គីម ជុង​អ៊ុន ទៅ​ដល់​ក្រុង​ហាណូយ​សំរាប់​ជំនួប​ជាមួយ​ត្រាំ​

360
ចែករម្លែក
  • 24
    Shares

​រថយន្ត​ការពារ​គ្រាប់ អម​ដោយ​អង្គរក្ស​ដ៏​ខែងរ៉ែង របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ធ្វើដំណើរ​ចូល​រដ្ឋធានី​របស់​វៀត​ណា​ម​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​កុម្ភៈ នៅ​មុន​ជំនួប​​កំពូល​ជាមួយ​ប្រធានាធិបតី អាមេរិក​ដូណាល់ ត្រាំ ។​

​ទាហាន ប៉ូលិស​និង​អ្នកកាសែត​អន្តរជាតិ បាន​នៅ​ជុំជិត​សណ្ឋាគារ​Melia Hotel កន្លែង​ដែល​លោក​គីម​ត្រូវ​ស្នាក់នៅ និង​ហ្វូង​មនុស្ស​បាន​ឈរ​នៅ​ក្រោយ​របាំង​ដែក​ដោយ​សង្ឃឹម​​បានឃើញ​មេដឹកនាំ​វ័យក្មេង​ចិត្តសាហាវ​រូបនេះ​។​

​មុន​នោះ​កាលពី​ពេល​ព្រឹក លោក​គីម ដែល​ញញឹម​ស្ញេញ​និង​បក់ដៃ បាន​ឈាន​ជើង​ចេញពី​រថភ្លើង​ការពារ​គ្រាប់​របស់លោក ក្រោយពី​បាន​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ​ចាប់​ពី​រដ្ឋធានី​ព្យុង​​យ៉ាង​ចូល​ប្រទេស​ចិន​មក​កាន់​ទី​ប្រជុំជន​ព្រំដែន​វៀតណាម​។​លោក​បាន​ចាប់រ​លាក់​ដៃ​ជាមួយ​មន្ត្រី​ខណៈ​ទាហាន​វៀតណាម​ក្នុង​ឯកសណ្ឋាន​ពណ៌​ស​ឈរ​គោរព​នៅលើ​កម្រាលព្រំ​ក្រ​​ហម​ក្រោម​ទង់ជាតិ​វៀត​ណា​និង​និង​កូរ៉េខាងជើង​នៅ​ស្ថានីយ​រថភ្លើង​Dong Dang​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អាមេរិក​ក៏​កំពុង​ធ្វើដំណើ​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​តាម​យន្តហោះ​ឆ្ពោះ​មក​កាន់​ក្រុង​ហាណូយ​ផងដែរ​។​

គីម ជុង​អ៊ុន មក​ដល់​ស្ថានីយ​រថភ្លើង​Dong Dang​នៅ​ព្រំដែន​ចិន​-​វៀតណាម​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​

​ពួក​មន្ត្រី​នៅ​ក្រុង​ហាណូយ​បាន​និយាយថា ពួកគេ​មាន​ពេល​តែ​ប្រមាណ​១០​ថ្ងៃ​សំរាប់​រៀបចំ​ជំនួប​កំពូល​នេះ គឺ​តិចជាង​ឆ្ងាយ​បើ​ធៀប​នឹង​ពេល​២​ខែ​ដែល​សិង្ហ​បុរី​បាន​ត្រៀម​រៀបចំ​​មុន​ជំនួប​កំពូល​ត្រាំ​-​គីម​លើក​ទី​១​កាលពី​ខែ​មិថុនា​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​វៀតណាម​លោក ឡេ ទ្រុង បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​« សន្តិសុខ​នឹង​រក្សា​ក្នុង​កំរិត​អតិបរមា​»​។​

​ការរក្សា​សន្តិសុខ​កំរិត​ខ្ពស់​នេះ ទំនង​ជា​នាំអោយ​អាជ្ញាធរ​កូរ៉េខាងជើង​ពេញចិត្ត ដោយសារតែ​ខ្លួន​មានការ​ប្រុងប្រយ័ត្ន​ខ្លាំង​អំពី​សុវត្ថិភាព​របស់​គីម ។​ការសំរេចចិត្ត​ធ្វើដំណើរ​​តាម​រថភ្លើង មិន​តាម​យន្តហោះ អាច​ជា​មូលហេតុ​សុវត្ថិភាព​នេះ​ផងដែរ​។​

​នៅ​កូរ៉េ​ខាងត្បូង​ឯណោះ​វិញ ប្រធានាធិបតីមូន ជែ​អ៊ិន បាន​មានប្រសាសន៍ថា កិច្ចពិភាក្សា​ត្រាំ​-​គីម នឹង​ជា​ឱកាស​ដ៏​សំខាន់​មួយ​ដើម្បី​សំរេច​បាន​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។​

​លោក​មូន ដែល​បាន​ជួបប្រជុំ​ជាមួយ​គីម​៣​លើក​កាលពី​ឆ្នាំមុន ចង់អោយ​មាន​ការ​ទម្លុះ​ភាពទាល់ច្រក​ក្នុង​កិច្ចពិភាក្សា​នេះ ដែល​អាច​អោយ​លោក​ជំរុញ​ផែនការ​សំរាប់​ការចូល​​ពាក់ព័ន្ធ​រវាង​កូរ៉េ​ទាំង​២ រួម​មាន​បណ្តា​គំរោង​សេដ្ឋកិច្ច​រួម​គ្នា ដែល​ត្រូវ​បាន​ធ្វើអោយ​ស្ទះ​ដោយសារ​តែ​ទណ្ឌកម្ម​របស់​អាមេរិក​លើ​កូរ៉េខាងជើង​៕​ដោយ​៖​វាសនា​

គីម ជុងអ៊ុន ទៅដល់សណ្ឋាគារ Melia Hotel តាមរថយន្ត Mercedes S600 Pullman Guard