គួរតែ​ធ្វើ​របង មុន​សេះ​ដាច់ !

178
ចែករម្លែក

ដែក​យោង​ជណ្ដើរយន្ដ​មួយ​បាន​ធ្លាក់​ចេញពី​អគារ​កម្ពស់ ៤២​ជាន់ នៅ​ផ្លូវកែងស្ដុ​ប​ពេទ្យ​ចិន ទល់មុខ​វិទ្យាល័យ​ព្រះ​យុគន្ធរ តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ត្រូវចំ​រថយន្ដ​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាកមែរ​សឺ​​ដេ​ស (Mercedes-Benz S350) ពាក់​ផ្លាកលេខ ភ្នំពេញ 2BC-7788 បណ្តាល​ឲ្យ​ខ្ទេច​មួយ​កំណាត់ក្រោយ​។​

​ហេតុការណ៍​ធ្លាក់​ដែក​ចំ​ឡាន​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​ជិត ២​រសៀល ថ្ងៃទី​២០ ខែវិច្ឆិកា​។ រថយន្ដដែល​ធ្លាក់​ដែក​ត្រូវ​នេះ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ស្ដុ​ប​ក៏​ឈប់រង់ចាំ​ជាមួយ​អ្នកដំណើរ​ផ្សេងទៀត​ ស្រាប់តែ​ពេល​កំពុង​ឈប់​នោះ​ក៏​មានដែក​មួយ​ផ្ទាំង​ធំ​ធ្លាក់ចេញពី​អគារ​កម្ពស់ ៤២​ជាន់ ចំ​រថយន្ដ​នោះផ្នែក​ខាងក្រោយ​ពេញទំហឹង​បណ្ដាលឲ្យ​រង​នូវការខូចខាត​។ តែ​សំណាង​ ហេតុការណ៍​នេះមិន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់រងរបួស​ទេ​។​

កាលពីពេល​ថ្មីៗ​នេះ​ក៏មាន​ធ្លាក់​ដែក​ចេញពី​អគារ​កម្ពស់ ៤២​ជាន់ ដែល​កំពុង​ដំណើរការ​សាងសង់​នេះ ហើយក៏​ចំ​រថយន្ដនៅក្បែរនោះ បណ្ដាល​ឲ្យ​រង​ការខូចខាត​។​
​ ​
លើក​នេះ ក្រោយ​ហេតុការណ៍​ចុងក្រោយ កាលពី​រសៀល​ថ្ងៃទី​២០​វិច្ឆិកា អភិបាល​រាជធានីភ្នំពេញ លោក ឃួ​ង ស្រេង បានចេញ​បញ្ជា​ឲ្យ​ផ្អាក​ការដ្ឋាន​សំណង់ នៅ​អគារ​កម្ពស់ ៤២​ជាន់ ជា​បណ្តោះអាសន្ន​។ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ ក៏បាន​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែងនៅ​កន្លែងកើតហេតុ និង​នៅក្នុង​អគារ ដើម្បី​មាន​ចំណាត់​ការបន្ត​។​

​ក្រៅតែពី​ការដ្ឋាន​សំណង់​អគារ ៤២​ជាន់ ដែលមាន​ហេតុការណ៍​ធ្លាក់​ដែកមកលើ​ផ្លូវ​នេះ កាលពី​ពេល​ថ្មីៗ​នេះ ក៏មាន​ហេតុការណ៍​ធ្លាក់​ដែក​ពី​ការដ្ឋាន​សំណង់ បណ្តាល​ឲ្យ​ត្រូវ​មនុស្ស​ស្លាប់ ក្នុង​ខណ្ឌចំការមន និង​នៅ​ការដ្ឋាន​ដី​អតីត​ពហុ​កីឡដ្ឋាន​ជាតិ​នៅ​ចំណុច​រង្វង់​មូល​នាង​គ​ង្ហី​ង ផងដែរ​។​
​ ​
​យ៉ាងណាក៏ដោយ​ការដ្ឋាន​សំណង់​ទាំងនោះ ជា​សំណង់​ខ្ពស់ៗ ហើយក៏​មាន​ដាក់​របាំង និងសំណាញ់​ការពារ​ដែរ​។ តែ​អាចមកពី​កត្តា​គ្រោះថ្នាក់​ជាយថាហេតុ ឬក៏​មកពី​ការធ្វេសប្រហែសរបស់​ជាង ក៏​បណ្តាល​ឲ្យ​កើតហេតុ​ការណ៍​អាក្រក់​នេះ​។​
​ ​
​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​មន្ត្រី​ជំនាញ​ខាង​សំណង់ គួរតែ​ណែនាំ​ដល់​ម្ចាស់​ការដ្ឋាន និង​ក្រុមអ្នកម៉ៅការ​សាងសង់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ពិសេស​ការដ្ឋាន​នៅជាប់​ផ្លូវ​ដោយ​ហ៊ុមព័ទ្ធការដ្ឋាន ដាក់​សំណាញ់ របាំង​តង់​កៅស៊ូរឹងមាំ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ឈើ ដែក ឥដ្ឋ ហើយ​សូម្បីតែ​ទឹក ក៏​មិនត្រូវ​ខ្ទាត​ធ្លាក់​មកលើ​ផ្លូវ ឬ​ផ្ទះ​អ្នកជិតខាង​ឡើយ​។​
​ ​
ម្យ៉ាងទៀត​ម្ចាស់​ការដ្ឋាន និង​ជាពិសេស​អ្នកម៉ៅការ​សំណង់ ក៏​គួរតែ​បង្កើន​ការប្រុងប្រយ័ត្នថែមទៀត កុំ​ឲ្យ​ហេតុការណ៍​ដដែលៗកើតឡើង ព្រោះថា បើ​ធ្លាក់​ដែក ធ្លាក់​ឈើ​ធ្លាក់​បង្កគ្រោះថ្នាក់ ដូច​ការដ្ឋាន​សំណង់ ៤២​ជាន់​នេះ គឺ​អ្នកបង្កត្រូវ​ទទួលខុសត្រូវ សង​សំណង​ផង និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ថែមទៀត​។ រីឯ​ការងារ​នៅ​ការដ្ឋានក៏ត្រូវ​ផ្អាក​ដែរ​។​
​ ​
សរុបមក ទាំង​អាជ្ញាធរ​សមត្ថកិច្ច ក៏ដូចជា​ម្ចាស់​សំណង់ និង​អ្នកម៉ៅការ​សាងសង់ គួរតែ​បង្កើនការទទួលខុសត្រូវ ព្រោះ​អាយុជីវិត​មនុស្ស​សំខាន់​ណាស់​។ មិនអាច​ស្លាប់​ថ្ងៃនេះ​ថ្ងៃស្អែក​រស់ឡើងវិញ​ទេ​។ លើក​នេះសំណាង​ហើយ មិនមាន​អ្នករបួស ឬ​ស្លាប់ ចុះបើ​លើក​ក្រោយធ្លាក់​ដែក​ចំ​អ្នកដំណើរ​វិញ តើន​រណា​ទទួលខុសត្រូវ​?៕ ដោយៈ ម៉េង​ឆៃ​/Ha