គីម ជុង​អ៊ុន ចេញដំណើរ​មក​ចូលរួម​ជំនួប​កំពូល​នៅ​សិង្ហ​បុរី​

1049
ចែករម្លែក
  • 142
    Shares

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់ យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​មួយ​ត្រូវបាន​គេ​តាមដាន​ឃើញ​ចាក​ចេញពី​អាកាសយានដ្ឋាន​នៅ​ក្រុង​ព្យុងយ៉ាង​​នៅ​ម៉ោង​៨​កន្លះ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ហើយ​យោងតាម​ប្រភពព័ត៌មាន មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​ឡើង​ជិះ​យន្តហោះ Boeing 747​របស់​ក្រុមហ៊ុន​​ឯកជន​ចិន​ដែល​ធ្លាប់​ផ្តល់​សេវា​សំរាប់​មន្ត្រី​ថ្នាក់ខ្ពស់​ចិន​។​

​ទោះជា​យ៉ាងណា​គេហទំព័រ​តាមដាន​ជើងហោះហើរ​ល្បី​Flightradar24 មិនបាន​បញ្ជាក់​អំពី​ទិសដៅ​នៃ​យន្តហោះ​ខាងលើ​ទេ​។​គេហទំព័រ​ក៏​មិនបាន​ចាប់​ឬ​តាមដាន​ឃើញ​​ជើងហោះហើរ​ណាមួយ​ចាក​ចេញពី​កូរ៉េខាងជើង​ដែរ​។​យោងតាម​យ៉ុ​ន​ហាប់​ ​យន្តហោះ​ឈ្នួល​របស់​រដ្ឋ​ជាច្រើន​គ្រឿង​តែ​រក្សា​ការសម្ងាត់​អំពី​ផ្លូវ​ហោះហើរ​របស់ខ្លួន​ដោយ​​សារ​បញ្ហា​សន្តិសុខ​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ ក៏បាន​ចាក​ចេញពី​ជំនួប​នៅ​កាណាដា​មកកាន់​សិង្ហ​បុរី​ផងដែរ ហើយ​រំពឹងថា​នឹង​ជួបប្រជុំ​ជាមួយ​គីម​នៅ​ថ្ងៃ​​អង្គារ​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូរ​បស់​ជប៉ុន​ដែល​បាន​ស្រង់​សម្តី​ការទូត មេដឹកនាំ​កូរ៉េខាងជើង​នឹង​មកដល់​សិង្ហ​បុរី​នៅ​ថ្ងៃអាទិត្យ​ទី​១០​មិថុនា​។​

​មុននេះ មន្ត្រី​កងកម្លាំង​អាកាស​កូរ៉េខាងត្បូង​ម្នាក់​បាន​ប្រាប់​កាសែត​ចិន​មួយ​ថា យន្តហោះ​ប្រដេញ​ចិន​នឹង​អម​ការពារ​យន្តហោះ​រប​ស់មេ​ដឹកនាំ​កូរ៉េខាងជើង​ក្នុង​ដំណើរ​​មក​ចូលរួម​ជំនួប​កំពូល​នៅ​សិង្ហ​បុរី​៕​ដោយ​៖​វាសនា​