គុយទាវ​ភ្នំពេញ រំពឹង​អាច​នឹង​ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​កើនឡើង​ក្រោយ​សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ាក​សមូហភាព​

243
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​” កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ សំដៅ​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ឱ្យ​ចូលមក​ទស្សនា ក្នុងប្រទេស​កម្ពុជា កាន់តែ​កើនឡើង​បន្ត​ទៅមុខ​ថែមទៀត​។​

​ពិធី​សម្ពោធ​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​អគារ​កោះ​ពេជ្រ ក្រោម​វត្តមាន​របស់លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោក Mario MATUS តំណាង​អគ្គនាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល អង្គទូត តំណាង​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ប្រមាណ​៤០០​នាក់​។​

​ក្នុង​ពិធី​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា ម៉ាក​សមូហភាព គុយទាវ​ភ្នំពេញ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ក្រសួងពាណិជ្ជកម្ម​លើ​វិស័យ​កម្មសិទ្ធិបញ្ញា បន្ទាប់ពី​ក្រសួង​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាក ម្លិះ​អង្គរ ដែលជា​ម៉ាក​វិញ្ញាតកម្ម​ទីមួយ​និង​ម៉ាក ក្រូចថ្លុង​កោះ​ទ្រង់ ដែលជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ទី​បី​របស់​កម្ពុជា បន្ថែម​លើ​ម៉ាក​ម្រេច​កំពត និង​ស្ករត្នោត​កំពង់ស្ពឺ ដែល​កំពុង​ទទួលបាន​ការពេញនិយម​នៅលើ​ទីផ្សារ​។​

​ស្របគ្នា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ទាំងអស់​ចូល​ជា​សមាជិកសមាគម​ចុង​ភៅ​កម្ពុជា ដើម្បី​ទទួលបាន​សិទ្ធិ​ប្រើប្រាស់​ម៉ាក​សមូហភាព គុយទាវ​ភ្នំពេញ​ស្របច្បាប់ និង​ការគាំទ្រ​បច្ចេកទេស​ផ្សេងៗ សំដៅ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កម្មសិទ្ធិបញ្ញា និង​ទេសចរណ៍​។​

​ដោយឡែក លោក ម៉ា​រី​អូ ម៉ា​ទុ​ស (Mario MATUS) តំណាង​អគ្គនាយក នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បញ្ជាក់ថា គុយទាវ​ភ្នំពេញ គឺជា​ប្រភេទ​យីហោ​អាជីវកម្ម​លើកដំបូង មានភ្ជាប់​ប្រព័ន្ធគ្រប់គ្រង​ត្រួតពិនិត្យ​គុណភាព និង​ស្តង់ដារ​អនាម័យ​ជាក់លាក់ នៅក្រោម​ការឧបត្ថម្ភ​ពី​អង្គការ និង​មាន​កិច្ចសហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ពី​សមាគម​សហគមន៍​ចុងភៅ​កម្ពុជា រួមជាមួយ​ជំនាញការ​ជាតិ និង​អន្តរជាតិ​។​

​លោក សុង តេង ប្រធាន​សមាគម​សហគមន៍​ចុងភៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា យីហោ​អាជីវកម្ម​ដំបូង “​គុយទាវ​ភ្នំពេញ​” បង្កើតឡើង​ក្រោម​ការឧបត្ថម្ភ​ពី​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) និង​មាន​កិច្ចសហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ពី​សមាគម រួមជាមួយ​ជំនាញការ​ជាតិ និង​អន្តរជាតិ​។ គុយទាវ​ភ្នំពេញ​នេះ នឹង​លើកកម្ពស់​វិស័យ​គុយទាវ គុណភាព អនាម័យ អភិរក្ស​រូបមន្ត និង​ចំណេះ​ជំនាញ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អាវ​ជីក​រលក់​គុយទាវ​ទាំង​ខ្នាតតូច​និង​ទាំង​ខ្នាត​ធំ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​លោក​ឲ្យ​ដឹង​ទៀតថា ការកសាង​ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​” ដែលមាន​ការងារ​ដែល​ត្រូវធ្វើ​ជាច្រើន រួមមាន​៖​ការបង្កើត​លក្ខន្តិកៈ សមាគម បទបញ្ជាផ្ទៃក្នុង និង​បទបញ្ជា​រួម​គ្រប់គ្រង​ការប្រើប្រាស់​ម៉ាក​សមូហភាព​នេះ​។ ជាពិសេស បទបញ្ជា​រួម​គ្រប់គ្រង​ការប្រើប្រាស់​ដែល​មានចែង​លម្អិត​រួមមាន ១៦​ប្រការ ស្តីពី​គោលបំណង គោលដៅ ការគ្រប់គ្រង រូបមន្ត “​គុយទាវ​ភ្នំពេញ​” ស្តង់ដារ​អនាម័យ ការត្រួតពិនិត្យ និង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ម៉ាក​។​ល​។ និង​មានភ្ជាប់​ឧបសម្ព័ន្ធ​ចំនួន​៣ ដែល​បច្ចុប្បន្ននេះ រូបមន្ត “​គុយទាវ​ភ្នំពេញ​” បាន​បង្កើត​និង​ចងក្រង​ឡើង ដើម្បី​បំពេញចិត្ត​អ្នក​បរិភោគ​ឲ្យ​មាន​រសជាតិ​ខុសៗ​គ្នា​ចំនួន ៥​ប្រភេទ ទៅតាម​ប្រភេទ​សាច់ គ្រឿងផ្សំ​ទឹក​ស៊ុប គ្រឿងផ្សំ​គោក និង​គ្រឿងទេស​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ក្នុង​រយៈពេល ៨​ខែ ឆ្នាំ​២០១៩ កម្ពុជា នៅតែ​រក្សា​អាត្រា​កំណើន​ភ្ញៀវ​អន្តរជាតិ​អញ្ជើញ​មក​ទស្សនា​កំសាន្ត​កើនឡើង​១០.៤​ភាគរយ​៕ ល​