គីម ជុង​អ៊ុន ផ្តាំ​ទៅ​អាមេរិក​ក្នុងឱកាស​ឆ្នាំ​ថ្មី​ថា ប៊ូ​តុង​នុយក្លេអ៊ែរ​គឺ​នៅក្នុង​ដៃ​គាត់​ជានិច្ច តែ​ព្រលយ​ការចរចា​សន្តិភាព​ជាមួយ​កូរ៉េខាងត្បូង​

496

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​និយាយថា ប៊ូ​តុង​ចុច​បាញ់​នុយក្លេអ៊ែរ គឺ “​តែងតែមាន​នៅលើ​តុ​របស់ខ្ញុំ​ជានិច្ច​” ហើយ​ព្រមាន​សហរដ្ឋអាមេរិក​ថា ប្រទេស​មហាអំណាច​នេះ​នឹង​មិនអាច​ចាប់ផ្តើម​សង្គ្រាម​បានទេ​។ នេះ​បើតាម​ប្រភពព័ត៌មាន​ប៊ី​ប៊ី​ស៊ី​កាលពី​ថ្ងៃទី​១​មករា​។​

​នៅក្នុង​សុន្ទរកថា​ឆ្លង​ឆ្នាំ​ថ្មី​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ លោក​គីម ជុង​អ៊ុន​និយាយថា សហរដ្ឋអាមេរិក​ទាំង​មូល​ស្ថិតនៅក្នុង​ចម្ងាយ​អាច​បាញ់​ដល់​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដោយ​បន្ថែមថា “​នេះ​ជាការ​ពិត មិនមែនជា​ការគំរាមកំហែង​ទេ​”​។​

​ប៉ុន្តែ​លោក​ក៏បាន​ផ្តល់ជូន​នូវ​លទ្ធភាព​ផ្សះផ្សា​សន្តិភាព​ដល់​កូរ៉េខាងត្បូង​ផងដែរ ដោយ​លោក​បាន​លើកឡើងថា លោក “​បើកទូលាយ​សម្រាប់​ការពិភាក្សា​” ។​

​លោក​បាន​និយាយថា កូរ៉េខាងជើង​ក៏​អាច​បញ្ជូន​ក្រុម​មួយ​ទៅ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​សេ​អ៊ូ​ល​ផងដែរ​។​

​តើ​ប្រធានាធិបតី​ត្រាំ​មានប្រតិកម្ម​យ៉ាងណាដែរ​?

​នៅពេល​ត្រូវបាន​សួរ​ដោយ​អ្នកយកព័ត៌មាន​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​គំរាម​ចុងក្រោយ​របស់លោក​គីម លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និយាយថា “​ចាំ​មើលទៅ​ដឹង​ហើយ​។ ចាំ​មើលទៅ​ដឹង​ហើយ​”​។​

​លោក​ត្រាំ​និយាយ​បែបនេះ​គឺ​នៅក្រៅ​ពិធី​អបអរ​បុណ្យចូលឆ្នាំថ្មី​នៅ​រមណីយដ្ឋាន​ម៉ា​អា​ឡា​ហ្គោ (Mar-a-Lago) របស់គាត់​នៅ​រដ្ឋ​ផ្លរីដា​។​

​ប្រទេស​កូរ៉េខាងជើង​បាន​រង​ការរិះគន់​និង​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត​ក្នុង​ឆ្នាំ​កន្លងទៅ ដោយសារតែ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​និង​ការធ្វើ​តេស្ត​មី​ស៊ី​ល​ឆ្លង​ទ្វីប​ម្តង​ហើយ​ម្តងទៀត​។​

​កូរ៉េខាងជើង​អះអាងថា​ខ្លួន​មាន​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​ដាក់ពង្រាយ​បាន​ពេញលេញ ទោះបីជា​មានការ​សង្ស័យ​ជា​អន្តរជាតិ​មួយចំនួន​អំពី​សមត្ថភាព​ពិតប្រាកដ​របស់ខ្លួន​ក្នុងការ​អនុវត្ត​ការវាយប្រហារ​បែបនេះ​ក៏ដោយ​។​

​នៅក្នុង​សុន្ទរកថា​របស់ខ្លួន លោក​គីម​បាន​សង្កត់ធ្ងន់​ទៅលើ​ការផ្តោត​សំខាន់​របស់លោក​លើក​ម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​បាន​បញ្ជាក់ថា​ប្រទេស​នេះ​នៅសល់​ដំណាក់កាល​មួយចំនួនទៀត មុនពេល​សម្រេចបាន​នូវ​មហិច្ឆតា​របស់ខ្លួន​។ លោក​បាន​និយាយថា កូរ៉េខាងជើង​ត្រូវតែ “​ផលិត​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ទ្រង់ទ្រាយ​ធំ​និង​បង្កើន​ការដាក់​ពង្រាយ​របស់ខ្លួន​” ។​

​លោក​ក៏បាន​និយាយ​ផងដែរ​ថា ពួកគេ​នឹងមិន​ប្រើប្រាស់​អាវុធ​ទេ លុះត្រាតែ​ពួកគេ​យល់ឃើញថា​សន្តិភាព​ត្រូវបាន​គំរាមកំហែង​៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​កូរ៉េខាងត្បូង​ស្តាប់​សុន្ទរកថា​របស់​គីម​ជុង​អ៊ុន នៅលើ​កញ្ចក់​ទូរទស្សន៍