គីម ជុងអ៊ុន នឹងដើរកាត់ព្រំដែនដើម្បីចូលរួមជំនួបកំពូល

945
ចែករម្លែក

មន្រ្តីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦មេសាថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ិននឹងដាំដើមឈើជានិមិត្តរូបនិងត្រួតពលរួមគ្នាបន្ទាប់ពីលោកគីម ដើរកាត់ព្រំដែននៅថ្ងៃសុក្រនេះសំរាប់ជំនួបកំពូលជាប្រវត្តិសាស្រ្តរបស់ពួកគេ។

កិច្ចពិភាក្សានៅប៉ែកខាងត្បូងនៃភូមិប៉ានមុនចម ត្រូវគេរំពឹងថានឹងផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង តែក៏មានកិច្ចការជានិមិត្តរូបជាច្រើនផងដែរ។

លោកមូននៅព្រឹកថ្ងៃសុក្រនឹងទទួលលោកគីម បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងដើរកាត់ផ្លូវបេតុងដែលបង្កើតជាខ្សែខ័ណ្ឌព្រំដែនយោធារវាងប្រទេសទាំងពីរ។ពួកគេបន្ទាប់មក នឹងដើរួមគ្នាប្រមាណ១០នាទីទៅកាន់ទីលានមួយ ដើម្បីត្រួតពលទាហានកូរ៉េខាងត្បូង នេះបើតាមនាយសេនាធិការរបស់លោកមូន ជែអ៊ិនបាននិយាយប្រាប់ក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃ២៦មេសា។

នាយសេនាធិការរបស់លោកមូន ជែអ៊ិនបាននិយាយក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃ២៦មេសា

នាយសេនាធិការអ៊ីម ចុងសឹក បានអោយដឹងទៀតថា ក្រោយការចុះហត្ថលេខាលើសៀវភៅភ្ញៀវនិងថតរូបរួមគ្នានៅវិមានសន្តិភាព មេដឹកនាំទាំងពីរនឹងចាប់ផ្តើមជំនួបកំពូលផ្លូវការនៅម៉ោង១០:៣០ព្រឹក។ពួកលោកក្រោយមកនឹងដាំដើមស្រល់នៅព្រំដែនដោយប្រើដីមកពីភ្នំនៃប្រទេសទាំងពីរនិងទឹកយកមកពីទន្លេនៃប្រទេសទាំងពីរផងដែរជាមួយនឹងស្លាកថ្មចារអក្សរថា”សន្តិភាពនិងវិបុលភាព ត្រូវបានដាំបណ្តុះ” ព្រមទាំងហត្ថលេខានៃមេដឹកនាំទាំងពីរ។

លោកអ៊ីម បានបន្ថែមថា មេដឹកនាំទាំងពីរនឹងជួបប្រជុំជាថ្មីនៅពេលរសៀល និងក្រោយមកនឹងមានពិធីលាងសាយភោជន៍។

លោកអ៊ីមបានអោយដឹងទៀតថា លោកគីម នឹងអមដំណើរដោយមន្រ្តីកូរ៉េខាងជើងមួយចំនួន រួមមានប្អូនស្រីដ៏មានឥទ្ធិពល គីម យ៉ូ ចុង និងអាចមានភរិយារបស់គីម នាង រី សូល ជូ ។

ជំនួបកំពូលនាថ្ងៃសុក្រនិងជំនួបតាមគំរោងជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនៅខែឧសភាឬដើមខែមិថុនា ត្រូវបានរៀបចំឡើងបន្ទាប់ពីលោកគីមកាលពីពេលថ្មីៗបានសម្តែងចេតនាដាក់កម្មវិធីនុយក្លេអ៊ែររបស់លោកលើតុចរចាក្រោយការសាកល្បងនុយក្លេអ៊ែរនិងកាំជ្រួចរួចមក៕ដោយ៖វាសនា

#