គីម ជុង​អ៊ុន នាំ​អង្គរក្ស​ទាំង​ហ្វូង​មកកាន់​ប្រទេស​សិង្ហ​បុរី​

1345
ចែករម្លែក

​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​នាំ​អង្គរក្ស​រត់​ត្រឹកៗ​របស់គាត់​មកកាន់​ប្រទេស​សិង្ហ​បុរី នៅមុន​កិច្ចប្រជុំ​កំពូល​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​អង្គរក្ស​ឈុតខ្មៅ​របស់គាត់​ត្រូវគេ​ប្រទះឃើញ​នៅក្បែរ​ឡាន​ពណ៌​ខ្មៅ​របស់គាត់ ភ្លាមៗ​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​បានមក​ដល់​ព្រលានយន្ដហោះ​ចាង​ជី​កាលពី​ថ្ងៃអាទិត្យ​ទី​១០​មិថុនា​។​

​រូបភាព​បានបង្ហាញ​ក្រុម​អង្គរក្ស​កំពុង​រត់​នៅក្បែរ​រថយន្ត​ដែលមាន​បង្អួច​ស្រអាប់​និង​ទង់ជាតិ​កូរ៉េខាងជើង​២​ដោត​នៅ​ក្បាល​ឡាន ខណៈដែល​ពួកគេ​រត់​អមដំណើរ​លោក​គីម​ទៅកាន់​សណ្ឋាគារ St. Regis​។​

​ក្បួន​របស់គាត់ មាន​រថយន្ត​ជាង ២០ គ្រឿង រួមទាំង​រថយន្ត​សង្គ្រោះបន្ទាន់​។​

​ក្រុម​អង្គរក្ស​នេះ​បាន​ល្បី​ពេញ​សារព័ត៌មាន​កាលពី​ខែមេសា នៅពេល​វី​ឌី​អូ​បានបង្ហាញ​ពួកគេ​រត់តាម​រថយន្ត​ដឹក គីម ជុង​អ៊ុន អំឡុងពេល​កិច្ចប្រជុំ​ដ៏​សំខាន់​ជាមួយ​កូរ៉េខាងត្បូង​។​

​លោក​គីម​បាន​មកដល់​តាមរយៈ​ជើងហោះហើរ​របស់​ក្រុមហ៊ុន Air China បន្ទាប់ពី​បាន​បញ្ជូន​យន្តហោះ​បញ្ឆោត​២​គ្រឿង សម្រាប់​ជា​យុទ្ធសាស្ត្រ​បង្វែរ​ទិសដៅ ដោយហេតុថា​មេដឹកនាំ​រូបនេះ​ខ្លាច​គេ​លប​ធ្វើឃាត​អំឡុងពេល​កិច្ចប្រជុំ​កំពូល​នេះ​៕ ដោយ៖ កញ្ញាដាលីស

អង្គរក្ស​គីម​ជុង​អ៊ុន​អម​ជុំវិញ​រថយន្ត​ឆ្ពោះទៅកាន់​សណ្ឋាគារ St. Regis