ទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាងផាក ស៊ីនហេ និង លោក ឆយ តែជុន ប្រកាសមានទំនាក់ទំនងស្នេហានឹងគ្នា ឥឡូវមានការប្រកាសមួយទៀតហើយ គឺ តារាសម្តែង នាង បិ ស៊ូហ្ស៊ី និង តារាសម្តែង លី ដុងវុគ កំពុងមានទំនាក់ទំនងស្នេហាដែរ។
តាមសេចក្តីរាយការណ៍ គេប្រទះឃើញអ្នកទាំង២កំពុងណាត់ជួបគ្នានៅសង្កាត់ចឹងដាំ ជាកន្លែងដូចគ្នាតែមួយ ដែលនាងផាកស៊ីនហេ និង លោកតែជុន ណាត់ជួបគ្នា។
តាមដឹង តារាទាំង២ដួងបានណាត់គ្នានៅកន្លែងជួបជុំជាលក្ខណៈឯកជនមួយ ហើយបានបង្កើតទំនាក់ទំនងស្នេហាក្នុងនាមជាតារាសម្តែងជើងចាស់និងជើងថ្មីរហូតដល់មានទំនាក់ទំនងពិសេសផ្សេងទៀតជាច្រើន។
អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថា នាងស៊ូហ្ស៊ីធ្លាប់និយាយចំឈ្មោះតារាសម្តែងក្នុងរឿង Goblin រូបនេះថា ជាប្រភេទ “បុរសនាងពេញចិត្ត” ក្នុងកម្មវិធី Strong Heart ដែលមានលោកដុងវុគផ្ទាល់ធ្វើជាពិធីករ។
ផលិតកម្ម King Kong ក្រោមចំណុះរបស់ Starship និងផលិតកម្ម JYP Entertainmen របស់តារាទាំង២ បានបញ្ជាក់អំពីទំនាក់ទំនងស្នេហានេះ ប៉ុន្តែអះអាងថា អ្នកទាំង២កំពុងស្ថិតក្នុងដំណាក់កាលដំបូងក្នុងការបង្កើនការយល់ចិត្តគ្នាប៉ុណ្ណោះ។
តារាប្រុសអាយុ ៣៦ ឆ្នាំ លី ដុងវុគ មានអាយុបងនាងស៊ូហ្ស៊ីដល់ទៅ ១៣ ឆ្នាំ៕ ដោយ៖ កញ្ញាដាលីស