គុណលេខមិនត្រូវ នាយកសាលា វាយកុមារីម្នាក់ ជាំគូថ

576
ចែករម្លែក
  • 728
    Shares
គុណលេខមិនត្រូវ នាយកសាលាវាយកុមារីម្នាក់ ជាំគូថ

ដោយ៖ សុផានីតា/កោះកុង៖ កុមារីរៀនថ្នាក់ទី២ម្នាក់ ត្រូវបាននាយកសាលាចំណេះដឹងទូទៅ​កម្ពុជបុត្ត បានប្រើរំពាត់វាយជាំ​គូថជា​ច្រើនកន្លែង​ ព្រោះតែការសូត្រ​ និងគុណ​លេខ​មិនត្រឹមត្រូវ។ ទោះបីជាមានការចង់សម្របសម្រួលក្រៅផ្លូវ​ច្បាប់​យ៉ាង​ណា​ក៏អាណាព្យាបាលកុមារីរងគ្រោះ មិនព្រមនោះទេ។

អ្នកស្រី ផាន់ លាងហ៊ីម​ ជាម្តាយរបស់កុមារីឈ្មោះឡេង​ លីហ្សា​ បានដាក់​ពាក្យប្តឹងស្វែងយុត្តិធម៌ និងសងជំងឺចិត្តពី​លោកឡេង​ សារិន​ នាយកសាលា​ចំណេះ​ដឹ​ងទូទៅកម្ពុជបុត្ត ទៅនគរបាលប៉ុស្តិ៍​សង្កាត់ដងទង់ នៅរសៀលថ្ងៃទី​២៣ ខែមីនា​ ក្រោយពិនិត្យឃើញស្លាកស្នាមជាំ​ និងត្អូញត្អែរពីការឈឺចាប់​របស់​កូនស្រីខ្លួន។គ្រួសារលោកស្រីស្នាក់នៅភូមិ២ ឃុំដង់ទង ក្រុមខេមរភូមិន្ទ។

បើតាមម្តាយកុមារីរងគ្រោះ បាននិយាយរៀបរាប់ថា​ ដំបូងឡើយ​ អ្នកស្រី​មិនជឿទេថា នាយកសាលានោះ ​វាយ​កូន​គាត់ដល់ថ្នាក់ហ្នឹងនោះទេ​ តែដល់​ពេល​សួរនាំ និងស្តាប់ការលើកឡើងរបស់កូនស្រីរួចរាល់ សោយគូថ​មើល​​ឃើញ​ថាមានជាំដុំជាច្រើនកន្លែងពិតមែន។ ទើបធ្វើឱ្យរូបគាត់ និងប្តី​ មានចិត្តខឹងសម្បារ​នឹកអាណិតកូន ​ទាំងយប់​ថ្ងៃ​ទី​២២ ខែមីនា​ បាត់ទំនុកចិត្តលើគុណភាពបង្រៀន​ នៅសាលារៀនមួយនេះ។

អ្នកស្រី ផាន់ លាងហ៊ីម​ បានបន្ថែមដោយយោងតាមសម្តីកុមារីទៀតថា​ មូលហេតុដែលនាយកសាលា ​ហ៊ានវាយកូន​ស្រី​ ព្រោះតែគ្រូបង្រៀនប្រចាំថ្នាក់​ អវត្តមាន ដោយលោកឡេង សារិន មកបង្រៀនជំនួសឲ្យសូត្រ និងគុណ​លេខ​មិនត្រឹមត្រូវ ក្នុងថ្នាក់រៀន កាលពីរសៀល ម៉ោង៣ ថ្ងៃទី២២ ខែមីនា ។ ការវាយកូន​សិស្ស​នេះ​ដែរ មិនមែន​តែ​កូន​ស្រីរបស់អ្នកស្រីទេ គឺមានកុមារ​ចំនួន​៨ នាក់ផ្សេងទៀត ក៏រងការវាយដូចគ្នាដែរ តែមិនធ្ងន់ធ្ងរ។

អ្នកស្រី បានបន្តថា មុននឹងពួកគាត់ មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ គឺមាន​ភរិយា​របស់នាយកសាលាចំណេះដឹងទូទៅកម្ពុជបុត្ត មកផ្ទះ​ ហើយសុំសម្រប​សម្រួលជាទឹកប្រាក់ចំនួន ៣០០ ដុល្លារ បញ្ចប់រឿងរ៉ាវ ប៉ុន្តែអ្នកស្រី​ និងប្តី​ មិន​ព្រម​ដាច់ខាត ពោលគឺចង់បានយុត្តិធម៌ច្បាប់ និងការសងជំងឺចិត្ត​ ព្រមទាំងស្នើសុំ​ដល់​លោកគ្រូ អ្នកគ្រូ ឬនាយកសា​លាដទៃទៀត​កុំយកវិធីសាស្រ្តបង្រៀន​បែប​ហិង្សាធ្ងន់ធ្ងរលើកុមារ។

ដោយឡែក ​រាល់ខែ គឺរូបគាត់ និងប្តី ត្រូវចំណាយថវិកាប្រមាណ​ ៤៥​.០០០ ​រៀល សម្រាប់​​បង់ថ្លៃរៀនសូត្រ ឲ្យ​កូនស្រី មិនដែលលើសថ្ងៃនោះទេ។ ចំពោះការបញ្ចូនកូន ទៅសាលារៀនខាងលើ ដោយសារតែនៅជិតផ្ទះ។

រស្មីកម្ពុជា បានទាក់ទងលោកឡេង​ សារិន​ ដែលជានាយកសាលា​ចំណេះ​ដឹងទូទៅកម្ពុជបុត្ត ដើម្បីសុំការពន្យល់ ពីមូលហេតុនៃការវាយកូន​សិស្សរបស់​ខ្លួន​ ប៉ុន្តែលើកឡើងទូរស័ព្ទ ហើយមិនឆ្លើយតប គ្រាន់តែឮថាអ្នកសារ​ព័ត៌មាន​សាកសួរព័ត៌មាន។

ដោយឡែក លោកសេង​ សុទ្ធី​ អនុប្រធានមន្ទីរអប់​រំ​ យុវជន​ និងកីឡា​ ខេត្ត​កោះកុង បានឱ្យដឹងថា លោកបាន​ទទួល​​ព័ត៌មានពីករណីនាយក​សាលាចំណេះ​ដឹ​ងទូទៅកម្ពុជបុត្ត វាយដុំកូនសិស្សរួចរាល់ ហើយលោកចាត់​តាំង​អោយ​មាន​គណៈ​កម្មការចុះត្រួតពិនិត្យ និងស្រាវជ្រាវ នៅថ្ងៃច័ន្ទ ដើមសប្តាហ៍ក្រោយ។ ត្រង់ថាសាលានោះមានលិខិតអនុញ្ញាតបើកបង្រៀនពីមន្ទីរយ៉ាងណានោះលោកពិនិត្យរកឃើញឯកសារបន្ថែម។

អនុប្រធានមន្ទីរអប់រំខេត្តកោះកុង ក៏លើកឡើងដែរថា ការអប់រំបែបប្រើ​ប្រាស់​អំពើហិង្សា ទៅលើកូន​សិស្សតាម​សាលា​រៀនត្រូវបានលុបបំបាត់​ មិនកើត​មាន​នោះទេ ដូចជាលោក​នាយកសាលា ខាងលើ ប្រព្រឹត្តគឺខុសក្រម​សីល​ធម៌ និងបទបញ្ជាផ្ទៃក្នុង​របស់​ក្រសួងអប់រំ​ ហើយនឹងវិធានការ​ តាមរយៈចេញ​លិខិត​ព្រមាន ឬផ្អាកដំណើរការ​ជា​បណ្តោះ​អាសន្នសិន៕