គឹម វាសនា ដែល​ចាញ់​រហូត​នោះ អាច​ស្វែងរក​ជ័យជំនះ​បាន​ឬទេ​?

537

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: អ្នក​ប្រដាល់ គឹម វាសនា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ការប្រកួត​របស់គេ​ជួប​បរាជ័យ​រហូត​នោះ នៅ​រសៀល​ថ្ងៃទី​២០​ឧសភា លើស​ង្វៀន​បារ​លី​ប្លេ​ក របស់​អាស៊ីអាគ្នេយ៍ គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ កេង កាត់​(Keng Kat) ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។​

​វាសនា ធ្លាប់​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មួយ តែ​ពេញ​មួយ​ព្រឹត្តិការណ៍​នេះ គេ​មិន​ត្រឹមតែ​ជួប​បរាជ័យ​នោះទេ គឺ​ថែមទាំង​ត្រូវ​គូប្រកួត​វាយ​ឲ្យ​សន្លប់​ទៀតផង​។ តាមពិត​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​របៀប​វ៉ៃ​គ្រាន់បើ​ដែរ តែ​ចិត្ត​របស់គេ​តូច និង​ភាព​អត់​ណ​ត់​ទាប គឺ​បើ​គូប្រកួត​វ៉ៃ​ធ្ងន់ តែ​បន្តិច​នោះ គេ​លែង​ហ៊ាន​វាយប្រហារ​លើ​គូប្រកួត​តែម្ដង​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ កេង កាត់ គេ​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ ញឹកញាប់​ណាស់ ដែល​ការប្រកួត​របស់គេ​ភាគច្រើន​បានទទួល​ជ័យជំនះ​។ ជា​អ្នក​ប្រដាល់​ដែលមាន​ផ្លែ​ជង្គង់​ល្អ វ៉ៃ​ចេញ​រហ័ស និង​អាច​វ៉ៃ​ចេញ​បាន​គ្រប់​ស្ថាន​ភា​ពុំ​ជំហរ​នោះ កេង កាត់ វ៉ៃ​មិន​បំពាន​គូប្រកួត​ឡើយ​។ កេង កាត់​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៩​ដង ឈ្នះ​៨៤​ដង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ ១​ដង​។ ចំណែក គឹម វាសនា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧១​ដង ឈ្នះ​៥៤​ដង​ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ វាសនា ប្រសិនបើ​ការប្រកួត​នេះ បរាជ័យ​ទៀត​នោះ ឱកាស​ដើម្បី​ឡើង​ប្រកួត​ជាមួយ​បរទេស​ទំនងជា​លែងមាន​ហើយ​មើលទៅ​។​

​ឌុន រដ្ឋា ក្លិប​អេ​ភូ​ថង​កីឡា ដែល​ការប្រកួត​របស់គេ​តែងតែ​បរាជ័យ​ដែរនោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ភេ​ច អា​រុណ (Phich Arun) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៧១​គីឡូក្រាម​។​

​រដ្ឋា ចិត្ត​របស់គេ​មិន​ក្លាហាន​ឡើយ​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨២​ដង ឈ្នះ​៦១​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​៥​ដង​។ ចំពោះ ភេ​ច អា​រុណ វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩០​ដង ឈ្នះ​៨០​ដង ចាញ់​១០​ដង​។ គេ​ជា​អ្នកខ្លាំង​មួយរូប​ដែល​លំបាក​បង្ក្រាប​ខ្លាំងណាស់​។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ នៅពេល​ប្រកួត​គេ​ធ្វើ​សកម្មភាព​ច្រើន ដើម្បី​រំខាន​គូប្រកួត​ពិសេស​គេ​ធ្វើ​ឲ្យ​អារម្មណ៍​គូប្រកួត​មិនសូវ​ល្អ ទើប​គេ​ចាប់ផ្ដើម​វាយប្រហារ​។ ជួប​ជាមួយ​ភេ​ច​អា​រុណ គឺជា​ការងារ​ធ្ងន់​ហើយ​សម្រាប់​រដ្ឋា​។​

​ចំពោះ​គូប្រកួត​កំដរ​សង្វៀន​នោះ លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ សេន កុសល ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ នួន រ៉ា​ថេប ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕ ល​