គូស្នេហ៍​អភ័ព្វ​ត្រូវ​សាច់ញាតិ​សម្លាប់​ដោយ​គប់​ដុំថ្ម​ដោយសារ​រៀបការ​ខុស​វណ្ណៈ​

313
ចែករម្លែក

សាច់ញាតិ​នៃ​ស្ត្រី​ជនជាតិ​ឥណ្ឌា ម្នាក់​ដែល​បាន​រៀបការ​ប្ដី​ក្រៅ​វណ្ណៈ ហើយ​លួច​ពង្រត់គ្នា​ទៅ ឆ្ងាយ​ព្រោះ​ខ្លាច​ការដាក់ទោស​ពី​គ្រួសារ បានសម្លាប់​នាង និង​ប្ដី​របស់​នាង​ដោយ​គប់​នឹង​ដុំថ្ម យ៉ាង​ព្រៃផ្សៃ បន្ទាប់ពី​ប្ដី​ប្រពន្ធ​ដ៏​អភ័ព្វ​ទាំងពីរ​វិល​ត្រលប់មក​ភូមិ​ដើម្បី​ជួបជុំ​គ្រួសារ​នេះ​បើ​យោង តាម​ប៉ូលិស​បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែវិច្ឆិកា​។​

​ប្ដី​ប្រពន្ធ​វ័យ ២៩ ឆ្នាំ​ខាងលើ​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​ស្ថិតក្នុង​រដ្ឋ​ភាគខាងត្បូង​កា​ណា​តា​កា (Karnataka) បាន​រៀបការ​កាលពី ៣ ឆ្នាំមុន​ប្រឆាំង​បំណង​របស់​ក្រុមគ្រួសារ​ពួកគេ​ហើយ​ពង្រត់ គ្នា​ទៅ​រស់នៅ​ក្រុង​បេន​ហ្គា​លូ​លូ (Bengaluru) នៅ​ក្រុង​ផ្សេងៗ​ទៀត​រហូត​មានកូន ២ នាក់​។​

​ប៉ុន្តែ​ដោយ​ក្ដី​នឹករឭក​គ្រួសារ​ព្រោះតែ​ការ​ឃ្លាតឆ្ងាយ​ពី​ស្រុកកំណើត​ពួកគេ​បានសម្រេច​វិល ត្រឡប់មក​ភូមិ​កាលពី​ខែ​មុន ហើយ​រឿង​អកុសល​ក៏បាន​កើត​ឡើងលើ​ពួកគេ​ទាំងពីរ​គួរឱ្យ​តក់ ស្លុត​។​

​ប៉ូលិស​មូលដ្ឋាន​ម្នាក់​ឈ្មោះ ហ្គូ​រូ សាន់ (Guru Shanth) បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន បារាំង​ថា “​អ្នកភូមិ​បាន​ប្រទះឃើញ​ពួកគេ​កាលពី​ថ្ងៃ​ពុធ ហើយ​បាន​ប្រាប់​ដំណឹង​នេះ​ដល់​បងប្រុស​របស់ នារី​ជា​ប្រពន្ធ​។ បន្ទាប់មក បងប្រុស​របស់​នាង​ក៏បាន​បបួល​មនុស្ស​មួយក្រុម​មក​សម្លាប់​ពួកគេ ដោយ​គប់​នឹង​ដុំថ្ម​។ ជនជាប់ចោទ​សំខាន់ ៣ នាក់​រួមមាន​ទាំង​បងប្រុស​និង​ឪពុកមារ​របស់​នាង ផង​”​។​

​ករណី​ដ៏​រន្ធត់​នេះ​ឆ្លុះបញ្ចាំង​ពី “​ការសម្លាប់​ដើម្បី​រក្សា​កិត្តិយស​” (honour killing) ដែល​កើតឡើង ជា​ញឹកញាប់​នៅតាម​តំបន់​ជនបទ​នៃ​ប្រទេស​នេះ​។ “​ការសម្លាប់​ដើម្បី​រក្សា​កិត្តិ​យ​” ជាធម្មតា​ធ្វើ ឡើង​ដោយ​សាច់ញាតិ​ជិត ឬ​ចាស់​ព្រឹទ្ធា​ចារ​ក្នុងភូមិ​ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​របស់​គ្រួសារ​នៅក្នុង ប្រព័ន្ធ​វណ្ណៈ​ដ៏​តឹងរ៉ឹង និង​គួរឱ្យ​ស្អប់ខ្ពើម​។​

​ស្ថិតិ​របស់​អង្គការសហប្រជាជាតិ​បាន​បង្ហាញថា ក្នុងចំណោម​ឃាតកម្ម​បែបនេះ​ចំនួន ៥.០០០ ករណី​ដែល​កើតឡើង​ក្នុង​មួយឆ្នាំៗ​ទូទាំង​ពិភពលោក មាន ១.០០០​ករណី​កើតឡើង​នៅក្នុង ប្រទេស​ឥណ្ឌា​។​

​តុលាការ​កំពូល​របស់​ឥណ្ឌា បានសម្រេច​កាលពី​ឆ្នាំ​២០១១ ថា ជន​ណា​ដែល​ជាប់​ពិរុទ្ធភាព​ពីបទ មនុស្សឃាត​បែបនេះ ត្រូវ​ប្រឈម​ការកាត់ទោស​ប្រហារជីវិត​៕ ប្រែ​សម្រួលៈ ខុម​