គីម ជុង អ៊ុន ដឹកនាំ​ធ្វើ​សមយុទ្ធ​យោធា​និង ព្រមាន​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើ វីរុស​ផ្ទុះឡើង​

92
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​KCNA​របស់​កូរ៉េ​ខាងជើង បាន​និយាយថា​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​បាន​ត្រួតពិនិត្យ​មើល​ការធ្វើ​សមយុទ្ធ​យោធា​កាលពី​​ថ្ងៃ​សុក្រ​ទី​២៨​កុម្ភៈ​ដែល​ជា​ការបង្ហាញ​មុខជា​សាធារណៈ​ដ៏​កម្រ​មួយ​ចំ​ពេល​មាន​ការ​ខំ​ប្រឹងប្រែង​​ការពារ​កុំអោយ​មាន​ការផ្ទុះ​ជម្ងឺឆ្លង​COVID-19 នៅក្នុង​​ប្រទេស​ឯកោ​នេះ​។​

​កូរ៉េខាងជើង​មិន​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​ណាមួយ​នៃ​វីរុស​នោះទេ​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា​ការ​ដាក់​នៅ​ដោយឡែក​រយៈពេល​មួយ​ខែ​ត្រូវបាន​​ធ្វើឡើង​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​បង្ហាញ​រោគសញ្ញា​និង​វិធានការ​តឹងរឹង​ខ្លាំង​ត្រូវបាន​អនុវត្ត​ដោយ​រួម​ទាំង​ការពង្រឹង​ការត្រួតពិនិត្យ​នៅ​តាម​តំបន់​ព្រំដែន​​និង​នៅ​អាកាសយានដ្ឋាន​ព្រមទាំង​នៅ​កំពង់ផែ​សមុទ្រ​។​

​កាលពី​ថ្ងៃទី ១៦ ខែ​កុម្ភៈ លោក គីម ជុង អ៊ុន បាន​បង្ហាញខ្លួន​ជា​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​២២ ថ្ងៃ​ចុងក្រោយ​នេះ​ដើម្បី​ទៅ​វិមាន​គោរព​វិញ្ញាណក្ខន្ធ ដែលជា​ថ្ងៃ​បុណ្យខួបកំណើត​របស់​ឪពុក​របស់​លោក​គឺ​មេដឹកនាំ គីម ជុង អ៊ី​ល ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​។​

​សារព័ត៌មាន​KCNA បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៩​ខែ​កុម្ភៈ​នេះ​ថា​សមយុទ្ធ​យោធា​នេះ​គឺ​ដើម្បី​វាយតម្លៃ​ការ​ចល័ត​ទ័ព​និង​សមត្ថភាព​វាយប្រហារ​របស់​កងទ័ព​ជួរ​​មុខ​និង​អង្គភាព​ទ័ព​នៅ​តំបន់​ភាគ​ខាងកើត​ហើយ​បាន​បញ្ចប់​ទៅ​ជាមួយ​នឹង​ការពេញចិត្ត​ខ្លាំង​ពី​លោក​គីម ជុង​អ៊ុន​។​

​សារព័ត៌មាន​KCNA បាន​និយាយថា លោក គីម ជុង​អ៊ុន ក៏​បាន​កោះប្រជុំ​មួយ​ដែល​មាន​ការចូលរួម​ពី​ក្រុមមន្ត្រី​បក្ស​ជាន់ខ្ពស់​នៃ​បក្ស​ពលករ​ដែល​កំពុងកាន់​អំ​​ណា​ចនេះ ដើម្បី​ពិភាក្សា​អំពី​ចំណាត់ការ​តឹងរឹង​ប្រឆាំង​ការឆ្លង​វីរុស​នេះ​។​

​លោក គីម ជុង​អ៊ុន​បាន​និយាយថា “​ក្នុងករណី​ដែល​ជំងឺឆ្លង​រាលដាល​ហួស​ពី​ការគ្រប់គ្រង​នៅក្នុង​ប្រទេស​របស់​យើង​នោះ វា​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។ មិន​​ត្រូវ​បណ្តោយ​មាន​ករណី​ឆ្លង​ណាមួយ ខណៈ​ដែល​រដ្ឋ​មាន​ប្រព័ន្ធ​ប្រឆាំង​ការឆ្លង​រាលដាល​នោះទេ​”​។​

​សារព័ត៌មាន​CNN បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា ផែនការ​មួយ​កំពុង​រៀបចំ​ធ្វើ​ដើម្បី​ជម្លៀស​ពួក​អ្នកការទូត​បរទេស​ចំនួន​៦០​នាក់​ដែល​ត្រូវបាន​ដាក់​ឱ្យ​នៅ​​ដោយឡែក​ចេញពី​ប្រទេស​កូរ៉េខាងជើង ដោយ​រួមទាំង​អ្នកការទូត​អាល្លឺម៉ង់​បារាំង​និង​ស្វីស​ជាច្រើន​នាក់​។​របាយការណ៍​នេះ​ក៏​បាន​និយាយ​ផងដែរ​ថា​ប្រទេស​ដទៃ​​ទៀត​ដែល​មាន​បេសកកម្ម​ការទូត​នៅ​កូរ៉េខាងជើង​នេះ ក៏​កំពុង​ព្យាយាម​កាត់បន្ថយ​ប្រតិបត្តិការ​របស់​ពួកគេ​ផងដែរ​៕​ប្រែ​សម្រួល​៖​សុខា​

លោក​គីម ជុង​អ៊ុន ត្រួត​មើល​ការធ្វើ​សមយុទ្ធ​យោធា ខណៈ​នាយទាហាន​ហែរ​ហម​ពាក់​ម៉ាស់​មុខ​ការពារ​វីរុស​