គីម ជុង​អ៊ុន បញ្ជា​កងទ័ព​ឱ្យ​បាញ់កាំភ្លើង​ធំ នាំឱ្យ​មាន​ប្រតិកម្ម​ពី​កូរ៉េខាងត្បូង​

325
ចែករម្លែក

​បណ្តាញសារព័ត៌មានរ​បស់​កូរ៉េ​ខាងជើង​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​ទី​២៥​ខែវិច្ឆិកា​ថា​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​បញ្ជា​ឱ្យ​កងទ័ព​របស់​លោក ហ្វឹកហាត់​បាញ់​​កាំភ្លើង​ធំ​នៅក្បែរ​ព្រំដែន​សមុទ្រ​ដែល​មាន​ជម្លោះ​ជាមួយ​គូប្រជែង​កូរ៉េខាងត្បូង ដែល​បាន​បណ្តាលឱ្យ​មាន​ប្រតិកម្ម​ភ្លាមៗ​ពី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​។​

​វា​ជា​សញ្ញា​ចុងក្រោយ​នៃ​ការបង្ហាញ​ការ​គ្មាន​ការអត់ធ្មត់​ពី​លោក គីម ជុង​អ៊ុន​ចំ​ពេល​មាន​ការព្រួយបារម្ភ​ថា កិច្ច​ការទូត​រវាង​អាម៉េរិក​-​កូរ៉េខាងជើង​អស់​រយៈពេល​២​ឆ្នាំ​មកនេះ​​នឹង​មិន​ជឿនលឿន​ទៅមុខ ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនបាន​បំពេញ​តាម​ការទាមទារ​ទាន់​ពេល​របស់​កូរ៉េខាងជើង​សំរាប់​ជំនួប​ចរចា​នៅ​ចុងឆ្នាំ​នេះ​អំពី​កម្ម​​វិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​KCNA របស់​កូរ៉េ​ខាងជើង បាន​រាយការណ៍​ថា សកម្មភាព​របស់​កង​កាំភ្លើង​ធំ​នៅ​ឆ្នេរសមុទ្រ​កើតឡើង​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់ គីម ជុង​អ៊ុន​​ទៅ​កាន់​កោះ​ឆេង​គ្រីន នៃ​សមុទ្រ​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ជំនាញ​បាញ់កាំភ្លើង​របស់​ពួកគេ​និង ការរីករាយ​ចំពោះ​ការមកដល់​របស់​មេដឹកនាំ​កំ​​ពូ​ល​នេះ​”​។ សារព័ត៌មាន​នេះ មិន​បាន​និយាយថា​តើ​ដំណើរ​ទស្សនកិច្ច​នោះ​បាន​កើតឡើង​នៅពេលណា​នោះទេ ហើយ​គេ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ផងដែរ​ថា​តើ​អាវុធ​ដែល​ត្រូវបាន​​បាញ់​នោះ​ជា​ប្រភេទ​អ្វី​។​

​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បាន​និយាយថា វា​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក គីម ជុង​អ៊ុន ដែល​គេ​បានដឹងថា បាន​ធ្វើដំណើរ​ទៅ​អង្គភាព​យោធា​ជួរមុខ​ ចាប់តាំងពី​ខែ​មេសា​ឆ្នាំមុន ជុំវិញ​ការចាប់ផ្តើម​នៃ​ទំនាក់ទំនង​ការទូត​របស់​លោក​ជាមួយ​សហរដ្ឋ​អាម៉េរិក​។​

​ការចរចា​ដែល​បាន​សន្យា​គឺ​ស្ថិត​នៅក្នុង​ស្ថានភាព​ជាប់គាំង​នៅ​ពេល​ឥឡូវនេះ ខណៈ​ដែល​កូរ៉េខាងជើង បង្កើន​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឱ្យ​ដក​ទណ្ឌកម្ម​អន្តរ​​ជាតិ​ចេញ​និង​បោះបង់​ចោល​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា​គោលនយោបាយ​អរិភាព​ប្រឆាំង​នឹង​កូរ៉េខាងជើង​៕​ដោយ​៖​សុខា​/sn

​រូបភាព​នៃ​សារព័ត៌មាន​KCNA​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី​២៥​ខែ​វិច្ឆិកា​នេះ បង្ហាញ លោក គីម ជុង​អ៊ុន ត្រួតពិនិត្យ​មើល​អង្គភាព​យោធា​នៅ​កោះ​ឆេង​គ្រីន​