គីម ជុង​អ៊ុន ចោទប្រកាន់​អាមេរិក​ថា​មាន​«​អាកប្បកិរិយា​អាក្រក់​» នៅជំនួប​កំពូល នៅ​វៀតណាម

395
ចែករម្លែក

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​មាន​«​អាកប្បកិរិយា​អាក្រក់​»​នៅក្នុង​កិច្ច​ជំនួប​កំពូល​កាលពីដើមឆ្នាំ​នេះ ជាមួយ​ប្រធានា​​ធិបតី​អាមេរិក លោក ដូ​ណា​ល់​ត្រាំ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ​KCNA ។​

​លោក គីម ជុង​អ៊ុន ក៏​បាន​និយាយ​ផងដែរ​ថា សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​នឹង​ពឹង​អាស្រ័យ​ទាំងស្រុង​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​លោក គីម ជុង​អ៊ុន បាន​ធ្វើ​ការកត់សម្គាល់​របស់​លោក​ដូចនេះ នៅក្នុង​ជំនួប​កំពូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​មេសា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅ​​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក​ប្រទេស​រុស្ស៊ី ។ លោក គីម ជុង​អ៊ុន បាន​ទៅ​ដល់​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ​និង​បាន​ចាកចេញ​ទៅ​ស្រុក​វិញ​កាលពី​ថ្ងៃ​សុក្រ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ​KCNA បាន​រាយការណ៍​ថា ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​ទទួលយក​ការអញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងជើង​និង​ថា ដំណើរ​ទស្សន​​កិច្ច​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ពេលវេលា​សមរម្យ​ណាមួយ ” ។​

​លោក គីម ជុង​អ៊ុន បាន​រាយការណ៍​ប្រាប់ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ថា​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​និង​នៅក្នុង​តំបន់​ឥឡូវនេះ ស្ថិតក្នុង​ស្ថានភាព​ជាប់គាំង​ហើយ​បាន​ឈានដល់​​ចំណុច​ដ៏​គួរឱ្យ​ព្រួយបារម្ភ​។​

​លោក​បាន​ព្រមាន​ថា​ស្ថានភាព​នេះ​«​អាច​វិល​ត្រឡប់​ទៅ​ស្ថានភាព​ដើម​វិញ​ដោយសារតែ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​អាកប្បកិរិយា​មិន​ស្មោះត្រង់​និង​មិន​អាច​ទទួលយក​បាន​ជា​​ឯកតោ​ភាគី ក្នុងអំឡុង​កិច្ច​ជំនួប​កាលពីពេល​ថ្មីៗ​នេះ​។​

​ការលើកឡើង​បែប​នេះ កើតឡើង​មួយ​សប្តាហ៍​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​បាន​ធ្វើឱ្យ​ខូច​កិច្ចចរចា​សន្តិភាព​។​

​ការចរចារ​រវាង​ប្រទេស​ទាំង​២​នេះ​បាន​បរាជ័យ​នៅក្នុង​កិច្ច​ជំនួប​កំពូល​នៅ​វៀតណាម​កាលពី​ខែ​កុម្ភៈ​ដោយ​គ្មាន​សម្រេចបាន​កិច្ចព្រមព្រៀង​ណាមួយ ដែល​ទាក់ទង​ទៅនឹង​​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​៕​ប្រែ​សម្រួល​៖​សុខា​

លោក គីម ជុង​អ៊ុន និង លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ជួប​គ្នា​នៅ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក ប្រទេស​រុស្ស៊ី