គួរតែ​នាំគ្នាថែរក្សា​ការពារ បែរជា​លួច​ដាក់​អន្ទាក់​ទៅវិញ​!

180
ចែករម្លែក

​កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៩ មាន​ការថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ពី​សត្វ​ទន្សោង មួយ​ហ្វ៊ូ​ង បានបង្ហាញ​ខ្លួន​ជិត ១០០​ក្បាល នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ ស្រាប់តែ នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុម​អភិរក្ស​បាន​ប្រទះឃើញ​សត្វ​ទន្សោង​ឈ្មោល ជំទង់ ០១​ក្បាល មាន​របួស​ជើង ដោយសារ​ជាប់អន្ទាក់​។ កន្លែង​ដាក់​អន្ទាក់​សត្វ ទន្សោង​នោះ ស្ថិតនៅ​ក្នុងព្រៃ​សហគមន៍​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​
​ ​
ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត បាន​ជួយសង្គ្រោះ​សត្វ​ទន្សោង ដែល​ជាប់អន្ទាក់​នោះ​ដោយ បាន​កាត់​ខ្សែ​អន្ទាក់ ដែល​ជាប់ជើង និង​បាន​ចាក់​ថ្នាំ រួច​ដោះលែង ឲ្យ​មាន​សេរីភាព នៅក្នុង​ព្រៃ​សហគមន៍​នោះ​វិញ​ហើយ​។​
​ ​
ជាមួយគ្នា​នោះ ក្រុម​រដ្ឋបាល​ព្រៃឈើ​ភ្នំ​តា​ម៉ៅ ដែលមាន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ រួម​នឹង​សហគមន៍​ប្រាំ​មុម បាន​ចុះ​ស្វែងរក​តំបន់ ដែលមាន​អន្ទាក់​ហើយ​បាន​ដក អន្ទាក់​ចំនួន ២៨​។​
​ ​
គេ​នៅ​ចាំបាន​ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន គឺមាន​បុរស​អ្នក​នៅ​ភ្នំពេញ​ម្នាក់ បាន​បើកឡាន ចូលទៅ​បរបាញ់ បាន​សត្វ​ទន្សោង ឬ​គោព្រៃ នៅក្នុង​ព្រៃ នៅ​ខេត្តកំពង់ស្ពឺ​។ បុរស​នោះ បាន​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ហើយ​ក្រោយមក ក៏​ឈានដល់​ការឃាត់ខ្លួន​បុរស​ជនល្មើស បំផ្លាញ​សត្វ​កម្រ​នេះ​។​
​ ​
លើក​នេះ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ គឺ​ប៉ុន្មាន​ថ្ងៃក្រោយ​មានការ​បង្ហោះ ផ្សព្វផ្សាយ​ពី​ហ្វ៊ូ​ង​សត្វ​ទន្សោង នៅក្នុង​ព្រៃ នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ លោក នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បាន​ជិះឡាន​ស្កាត់​ពី​ភ្នំពេញ ចូល​ព្រៃ ដើរ​ឡើង​ភ្នំ ដើម្បី​ទៅ​មើល​ហ្វ៊ូ​ង​សត្វ​ទន្សោង ទាំងនោះ​។​
​ ​
​ដោយ​ជួប​អាជ្ញាធរ​សមត្ថកិច្ច រួមទាំង​ទាហាន ដែល​យាម​នៅ​តំបន់ ដែល​ហ្វ៊ូ​ង​សត្វ ទន្សោង​បង្ហាញខ្លួន​ក្នុងព្រៃ​នោះ លោក នួន សុខា​វី ក៏បាន​ប្រកាស សូម​សម្តេច​តេ​ជោ មេត្តាជួយ​ថែរក្សា​ភ្នំ និង​ព្រៃឈើ ដើម្បី «​អភិរក្ស​សត្វ​ទន្សោង​» របស់​ជាតិ​យើង​ផង​។ ទន្សោង បានបង្ហាញ​ខ្លួន​ជិត ១០០​ក្បាល នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​
​ ​
​ជាការ​ពិត ព្រានព្រៃ នៅពេល​ដឹង​ដំណឹង​ពី​ការបង្ហាញ​ខ្លួន​របស់​ស​ត្វ​ទន្សោង​ដែលជា សត្វ​កម្រ ស្ទើរ​ផុត​ពូជ នៅ​កម្ពុជា បែរជា​នាំគ្នា​ដាក់​អន្ទាក់​ចាប់​សត្វ​ទាំងនោះ​ទៅវិញ​។ នេះ​គឺជា​ការគិត​ខ្លី​មួយ ពោលគឺ​បើ​ចាប់បាន​ទ​ន្សោ​យ​ទាំងនោះ គឺ​ត្រូវ​កាប់សម្លាប់ ហើយ​យក​សាច់​ទៅ​លក់ ឬ​ទៅ​បរិភោគ បាន​ចំអែត​តែមួយ​ពេល ហើយ​បើ​ថា​លក់ គឺ​បាន​លុយ​តែ​ប៉ុន្មាន​សិប​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ផ្ទុយទៅវិញ បើសិនជា​ព្រានព្រៃ រួមទាំង​ប្រជាជន​នៅ​សហគមន៍​នោះ ឈប់​ចាប់​សត្វ ហើយ​មិនចាំបាច់​ដល់​ថ្នាក់​ចិញ្ចឹម ឲ្យ​ចំណី​សត្វព្រៃ ទន្សោង​ទាំង​នោះទេ ក៏​ពួកគាត់​ក្នុង​សហគមន៍​អាច​រកលុយ​បាន ដោយ​ងាយ តាមរយៈ​ការនាំ​ផ្លូវ​អ្នកទេសចរ ជាតិ និង​អន្តរជាតិ ចូល​ព្រៃ​មើល​សត្វ ដ៏​កម្រ​ទាំងនោះ​។​
​ ​
​ម្យ៉ាងទៀត អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ទាហាន ដែល​ឈរជើង​ការពារ​តំបន់​សត្វ ទន្សោង ក្នុងព្រៃ ដូចដែល​លោក​ប្រធាន​គណបក្ស​ពន្លឺ​ថ្មី បាន​ថត​បង្ហោះ​ដោយមាន ទាំង​ផ្តល់​អំណោយ​ជា​លុយកាក់​ដល់​ទាហាន​ទាំងនោះ​ផង ក៏​គួរតែ​ដាក់​វេន​គ្នា ឈរជើង យាម​ប្រចាំការ ដើម្បី​កុំ​ឲ្យ​ជនល្មើស លួច​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​។ អាជ្ញាធរខេត្ត ស្រុក មន្ទីរ​ពាក់ព័ន្ធ ក៏​គួរតែ​បង្កើន​ការអប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាជន ឲ្យ​ចូលរួម​ថែរក្សា ការពារ និង​ឈប់​បរបាញ់ ហើយ​រៀបចំ​ដំណើរ​កម្សាន្ត​ផ្សងព្រេង ចូល​ព្រៃ មើល​សត្វព្រៃ ដើម្បី បាន​ចំណូលចិត្ត​ជីវភាព​គ្រួសារ​ក្នុង​សហគមន៍​។​
​ ​
​ជាមួយគ្នា​នោះ អាជ្ញាធរខេត្ត​កំពង់ស្ពឺ ពិសេស​មន្ទីរ​បរិស្ថាន និង​មន្ទីរ​ទេសចរណ៍ រួមទាំង​អាជ្ញាធរ​ស្រុក ឃុំ​ភូមិ និង​ប្រជា​សហគមន៍ ក៏​គួរតែ​រួមគ្នា ផ្តល់​ការឧបត្ថម្ភ ដល់​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ ពិសេស​ទាហាន​ឈរជើង​នៅ​តំបន់​សត្វ​ទន្សោង​ទាំងនោះ ដើម្បី​ឲ្យ​គ្នា​មាន​ទឹកចិត្ត បន្តការងារ ទប់ស្កាត់ និង​បង្ក្រាប​ជនល្មើស លួច​លប​ដាក់ អន្ទាក់ និង​បរបាញ់​សត្វព្រៃ ដែលជា​សត្វ​កម្រ​។ អ្នក​ទទួលទាន​សាច់​សត្វព្រៃ​ក៏ត្រូវ​តែ ឈប់​ទទួលទាន ព្រោះថា បើ​មិនមាន​អ្នកទិញ អ្នក​ទទួលទាន នោះ​អ្នក​ទៅ​ចាប់ ទៅ​បាញ់សម្លាប់​សត្វព្រៃ ក៏​មិនដឹង​យកទៅលក់​នៅឯណា​ដែរ​៕ ដោយ​៖ ម៉េង​ឆៃ​

#