គីម ជុង អ៊ុន អំពាវនាវ​ឱ្យ​កូរ៉េខាងជើង​ផលិត​អាវុធ​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​ដ៏​ច្រើន​

497

​មេដឹកនាំ​កូរ៉េខាងជើង លោក គីម​ជុង​អ៊ុន បាន​ជំរុញ​ឱ្យ​កូរ៉េខាងជើង​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ដ៏​ច្រើន នៅក្នុង​សារ​ចូលឆ្នាំថ្មី​មួយ នៅ​ថ្ងៃ​ចន្ទ​ទី​១​ខែមករា ដោយ​លើកឡើងថា លោក​នឹង​បន្ត​ព​ន្លឿ​ន​កម្មវិធី​អាវុធ ដែល​បានធ្វើ​ឱ្យមាន​ភាព​តានតឹង​ជា​អន្តរជាតិ​។​

​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បង្កើន​ការប្រឹងប្រែង​របស់ខ្លួន​ដើម្បី​ក្លាយជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​កាលពី​ឆ្នាំ​២០១៧ ទោះបីជា​មានការ​ដាក់ទណ្ឌកម្ម​ពី​អន្តរជាតិ និង​ការ​គំរាម​ខ្លាំងៗ​ពី​សហរដ្ឋអាមេរិក​ក៏ដោយ​។​

​លោក គីម ជុង អ៊ុន បាន​និយាយ​នៅក្នុង​សុន្ទរកថា ប្រចាំឆ្នាំ​របស់លោក​ទៅកាន់​ជនរួមជាតិ​របស់លោក​ថា “​យើង​ត្រូវ​ផលិត​ក្បាល​កាំជ្រួច​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល ហើយ​ព​ន្លឿ​ន​ការដាក់​ពង្រាយ​អាវុធ​ទាំងនេះ​” ។
​លោក គីម ជុង អ៊ុន បាន​អះអាងថា កូរ៉េខាងជើង​បានសម្រេច​បាន​នូវ​គោលដៅ​នៃ​ការ​ក្លាយជា​រដ្ឋ​នុយក្លេអ៊ែរ​។​

​លោក គីម ជុង អ៊ុន បាន​ធ្វើជា​អធិបតី​ក្នុងការ​សាកល្បង​មី​ស៊ី​ល​ជាច្រើន កាលពី​ឆ្នាំ​២០១៧​ហើយ​
​បានធ្វើការ​សាកល្បង​នុយក្លេអ៊ែ​ដ៏​ខ្លាំង​ទី​៦​របស់ខ្លួន ដែល​ខ្លួន​និយាយថា​ជា​គ្រាប់បែក​អ៊ីដ្រូសែន​កាលពី​ខែកញ្ញា​។​

​កូរ៉េខាងជើង​និយាយថា កម្មវិធី​អាវុធ​របស់ខ្លួន​ត្រូវបាន​បង្កើតឡើង​ដើម្បី​អាច​តម្រង់​គោលដៅ​វាយប្រហារ​ដល់​ទឹកដី​អាមេរិក​។​

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​បាន​ឆ្លើយតប​ទៅនឹង​ការធ្វើ​តេស្ត​សាកល្បង​អាវុធ​នីមួយៗ​
​ជាមួយនឹង​សេចក្តីថ្លែងការណ៍​របស់​លោក​ដែល​គំរាមកំហែង​ថា​នឹង​បំផ្លាញ​ទីក្រុង​ព្យុងយ៉ាង និង ប្រមាថ លោក គីម ជុង អ៊ុន ដោយ​និយាយថា “​មេដឹកនាំ​កូរ៉េខាងជើង​នេះ ធ្វើ​បេសកកម្ម ធ្វើអត្តឃាត​ខ្លួនឯង​” ៕ ដោយ៖ សុខា

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន