គីម ជុង​អ៊ុន កំពុងមាន​ប្រជាប្រិយភាព​នៅ​កូរ៉េខាងត្បូង រហូត​មាន​ហាង​កាហ្វេ​មួយ​ដាក់​រូបលោក​គីម និង​លោក​មូ​ន លើ​កាហ្វេ​រសជាតិ​ឡា​តេ​

1365
ចែករម្លែក

​ជាមួយ​ការសាកល្បង​មី​ស៊ី​ល ការគំរាមកំហែង​នុយក្លេអ៊ែរ និង​ការបំផ្លាញ​គូប្រជែង​ដ៏​ឃោរឃៅ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ក្លាយជា​វត្ត​មាននៃ​ការគំរាមកំហែង​មកលើ​កូរ៉េខាងត្បូង​។​

​ប៉ុន្តែ សព្វថ្ងៃនេះ អតិថិជន​នៅ​ហាង​កាហ្វេ​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង អាច​ឃើញ​រូបភាព​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​កំពុង​សម្លឹងមើល​មក​ពួកគេ​ពី​ពែង​កាហ្វេ​ផ្ទាល់​តែម្តង​។​

​ចាប់តាំងពី​លោក​គីម ជុង​អ៊ុន បានធ្វើ​កិច្ចប្រជុំ​កំពូល​មួយ​កាលពី​ខែមេសា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចែ​អ៊ី​ន ហាង​កាហ្វេ In & Out ក្នុង​ទីក្រុង​ជឿន​ជូ ដែល​ធ្វើដំណើរ ៣ ម៉ោង​ពី​ភាគខាងត្បូង​ទីក្រុង​សេ​អ៊ូ​ល កំពុង​បម្រើ​នូវ​កាហ្វេ​រសជាតិ​ឡា​តេ តុបតែង​ជាមួយ​រូបភាព​មេដឹកនាំ​ទាំង​២​។​

​ហាង​នេះ​ក៏​ផ្តល់ឱកាស​ដល់​អតិថិជន​ថតរូប និង បង្ហាញ​រូប​ពួកគេ​នៅលើ​ពពុះ​កាហ្វេ​ឡា​តេ​ជាមួយ​លោក​គីម និង​លោក​មូ​ន ផងដែរ​។​

​លោក គីម ជុងអ៊ីល ម្ចាស់​ហាង​កាហ្វេ​ដែលមាន​ឈ្មោះ​ដូច​ឪពុក​គីម​ជុង​អ៊ុន បាន​និយាយថា “​ខ្ញុំ​បាន​មើល​កិច្ចពិភាក្សា​អន្តរ​កូរ៉េ ហើយ​ពិតជា​ស្ងើចសរសើរ​ណាស់​។ ហាង​របស់ខ្ញុំ​ត្រូវបាន​ដាក់ឈ្មោះថា In & Out (​ចេញចូល​) ដើម្បី​បន់ស្រន់​ឱ្យមាន​សន្តិភាព ក្នុង​ក្តី​សង្ឃឹមថា យើង​នឹង​អាច​ចេញចូល​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​បាន​”​។​

​អាជីវកម្ម​មួយចំនួនទៀត​ហាក់ដូច​ជាមាន​ឆន្ទៈ​ក្នុងការ​ប្រថុយ​ប្រើ​រូបភាព​គីម​ជុង​អ៊ុន ប៉ុន្តែ​ក្រោយពី​កិច្ចប្រជុំ​កំពូល​កាលពី​ខែមេសា ពេលដែល​គីម​ជុង​អ៊ុន បាន​ឆ្លង​ព្រំដែន​ចូលមក​ក្នុងនាម​ជា​បុរស​វ័យក្មេង​គួរឱ្យ​គោរព​នោះ ប្រជាជន​កូរ៉េខាងត្បូង​កាន់តែ​ច្រើនឡើង​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ចំពោះ​មេដឹកនាំ​ម្នាក់ ដែល​ធ្លាប់តែ​គំរាម​បំផ្លាញ​ទីក្រុង​សេ​អ៊ូ​ល​។​

​ឥឡូវនេះ ប្រជាប្រិយភាព​របស់​គីម ជុង​អ៊ុន នៅ​កូរ៉េខាងត្បូង កាន់តែ​កើនឡើង​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ សូម្បី​នៅមុន​កិច្ចប្រជុំ​កំពូល​នៅ​សប្តាហ៍​ក្រោយ​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី ទៅទៀត​៕ ដោយ៖ កញ្ញាដាលីស

ហាង​កាហ្វេ In & Out បង្ហាញ​រូប​គីម ជុង​អ៊ុន និង មូ​ន ចែ​អ៊ី​ន នៅលើ​កាហ្វេ​រសជាតិ​ឡា​តេ
#