គីម ជុង អ៊ុន និង ដូ​ណា​ល់​ត្រាំ ព្រម​ទួល​យក​ការអញ្ជើញ​ធ្វើ​ទស្សនកិច្ច​ទៅវិញទៅមក បន្ទាប់ពី​ជំនួប​នៅ​សិង្ហ​បុរី​

3158
ចែករម្លែក

​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មិថុនា​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន​បាន​ទទួលយក​ការអញ្ជើញ​របស់​​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​ទៅ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ហើយ​ប្រធានាធិបតី​អាមេរិក​នេះ ក៏បាន​ទទួលយក​ការអញ្ជើញ​របស់ លោក គីម ជុង អ៊ុន ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង​ផងដែរ​។​

​សារព័ត៌មាន​KCNA បាន​និយាយថា ” មេដឹកនាំ​ទាំង​២​នេះ បានទទួល​យក​ដោយ​ក្តី​រីករាយ​ចំពោះ​ការអញ្ជើញ​ធ្វើ​ទស្សនកិច្ច​ទៅវិញទៅមក​នេះ ដោយ​ដឹងថា​វា​នឹង​​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត​សម្រាប់​ទំនាក់ទំនង​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​។​

​កាលពី​ថ្ងៃ​អង្គារ​ទី​១២​ខែមិថុនា លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង អ៊ុន បានធ្វើ​កិច្ច​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​សិង្ហ​បុរី​ហើយ​បាន​ប្តេជ្ញា​ថា​សហរដ្ឋ​​អាមេរិក​និង​កូរ៉េខាងជើង​បង្កើត​ទំនាក់ទំនង​ទ្វេភាគី​ថ្មី​និង​កសាង​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​។ លើសពីនេះ​ទៀត​នោះ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​អះអាង​ការ​​ប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​រំលាយចោល​អាវុធ​នុយក្លេអ៊ែរ​ដោយ​ប្តូរ​នឹង​ការធានា​សន្តិសុខ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​បន្ទាប់ពី​កិច្ច​ជំនួប​កំពូល​នេះ សារព័ត៌មាន KCNA បាន​រាយការណ៍​ថា នៅក្នុង​អំឡុង​កិច្ច​ជំនួប​កំពូល​នេះ មេដឹកនាំ​កូរ៉េខាងជើង​បាន​និយាយថា កូរ៉េខាងជើង​និង​សហរដ្ឋ​​អាមេរិក​គួរតែ​ចាត់វិធានការ​បន្ទាន់​ដើម្បី​បញ្ឈប់​សកម្មភាព​យោធា​ប្រឆាំងនឹង​គ្នា​ទៅវិញទៅមក​។​

​កិច្ច​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នេះ បានបញ្ចប់​ដោយមាន​កិច្ចព្រមព្រៀង​ចំនួន​៤​ចំណុច គឺ​កិច្ចព្រមព្រៀង​បង្កើត​ទំនាក់ទំនង​ទ្វេភាគី​ថ្មី​, ការសម្រេចចិត្ត​ចូលរួម​កិច្ចខិតខំ​ប្រឹង​​ប្រែង​ដើម្បី​កសាង​របប​សន្តិភាព​និង​ស្ថិរភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​, ការបញ្ជាក់​របស់​រដ្ឋា​ភិ​បាល​ក្រុង​ព្យុងយ៉ាង​អំពី​ការប្តេជ្ញាចិត្ត​ចំពោះ​ការរំសាយ​អាវុធ​នុយ​​ក្លេ​អ៊ែរ​និង​ការធ្វើ​មាតុភូមិនិវត្តន៍​នៃ​អដ្ឋិធាតុ​ទាហាន​អាមេរិក ព្រមទាំង​អ្នកទោស​សង្គ្រាម​ឬ​អ្នក​បាត់​ខ្លួន​នៅក្នុង​សង្គ្រាម​ពី​ឆ្នាំ​១៩៥០​ដល់​ឆ្នាំ​១៩៥៣​។​

​ប៉ុន្តែ នៅពេល​និយាយ​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​បន្ទាប់​ពី​ជំនួប​នេះ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​ការដាក់ទណ្ឌកម្ម​នឹង​នៅ​បន្ត​ស្ថិតនៅ​សម្រាប់​ពេលនេះ ​និង​បាន​និយាយថា ” យើង​មិនបាន​បោះបង់​វា​ចោល​ទេ​” ៕​ដោយ​:​សុខា​/sn

​គីម ជុង អ៊ុន និង ដូ​ណា​ល់​ត្រាំ ជួបគ្នា​នៅ​សិង្ហ​បុរី កាលពី​ថ្ងៃ​អង្គារ​ទី​១២​ខែមិថុនា