គូ​ដណ្តឹង​របស់​អតីត​អធិការបតី​អាល្លឺម៉ង់ ច្រានចោល​ការទាមទារ​សំណង​របស់​អតីត​ស្វាមី​

920
ចែករម្លែក

​គូ​ដណ្តឹង​ជនជាតិ​កូរ៉េខាងត្បូង​របស់​អតីត​អធិការបតី​អាល្លឺម៉ង់​លោក ជើ​ហាត ស្រូ​ឌ័​រ (Gerhard Schroeder) បាន​ចេញមក​និយាយ​អំពី​របាយការណ៍​នានា​ដែលថា​អតីត​ប្តី​របស់​នាង​បាន​ប្តឹង​លោក​ស្រូ​ឌ័​រ​ទារ​សំណង​ផ្នែក​ហិរញ្ញវត្ថុ​។​

​ទីភ្នាក់ងារសារព័ត៌មាន Dpa បាន​ដកស្រង់​សារព័ត៌មាន​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​មេសា​ថា អតីត​ប្តី​របស់​នាង សូ​យឹ​ន គីម កំពុង​ទាមទារ​សំណង​ហិរញ្ញវត្ថុ​ពី​លោក​ស្រូ​ឌ័​រ ប្រហែល ៧៧.០០០ អឺរ៉ូ (៩២.៦២០ ដុល្លារ​) ដោយសារតែ​ទំនាក់ទំនង​ស្នេហា​របស់​អតីត​អ្នកនយោបាយ​រូបនេះ​ជាមួយ​នាង​គីម បាន​បណ្ដាលឱ្យ​គាត់ “​ឈឺចាប់​ក្នុង​ចិត្ត​មិនអាច​ទ្រាំទ្រ​បាន​”​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១​ឧសភា នាង​គីម​និយាយថា លោក​ស្រូ​ឌ័​រ​មិនមែនជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការដួលរលំ​អាពាហ៍ពិពាហ៍​របស់​នាង​នោះទេ ហើយ​គាត់​មិនបាន​ជំពាក់​ប្រាក់​សំណង​អតីត​ប្តី​របស់​នាង​នោះទេ​។​

​គូស្នេហ៍​នេះ​បានប្រកាស​កាលពី​ខែមករា​ថា ពួកគេ​ចង់​រៀបការ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ​។ វា​នឹង​ក្លាយជា​អាពាហ៍ពិពាហ៍​ទី​៥​របស់លោក​ស្រូ​ឌ័​រ​៕ ដោយ៖ កញ្ញាដាលីស

លោក​ស្រូ​ឌ័​រ និង នាង​គីម ទស្សនា​បាល់ទាត់​អាល្លឺម៉ង់​រវាង Hannover និង Bayern Munich កាលពី​សប្តាហ៍​មុន