណ្ឋាគារ​ទៅកាន់​អាកាសយានដ្ឋាន​កាលពី​ថ្ងៃ​ចន្ទ​

#