គីម ជុងអ៊ុន សាងប្រវត្តិសាស្រ្ត ដើរកាត់ព្រំដែនដើម្បីមកជួបគូប្រជែង

1005
ចែករម្លែក

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីព្រឹកថ្ងៃសុក្រទី២៧មេសាបានដើរកាត់ព្រំដែនដែលមានដាក់ទ័ពច្រើនបំផុតនៅក្នុងលោក ដើម្បីស្វាគមន៍គូប្រជែងរបស់លោកគឺប្រធានាធិបតីកូរ៉េខាងត្បូង មូន ជែអ៊ិន សំរាប់កិច្ចពិភាក្សាអំពីសព្វាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។លោកគីម បន្ទាប់មកបានអញ្ជើញលោកមូន ដើរឆ្លងកាត់ព្រំដែនទៅខាងជើងមួយភ្លែតមុនពេលពួកគេវិលមកខាងត្បូងវិញ។

កាយវិការនេះផ្ទុយគ្នាស្រឡះពីទិដ្ឋភាពឆ្នាំមុន ពេលដែលអាមេរិកនិងសម្ពន្ធមិត្តកូរ៉េខាងត្បូង ហៀបនឹងបញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីកូរ៉េខាងជើងសាកល្បងសព្វាវុធនុយក្លេអ៊ែរ និងកាំជ្រួចផ្លោងឆ្លងទ្វីប។

មើលទៅមេដឹកនាំទាំងពីរហាក់ញញឹមរាក់ទាក់រកគ្នាណាស់កាលពីព្រឹកថ្ងៃសុក្រ ខណៈលោកមូនចាប់ដៃលោកគីម និងនាំលោកដើរលើកម្រាលព្រំក្រហមនៅលើទឹកដីកូរ៉េខាងត្បូង ហើយកូនសិស្សសាលាបានដាក់ផ្កាជុំវិញករបស់គេនិងកងកិត្តិយសឈរយ៉ាងស្ងៀមស្ងាត់ដើម្បីការត្រួតពល។

តែទោះជាយ៉ាងណា បញ្ហាធំគឺលទ្ធផលនៃកិច្ចពិភាក្សានៅពេលបន្តិចទៀតនេះ មិនដឹងថាតើមដឹកនាំទាំងពីរអាចធ្វើអោយមានការរីកចំរើនណាមួយនៅក្នុងកិច្ចពិភាក្សាបិទទ្វារលើបញ្ហានុយក្លេអ៊ែរ ដែលបានធ្វើអោយកូរ៉េទាំងពីរសង្រ្គឺតធ្មេញដាក់គ្នាអស់ពេលរាប់ទសវត្សរ៍។

ក្នុងពេលជាមួយគ្នា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងបាននិយាយថា មេដឹកនាំខ្លួននឹងពិភាក្សាដោយចិត្តបើកចំហជាមួយលោកមូន នូវរាល់បញ្ហាដែលលើកឡើងក្នុងបំណងធ្វើអោយប្រសើរឡើងទំនាក់ទំនងរវាងកូរ៉េទាំងពីរ និងសំរេចអោយបានសន្តិភាព វិបុលភាពព្រមទាំងការបង្រួបបង្រួមកូរ៉េ៕ដោយ៖វាសនា

មេដឹកនាំកូរ៉េទាំងពីរចាប់ដៃគ្នា បន្ទាប់ពីមកដល់កន្លែងប្រជុំនៅភូមិជាប់ព្រំដែនកាលពីថ្ងៃសុក្រ

#