មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមព្រៀងបន្តកិច្ចពិភាក្សាបែបស្ថាបនាស្តីពីការរំសាយចោលនុយក្លេអ៊ែរ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងកាលពីថ្ងៃសុក្រទី០១មីនានៅប៉ុន្មានម៉ោងក្រោយជំនួបកំពូលរវាងមេដឹកនាំទាំងពីរនៅក្រុងហាណូយបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយ។
ជំនួបដែលគេទន្ទឹងរង់ចាំជាខ្លាំងនៅរដ្ឋធានីវៀតណាម ត្រូវរំពឹងថានឹងបង្កើតកិច្ចព្រមព្រៀងឬសេចក្តីថ្លែងការណ៍រួមណាមួយ តែវាបានបញ្ចប់មុនម៉ោងកំណត់ដោយសារតែភាគីទាំងពីរមិនត្រូវគ្នារឿងទណ្ឌកម្មលើកូរ៉េខាងជើង។
ភាគីទាំងពីរបានលើកហេតុផលផ្សេងៗអំពីបរាជ័យនៃជំនួបកំពូលលើកទី២នេះ តែទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងKCNAនៅថ្ងៃសុក្រទី០១មីនាបាននិយាយថា លោកត្រាំនិងលោកគីម បានព្រមព្រៀងបន្តកិច្ចពិភាក្សាបែបស្ថាបនាស្តីពីការរំសាយចោលនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនិងការធ្វើអោយល្អប្រសើរឡើងទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង»។
KCNAបាននិយាយថា«លោកប្រធានគីម និងប្រធានាធិបតីត្រាំ បានសម្តែងជំនឿចិត្តថាទំនាក់ទំនងកូរ៉េខាងជើង-អាមេរិកអាចឈានដល់ភាពល្អប្រសើរឡើងបើចេះសហការគ្នាជាមួយការអត់ធ្មត់និងភាពវៃឆ្លាត ទោះជានៅមានឧបសគ្គជាច្រើននៅរង់ចាំនាពេលខាងមុខ»៕ដោយ៖វាសនា
ត្រាំនៅតែមានជំនឿថា លោកគីមនឹងមិនសាកល្បងកាំជ្រួចឬនុយក្លេអ៊ែរទៀតទេ ទោះជាកិច្ចពិភាក្សាជួបបរាជ័យ