គុន​ដាវ ​កូន​ខ្មែរសញ្ជាតិ​អាមេរិក ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក នៅ​ហុង​គ្រី តំណាង​ឲ្យ​កម្ពុជា

415
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​បញ្ជូន​កីឡាករ​មួយរូប គឺជា​កូន​ខ្មែរ សញ្ជាតិ​អាមេរិក ចូលរួម​ព្រឹត្តិការណ៍ ប្រកួត​ជ្រើសរើស​ជើងឯក កីឡា​គុន​ដាវ​ពិភពលោក ឆ្នាំ​២០១៩ “FIE World Fencing Championships 2019, Budapest” នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េស្ត ( Budapest ) ប្រទេស​ហុង​គ្រី​។ ការប្រកួត បានចាប់ផ្ដើម​ប្រព្រឹត្តិ​ទៅ តាំងពី​ថ្ងៃទី ១៥ ហើយនឹង​ត្រូវ​បញ្ចប់ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​លោក សុខ អាង អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា ដែល​កំពុងតែ​ស្ថិតនៅ ទីក្រុង​ប៊ុ​យ​ដា​ប៉េស្ត បាន​ប្រាប់​តាម​សារ​អេឡិចត្រូនិក​ថា កីឡាករ​គុន​ដាវ កូន​ខ្មែរ សញ្ជាតិ​អាមេរិក មានឈ្មោះ វ៉ា​ហ្គ អូរ​មិញ​ស្គី​ហ្វ្រេ​ន ធី​សិ​ដ្ឋ​ប៊ូល ចូលរួម​ប្រកួត​លើ​វិញ្ញាសា បុរស​ដាវ​ធំ​ឯកត្តជន​។​

​លោក​បាន​បន្ត​ឲ្យ​ដឹងថា កីឡាករ​រូបនេះ ជា​កូន​ខ្មែរ​ពិតៗ ដែលមាន​ឳ​ពុក​ម្តាយ ជា​ជនជាតិខ្មែរ កាល​លោក​រស់នៅ សហរដ្ឋអាមេរិក​នោះ ព្រោះ​ប្តី​ប្រពន្ធ ជនជាតិ​អាមេរិក បាន​សុំ​លោក ធ្វើជា​កូនធម៌ ដោយសារតែ​លោក ជា​កូនកំព្រា​។ ដោយសារតែ​ស្រឡាញ់​កីឡា​គុន​ដាវ​នោះ ទើប វ៉ា​ហ្គ អូរ​មិញ​ស្គី​ហ្វ្រេ​ន ធី​សិ​ដ្ឋ​ប៊ូល បាន​ហ្វឹកហាត់​កីឡា​នេះ ។ គេ​បាន​ហ្វឹកហាត់​ជាច្រើន​ឆ្នាំ មកហើយ ព្រមទាំង​ធ្លាប់​ចូលរួម​ប្រកួត ជាច្រើន​ដែរ ។ ទើបតែ​ពេលនេះ គេ​មក​ប្រកួត ជា​តំណាង​ឲ្យ​ខ្មែរ នៅក្នុង​ព្រឹត្តិការណ៍ “FIE World Fencing Championships 2019, Budapest” នេះ​តែម្ដងទៅ ។​

​លោក​អគ្គលេខាធិការ បាន​បន្តទៀតថា ព្រឹត្តិការណ៍​“FIE World Fencing Championships 2019, Budapest” នេះ មាន​កីឡាករ ចូលរួម​ចំនួន ២២៦ នាក់ មកពី ៨១ ប្រទេស ៕v

កីឡាករ វ៉ា​ហ្គ អូរ​មិញ​ស្គី​ហ្វ្រេ​ន ធី​សិ​ដ្ឋ​ប៊ូល (​រូប​ក្មេង​)