គីម ជុង​អ៊ុន និយាយថា ការបាញ់​មី​ស៊ី​ល គឺជា​ការព្រមាន​ដល់​អាម៉េរិក​និង​កូរ៉េខាងត្បូង​អំពី​ការធ្វើ​សមយុទ្ធ​

435
ចែករម្លែក

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​KCNA របស់​កូរ៉េ​ខាងជើង បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​៧​ខែសីហា​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ​បាន​និយាយថា​ ការបាញ់​មី​ស៊ី​ល​​កាលពី​ថ្ងៃ​អង្គារ​គឺជា​ការព្រមាន​ដល់​សមយុទ្ធ​យោធា​រួមគ្នា​របស់​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក ​លោក ច​ន បុល​ថុន​(John Bolton)​បាន​រំលឹក​កូរ៉េខាងជើង កាលពី​ថ្ងៃ​អង្គារ​អំពី​ការសន្យា​របស់​មេដឹកនាំ​របស់ខ្លួន ចំពោះ​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់​ត្រាំ​ មិន​ឱ្យ​បន្ត​បាញ់​មី​ស៊ី​ល​អន្តរទ្វីប​ទៀត​ទេ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​លើក​ទី​៤ របស់​ខ្លួន​ក្នុង​រយៈពេល​មិន​ដល់​២​សប្តាហ៍​ ហើយ​បាន​ព្រមាន​ថា​ខ្លួន​អាច​នឹង​បន្ត​ទៅមុខ​ទៀត​តាម ” ផ្លូវ​ថ្មី “​។​

​លោក គីម ជុង​អ៊ុន បាន​និយាយ​ថា ​សកម្មភាព​យោធា​នេះ​គឺជា​ឱកាស​មួយ​ដើម្បី​បញ្ជូន​ការព្រមាន​គ្រប់គ្រាន់​ដល់​សមយុទ្ធ​យោធា​រួមគ្នា​ដែល​កំពុង​ធ្វើ​ដោយ​អាម៉េរិក​និង​​ក្រុម​អាជ្ញាធរ​កូរ៉េខាងត្បូង​។​នេះ​បើ​យោងតាម​KCNA​។​

​ដោយ​បញ្ជាក់​អំពី​របាយការណ៍​របស់​យោធា​កូរ៉េខាងត្បូង​អំពី​ចម្ងាយ​និង​គន្លង​ហោះហើរ​គ្រាប់​មី​ស៊ី​ល​កាលពី​ថ្ងៃ​អង្គារ​នោះ ទីភ្នាក់ងារ​សារព័ត៌មាន​KCNA​បាន​និយាយថា មី​ស៊ី​ល​​យុទ្ធសាស្ត្រ​ប្រភេទ​ថ្មី​ដែល​ត្រូវបាន​បាញ់​ចេញពី​តំបន់​ភាគ​ខាងលិ​ចនៃ​ប្រទេស​កូរ៉េ​ខាងជើង​បាន​ហោះ​ឆ្លងកាត់​ឧបទ្វីប​នេះ ពី​លើ​តំបន់​ទីក្រុង​និង​តំបន់​ដីគោក​កណ្តាល​នេះ ដើម្បី​វាយប្រហារ​ចំ​កោះ​តូចៗ​ដែល​ជា​គោលដៅ​កំណត់​វាយប្រហារ​នៅ​សមុទ្រ​នៅ​ឯនាយ​ឆ្នេរសមុទ្រ​ខាងកើត​នៃ​ប្រទេស​នេះ​។

KCNA បាន​និយាយទៀតថា ការបាញ់​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការជឿជាក់​សន្តិសុខ និង​សមត្ថភាព​សង្គ្រាម​ពិតប្រាកដ​នៃ​អាវុធ​នេះ​៕​ដោយ​៖​សុខា​/sn/Ha

លោក គីម ជុង​អ៊ុន (​ខាងស្តាំ​) ត្រួតពិនិត្យ​ការបាញ់​អាវុធ​យុទ្ធសាស្ត្រ​ប្រភេទ​ថ្មី នៅ​កូរ៉េ​ខាងជើង​