គូ​ស្វាមីភរិយា​រាប់រយ​គូ​រៀបការ​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​នៅ​ឥណ្ឌូនេស៊ី​

476

​គូ​ស្វាមីភរិយា​រាប់រយ​គូ​បាន​រៀបការ​ក្នុង​ពិធីមង្គលការ​ដ៏​ធំ នៅ​ថ្ងៃ​ចូលឆ្នាំ​សកល កាលពី​ថ្ងៃអាទិត្យ​ទី​៣១​ខែធ្នូ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី​។​

​គូ​ស្វាមីភរិយា​ជិត​៤៥០​គូ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​កណ្តាល​ទីក្រុង​នេះ នៅ​មុនពេល​ប៉ុន្មាន​ម៉ោង​១២​យប់ ដើម្បី​អធិដ្ឋាន​ជាមួយ​គ្រួសារ​របស់​ពួកគេ មុនពេល​ចុះហត្ថលេខា​លើ​លិខិត​អាពាហ៍ពិពាហ៍​។

​ក្រុមមន្ត្រី​រដ្ឋាភិបាល​បាន​មើល​ការខុសត្រូវ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​អាពាហ៍ពិពាហ៍​សម្រាប់​ពួកគេ​។​

​នាង ហា​ធី​នី​ង​ហ្គី​ស កូនក្រមុំ អាយុ​៣៨ ឆ្នាំ​បាន​និយាយថា “​យើង​ចង់បាន​បទពិសោធ​ដែល​មិនអាច​បំភ្លេចបាន ហើយ​យើង​សប្បាយរីករាយ​ណាស់​ដែល​យើង​សម្រេចចិត្ត​ចូលរួម​ក្នុង​ពិធី​នេះ​”​។​

​ស្វាមី​របស់​នាង​ឈ្មោះ រីក​គី រ៉ាំ​ង​ហ្គា អាយុ​៣០​ឆ្នាំ​បាន​និយាយថា ពួកគេ​បាន​អរគុណ​រដ្ឋបាល​ក្រុង​នេះ​ដែល​ធ្វើឱ្យ​ពិធីមង្គលការ​ប្រព្រឹត្តទៅ​បានល្អ​។​

​គូ​ស្វាមីភរិយា​ជាច្រើន​គូ​នេះ បាន​ស្លៀកពាក់​តាម​ប្រពៃណី​ឥណ្ឌូនេស៊ី​នៅក្នុង​ពិធីមង្គលការ​ដ៏​ធំ​នេះ​។​

​លោក អា​នី បា​ស្វេ​ដាន់ អភិបាលក្រុង​ហ្សា​ការ​តា បាន​អបអរសាទរ អ្នក​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ ហើយ​បាន​និយាយថា​ទីក្រុង​នេះ​នឹង​រៀបចំ​ពិធី​នេះ​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​។

​ប៉ូលិស​និង​ទាហាន​រាប់ម៉ឺន​នាក់​ត្រូវបាន​ដាក់ពង្រាយ​ការពារ​សន្តិសុខ​នៅ​ទី​ហ្សា​ការ​តា​និង​ទូទាំងប្រទេស​នេះ​ដើម្បី​ការពារ​សន្តិសុខ​នៅ​ថ្ងៃ​អបអរ​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំថ្មី​នេះ ខណៈដែល​ប្រទេស​នេះ នៅតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នោះ ៕ ដោយ៖ សុខា

គូ​ស្វាមីភរិយា​ជិត​៤៥០​គូ បាន​រៀបការ​ក្នុង​ពិធីមង្គលការ​ដ៏​ធំ នៅ​ថ្ងៃ​ចូលឆ្នាំ​សកល កាលពី​ថ្ងៃអាទិត្យ​ទី​៣១​ខែធ្នូ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី